FN ៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា សិស្សមានពិការភាព គ្រប់ប្រភេទសរុបចំនួន ៦០,៦១០នាក់ និងបុគ្គលិកអប់រំដែលមានពិការភាពចំនួន ១,២៥២នាក់ បាននឹងកំពុងរៀន នៅគ្រប់កម្រិតសិក្សា និងធ្វើការដោយមិនមានការរើសអើង។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធី ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្នុងឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិ ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» ដែលបានប្រារព្ធរៀបចំយ៉ាងឱឡារិក នៅសាលមហោស្រពកោះពេជ្រ ។
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា រាជរដ្ឋាភិបាលបានទទួលស្គាល់សិទ្ធិរបស់ជនមានពិការភាពផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេ ហើយតែងតែបានគិតគូដល់ការផ្ដល់កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនមានពិការភាព៣១៧ តាកែន កោះស្លាខេត្តកំពត នៅស្រុកគូលែនខេត្តសៀមរាប និងនៅភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់ លំនៅដ្ឋានប្រកបអាជីវកម្ម និងកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅតាមសហគមន៍ បានកាន់តែប្រសើរជាលំដាប់។
លោកបានបន្តថា ដោយឡែកសិស្សមានពិការភាពគ្រប់ប្រភេទ សរុបចំនួន៦០,៦១០នាក់ ដែលបាននឹងកំពុងរៀននៅ គ្រប់កម្រិតសិក្សាដោយមិនមានការរើសអើង និងបុគ្គលិកអប់រំដែល មានពិការភាពមានចំនួន ១,២៥២នាក់ ស្រី៣៤២នាក់។ ក្រៅពីនេះសិស្សពិការភ្នែកនិងគ-ថ្លង់ ចំនួន១,៤៣៣នាក់ បានកំពុងសិក្សានៅថ្នាក់អប់រំពិសេស ថ្នាក់សមាហរណកម្ម ថ្នាក់អប់រំមូលដ្ឋាន ថ្នាក់អប់រំក្រៅប្រព័ន្ធនៃកម្មវិធីអភិវឌ្ឍមនុស្សគ-ថ្លង់ អង្គការគ្រួសារថ្មី។
ជាមួយគ្នានេះ អគារសិក្សាចំនួន៨,២០០ បានរៀបចំឲ្យមានជំរាលសម្រាប់សិស្សមានពិការភាពទាំងនៅទីជនបទ និងនៅទីក្រុង ដែលជាការបង្ករលក្ខណៈងាយស្រួលដល់សិស្សមានពិការភាព ឲ្យទទួលបានការសិក្សាអប់រំរហូតដល់កម្រិត ឧត្តមសិក្សា។ យុវជនមានពិការភាព ក៏ត្រូវបានលើកទឹកចិត្តឲ្យទៅចូលរួមប្រកួតប្រជែង ជាសកលជាមួយយុវជនមានពិការភាព ក្នុងតំបន់ និងក្នុងពិភពលោក ព្រមទាំងបាននាំមកនូវមេដាយ ដែលជាកិត្តិយសសម្រាប់ ប្រទេសជាតិនិងសង្គមជាតិទាំងមូលទៀតផង។
បើតាមលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក្នុងវិស័យកីឡា រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់គិតគូរដល់ បងប្អូនមានពិការភាពផងដែរ ដោយគិតចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ឆ្នាំ២០១៨ កន្លងមកនេះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជូនកុមារពិការសតិបញ្ញាកម្ពុជា ទៅចូលរួមការប្រគួត ជាលក្ខណៈអន្តរជាតិ បានទទួលមេដាយសរុបចំនួន ៤១គ្រឿង ក្នុងនោះមានមេដាយមាស ៣គ្រឿង មេដាយប្រាក់ ៣៤គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង។ ទន្ទឹមនឹងនេះ ក៏បានចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៧ នៅប្រទេសភូមា ទទួលបានមេដាយសរុប ៣២គ្រឿង ក្នុងនោះមេដាយមាស៤គ្រឿង មេដាយប្រាក់១១គ្រឿង និងមេដាយសំរិទ្ធ១៧គ្រឿង និងបានចូលរួមប្រកួតផ្នែកព័ត៌មានវិទ្យាថ្នាក់អន្តរជាតិចំនួន៣លើក ដោយទទួលបានមេដាយចំនួនសរុប ១៥គ្រឿងផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ទិវាជនមានពិការភាពអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើង ដើម្បីរម្លឹកឡើងវិញ អំពីការតស៊ូទាមទារនូវសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាព ប្រមាណ១.៥ប៊ីលាននាក់ នៅក្នុងពិភពលោក ដែលបាត់បង់កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិត ចាប់តាំងពីទសវត្សរ៍ ឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក និងនៅអឺរុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណង បង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាព និងការធ្វើសមាហរណកម្ម ជនមានពិការភាពលើគ្រប់សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។
