FN ៖ ជាមួយការបង្ហាញដំណឹងក្នុងការដឹកនាំគណៈប្រតិភូត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៣ថ្ងៃនៅប្រទេសសិង្ហបុរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គ្មានទេពាក្យថានឿយហត់ ឬលំបាកសម្រាប់សម្តេច ហើយសម្តេចពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងប្រជាជនឲ្យរស់នៅដោយសុខសប្បាយក្នុងសុខសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើ Facebook នៅព្រឹកថ្ងៃនេះថា «ព្រឹក១៦ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូវិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាកព័ន្ឋនានាអស់ពេល៣ថ្ងៃ (១៣ -១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះខ្ញុំគឺគ្មានទេពាក្យថាហត់នឿយឬលំបាកនោះ។ ខ្ញុំពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅសុខសប្បាយក្នុងសុខសន្តិភាព»។
សម្តេចតេជោ បានបង្ហាញបញ្ជាក់ផងដែរពីលទ្ធផលទទួលបានពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា «ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» គឺជាប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី៣៣ ដែលបានទទួលលទ្ធផលវិជ្ជមានល្អទាំងសម្រាប់កម្ពុជានិងប្រទេសសមាជិកអាស៊ានទាំងមូល»។
សម្តេចប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ពិតណាស់ ប្រទេសមួយមិនអាចសម្រេចកិច្ចការធំៗដោយប្រសិទ្ឋភាពបានទាំងស្រុងឡើយ គឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរឲ្យទាន់តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។
សម្តេចតេជោបានបញ្ជាក់ថែមទៀតថា តាមការគ្រោងទុកសម្តេចនឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោង ១១៖០០ព្រឹកថ្ងៃដដែលនេះ៕