FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការគាំទ្រទាំងស្រុងចំពោះសំណើរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌឺមៀ ពូទីន ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៉ី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្ត្រ។
ការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ីលើកទី៣ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
កិច្ចប្រជុំដ៏សំខាន់មួយនេះ មានការយាង និងអញ្ជើញចូលរួមពីមេដឹកនាំអាស៊ានទាំង១០ និងលោកប្រធានាធិបតីរុស្ស៉ីផងដែរ។ បណ្តាមេដឹកនាំអាស៊ានបានចាត់ទុកថា វត្តមានប្រធានាធិបតីរុស្ស៉ី មិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រុស្សី ចំពោះទំនាក់ទំនងអាស៊ាន-រុស្សី ប៉ុណ្ណោះទេ ប៉ុន្តែបានរឹតចំណងទាក់ទងឲ្យកាន់តែស្អិតរមួត និងស៊ីជំរៅថែមទៀត។
ថ្លែងបទអន្តរាគមន៍ទៅកាន់បណ្តាមេដឹកនាំអាស៊ាន-រុស្សី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សំគាល់ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៉ី។ ជាពិសេសបន្ទាប់ពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្សី កាលពីឆ្នាំ២០១៦ នៅទីក្រុសូឈី សហព័ន្ធរុស្ស៉ី។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភសាពគ្រប់ជ្រុងជ្រោយអាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ដែរថា គួររៀបចំឲ្យមាននូវកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្ស៉ី ឲ្យបានទៀងទាត់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-រុស្សី ឲ្យកាន់តែស៊ីជំរៅ។
«កម្ពុជាគាំទ្រចំពោះសំណើររបស់រុស្សី ក្នុងការដំឡើងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត។ ជាមួយនិងភាពមិនប្រាកដប្រជាពីឥទ្ធិពលនៃសង្រ្គាមពាណិជ្ជកម្ម ក៏ដូចជាការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានមួយចំនួន បានឈានដល់ជិតទីបញ្ចប់នោះ កម្ពុជាយល់ឃើញថា ការសិក្សាសមិទ្ធិលទ្ធផលរួម នៃតំបន់ពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអីរ៉ាស៊ី គួរត្រូវបានចាប់ផ្តើម និងជំរុញបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣នោះដែរ មេដឹកនាំអាស៊ាននិងរុស្សី បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន-រុស្សី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខព័ត៌មាន ទំនាក់ទំនងនិងបច្ចេកវិទ្យា និងក្នុងការប្រើ ប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។
សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន រុស្សី ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងសូឈី ឆ្នាំ២០១៦ និងផែនការសកម្មភាពទូលំទូលាយរវាងអាស៊ាន និងសហព័ន្ធរុស្សី ឆ្នាំ២០១៦-២០២០។ អនុស្សារណៈ នៃការយោគយល់គ្នារវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសហព័ណ្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ អនុស្សារណៈនៃការយោគយល់គ្នា រវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងគណះកម្មការសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (អឺរ៉ាស៊ី-Eurasain) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
បន្ទាប់មកបណ្តាមេដឹកនាំអាស៊ាន និងអឺរ៉ុប បានយាង និងអញ្ជើញជាសាក្សី នៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងអាស៊ាន ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការនៃគណះកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី៕