FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក៏បានអញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយលោកស្រី មីសែល បាសែឡែត (Michelle Bachelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ នៅក្នុងទីក្រុងក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាង UN និងកម្ពុជា មុននឹងវាយតម្លៃពីសិទ្ធិមនុស្សកម្ពុជា ទាំងមិនបានសហការជាមួយគ្នា និងមិនបាននិយាយជាមួយគ្នាជាមុន។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើទោះបីយើងមានគោលជំហរខុសគ្នា ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយអង្គការសហប្រជាជាតិទៅលើបញ្ហាសិទ្ធិមនុស្ស នៅតែបន្តទៅមុខទៀត ពិសេសការបន្តនូវអាណត្តិ២ឆ្នាំទៅមុខទៀតរបស់ការិយាល័យសិទ្ធមនុស្សប្រចាំកម្ពុជា។ សម្តេចតេជោ បានស្នើឲ្យមានកិច្ចសហការលើបញ្ហាសិទ្ធិមនុស្សរវាងអង្គការសហប្រជាជាតិ ជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាឲ្យបានច្បាស់ មុននឹងការវាយតម្លៃ ដែលមិនបានធ្វើការសហការគ្នា និងមិនបាននិយាយជាមួយគ្នាជាមុននោះ»។
ក្នុងជំនួបដ៏កម្រនោះ លោកស្រី មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធមនុស្ស បានលើកឡើងថា ការិយាល័យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា គឺជាការិយាល័យដែលមានវ័យចំណាស់ជាងគេ។ តាមរយៈលោកស្រី សូមអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានបន្តអាណត្តិការិយាល័យរបស់ខ្លួន រយៈពេល២ឆ្នាំ ក្នុងប្រទេសកម្ពុជា។
លោកស្រីបានធ្វើការកត់សំគាល់ ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា លើវិស័យសិទ្ធិមនុស្ស ពិសេសសិទ្ធិរបស់ស្រ្តី កុមារ កម្មករ កម្មការិនី អប់រំ និងការមិនរើសអើង។ លោកស្រីក៏បានទទួលស្គាល់ដែរថា បើទោះបីជាប្រទេសទាំងអស់ មានការរីកចម្រើនយ៉ាងណា ក៏នៅមានបញ្ហាប្រឈមទៅនឹងចំណុចផ្សេងៗផងដែរ។ តាមរយៈចំណុចល្អ របស់កម្ពុជាលោកស្រី បានលើកឡើងថា លោកស្រីនឹងបញ្ចូលទៅក្នុងរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្ស ស្តីពីកម្ពុជា។
លោកស្រី មីសែល បាសែឡែត បានសង្កត់ធ្ងន់ថា អ្វីដែលឧត្តមស្នងការសិទ្ធមនុស្សរបស់លោកស្រីអាចជួយបាន លោកស្រីនឹងបន្តសហការ និងផ្តល់នូវការគាំទ្រដល់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្តេចបានធ្វើទស្សនកិច្ចនៅទីស្នាក់កណ្តាលពីរ របស់អង្គការសហប្រជាជាតិ ក្នុងនោះទី១៖ នៅទីស្នាក់ការកណ្តាល របស់ឧត្តមស្នងការអង្គកាពាណិជ្ជកម្មពិភពលោក និងទី២៖ នៅទីស្នាក់ការកណ្តាលរបស់ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ បើទោះបីជាការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ពិតជាមានលក្ខណៈពិសេសនោះ សម្តេចតេជោ សូមអញ្ជើញលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា តាមពេលវេលាសមស្រប៕