FN ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងដំណើរអញ្ជើញមកកាន់ខេត្តកោះកុង ដើម្បីត្រៀមអញ្ជើញចូលរួមបើក ក្នុងពិធិបុណ្យសមុទ្រនៅថ្ងៃស្អែកនោះ នៅព្រឹកនេះ សម្តេចទាំងទ្វេក៏បានអញ្ជើញទស្សនាពិព័រណ៍រូបថត និងប្លង់គម្រោងអភិវឌ្ឍន៍ នៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុនចិន។
នាឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញតាមដានទស្សនា និងស្តាប់ដោយយកចិត្តទុកដាក់ពីម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះ។ តាមរយៈការធ្វើបទបង្ហាញ នៅទីនេះ គឺបាន និងកំពុងមានគម្រោងវិនិយោគធំៗជាច្រើន ដូចជាព្រលានយន្តហោះ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ ទីលានវាយកូនគោល អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសួនកំសាន្តខ្នាតអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍ នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ថែមទៀតមកកាន់កម្ពុជា។
បន្ទាប់ពីតាមដានទស្សនា ដោយយកចិត្តទុកដាក់អំពីគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគររួចហើយ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអញ្ជើញពិសារអាហារថ្ងៃត្រង់ ដែលរៀបចំដោយក្រុមហ៊ុនចិន មុននឹងអញ្ជើញធ្វើដំណើរឆ្ពោះទីកាន់ទីរួមខេត្តកោះកុង ដើម្បីត្រៀអញ្ជើញបើកពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃស្អែកនេះ៕