ដោយឡែក ចំពោះព្រះរាជាណាចក្រកម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះឡើងគឺ ដើម្បីរម្លឹកអំពីមហាវិនាសកម្ម កើតឡើងដោយសារសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាក ជាច្រើនរួមមាន៖ ស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបន្សល់នូវ គ្រាប់មីននិងកាកសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាមរាប់សែនតោន។ នេះជាសោកនាដ្ឋកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការ ទម្លាក់គ្រាប់បែករាប់លានតោន ហើយធ្វើឲ្យរបួស ពិការ ស្លាប់ រាប់លាននាក់ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកបានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យនេះ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល កម្ពុជាសម្រេចបានការងារជាច្រើនរួមមាន៖
១៖ បានជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ ដោយកំណត់អាត្រា និងបែបបទនៃការជ្រើសរើសជនពិការ ឱ្យចូលបម្រើការងារតាមស្ថាប័នរដ្ឋ និងឯកជន។ ជាក់ស្តែងក្នុងឆ្នាំ២០១៨ ជនមានពិការភាពសរុបចំនួន ២.៨៣៩នាក់ ក្នុងនោះជនពិការកម្រិតធ្ងន់មានចំនួន ១.៤៧៨នាក់ បានចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ចំណែក វិស័យឯកជនចំនួន៧៧ មានជនពិការចំនួន ៣.០៥៥នាក់ បាននិងកំពុងបម្រើការងារ។ សរុបទាំងរដ្ឋ និងឯកជនមានចំនួនប្រមាណ ៥.៨៩៤នាក់។
២៖ បានបើកផ្តល់របបគោលនយោបាយ ចំពោះជនមានពិការភាព ក្រីក្រនៅតាមសហគមន៍ បច្ចុប្បន្នជនមានពិការភាពក្នុងខេត្តចំនួន៧ មាន៖ ខេត្តកណ្តាល ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ចាម ប៉ៃលិន និងខេត្តបាត់ដំបង ដែលជនមានពិការភាពសរុប ១០.៣៥៣ នាក់ ដែលបានទទួលប័ណ្ណសង្គមកិច្ច និងថវិការបបឧបត្ថម្ភគោលនយោបាយ។ ជនមានពិការភាពចំនួន ២.៤១២នាក់ បានទទួលរបបគោលនយោបាយ សម្រាប់ជនមានពិការភាពក្រីក្រផ្នែកថែទាំសុខភាព។
៣៖ បន្តនិរន្តរភាពលើសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ដល់ជនមានពិការភាព។ ជារៀងរាល់ឆ្នាំ ជនពិការប្រមាណ ២៨.០០០នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាគ្រប់ប្រភេទ ដោយឥតគិតថ្លៃ។ សេវានេះបានឆ្លើយតប ទៅនឹងតម្រូវការរបស់ជនមានពិការភាពទាំងបរិមាណ និងគុណភាព។
៤៖ បានសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនអតីតយុទ្ធជនពិការ តាមសហគមន៍បានរាប់រយខ្នង និងកំពុងអនុវត្តគោលនយោបាយ ស្តីពីការផ្តល់ដីសម្បទាន សង្គមកិច្ច ដល់កងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងអតីតយុទ្ធជនរាប់ពាន់គ្រួសារ ព្រមទាំងបាន បង្កើនប្រាក់ថ្លៃអាហារដល់អតីតយុទ្ធជន និងយោធិនពិការផងដែរ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានផ្ញើសារអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិ លើកទី៣៦។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិធីនេះត្រូវប្រារព្ធឡើង ដើម្បីបង្កើន ការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតលើការបង្កលក្ខណៈងាយស្រួល ដល់ជនពិការនូវលទ្ធភាពប្រើប្រាស់បាននៅតាមទីសាធារណៈ និងឯកជន ក៏ដូចជាការបំផុសឲ្យគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជនអនុវត្តការជ្រើសរើសជនពិការឲ្យចូលបម្រើការងារ ការហ្វឹកហ្វឺនបផ្នែកផ្សេងៗជាច្រើន។
សម្តេចបានសំណូមពរ សូមឲ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន បន្តលើកទឹកចិត្តដល់ជនពិការ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញមុខងារ និងតួនាទីទទួលខុសត្រូវ ក្នុងមុខតំណែង ឲ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី ជាដើម៕