FN ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាន តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលនានា សម្រាប់យុវជន និងនិស្សិតអាស៊ាន។ សម្តេចតេជោ ក៏បានថ្លែងស្វាគមន៍ក្នុងការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ទា និងសង្ឃឹមថា នឹងមានសកម្មភាព និងគម្រោងនានា ដើម្បីពង្រឹងនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏ដូចជាលំហូរទេសចរនៃតំបន់យើងទាំងពីរ។
ការថ្លែងវាយតម្លៃ និងកោតសរសើរចំពោះឆន្ទៈរបស់ឥណ្ឌា ក្នុងការពង្រឹងចំណងមិត្តភាពជាមួយអាស៊ាននេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន រួមនិងមេដឹកនាំអាស៊ានដទៃទៀត បានបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ទា ជាមួយលោក ណារិនដ្រា មូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះនៅក្នុងប្រទេសសិង្ហបុរី។
ក្នុងកិច្ចប្រជុំនោះមេដឹកនាំនៃប្រទេសអាស៊ាន បានស្វាគមន៍ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ទា កាលពីខែ មករា ឆ្នាំ២០១៨ នៅទីក្រុងញូវដេលី។ ជាពិសេសការអនុម័តសេចក្តីថ្លែងការណ៍ដែលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ទា។ ក្រោមក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ទា មេដឹកនាំទាំងអស់ បានអះអាងថា បានសម្រេចនូវ សមិទ្ធផលជាផ្លែផ្កាជាច្រើនលើគ្រប់វិស័យ ដែលបានរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរ ភាព និងវិបុលភាពក្នុងតំបន់។
មេដឹកនាំអាស៊ាន និងឥណ្ឌា បានសំដែងនូវការមិនពេញចិត្តលើវិស័យសេដ្ឋកិច្ច នៃតំបន់ទាំងពីរអាស៊ាន-ឥណ្ទា ដែលទើបសម្រេចបាននូវទំហំពាណិជ្ជកម្មត្រឹម តែ ៧៣,៥ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៧ ពោលគឺតិចជាងពាក់កណ្តាលនៃគោលដៅ ពាណិជ្ជកម្មដែលអាស៊ាននិងឥណ្ឌា បានកំណត់ថា នឹងសម្រេចឲ្យបានចំនួន ២០០ប៊ីលានលានដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២០។
មេដឹកនាំអាស៊ាន-ឥណ្ឌា បានសន្យារួមគ្នាថា យើងត្រូវខិតខំ រួមគ្នាបន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឲ្យកាន់តែច្រើននិងទូលំទូលាយ តាមរយះការពង្រឹងនិងពង្រីកសកម្មភាពធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម ក្នុងវិស័យដែលមាន សក្តានុពល ដូចជា កសិ-ឧស្សាហកម្ម ទេសចរណ៍ ផលិតផលឱសថ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាដើម។
នៅក្នុងពិធីពិសារពេលព្រឹកការងារ នៃកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ទា ក្រោមប្រធានបទការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ទា និងទិសដៅអនាគតនោះ មេដឹកនាំអាស៊ាន-ឥណ្ទា បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំក្រៅផ្លូវការ អាហារពេលព្រឹកអាស៊ាន-ឥណ្ទា ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត៕