FN ៖ ដោយឡែកបន្ទាប់ពីបញ្ចប់ ក្នុងជំនួបទ្វេភាគីជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកហើយនោះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ចូលជួបពិភាក្សាការងារ។
ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយ ដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស បន្ទាប់បីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។
ឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកស្រី អារ៉ាឆា មានថ្លែងថា កន្លងមកលោកស្រីធ្លាប់បានធ្វើ នូវកិច្ចការជាច្រើនជាមួយនឹងប្រទេសកម្ពុជា ពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។
លោកស្រីបន្តថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង ប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឲ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។
សម្តេចតេជោមានប្រសាសន៍អរគុណជូនចំពោះលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំនូវយុទ្ធសាស្រ្ត សម្រាប់ភាពរឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម។
សម្តេចតេជោបន្តថា កន្លងមកសម្តេចបានចូលរួមជួយ ដល់ការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនេះទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ធ្វើយ៉ាងជំរុញកំណើនក្នុងវិស័យនោះកាន់តែរឹងមាំ។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រើគ្រប់វិធីក្នុងការជំរុញដំណើរការ របស់សហគ្រាសធុនតូច និងមធ្យមឲ្យកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាមុន ពិសេសការព្រួយបារម្ភពីការរកទីផ្សារ និងប្រភពទុនជាដើម។
លោកស្រី អារ៉ានឆា បានលើកឡើងថា ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមកាន់តែរឹងមាំ ត្រូវឈរលើកត្តា៤ចំណុចក្នុងនោះទី១៖ ត្រូវធ្វើយ៉ាងណាឲ្យសហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ទី២៖ គុណភាពនៃផលិតផលដើម្បី នាំចេញ, ទី៣៖ ការទទួលបាននូវបន្រភពទុន និងឥណទាន និងទី៤៖ ទាក់ទិនទីផ្សារដែលត្រូវឲ្យមាន ទីផ្សារពិតប្រាកដ ក្នុងការទទួលយកផលិតផលដែលផលិតដោយ SME។
លោកស្រីបន្តថា នៅខែវិច្ឆិកាខាងមុខនេះ លោកស្រីនឹងអញ្ជើញ SME របស់កម្ពុជា ទៅចូលរួមតាំងពិព័រណ៌ នៅទីក្រុងសៀងហៃ ប្រទេសចិន ហើយនៅខែក្រោយនេះដែរ លោកស្រីនឹងធ្វើការអង្កេតពីការប្រឈមរបស់ SME ក្នុងប្រទេសកម្ពុជាថា តើនឹងមានបញ្ហាប្រឈមអ្វីខ្លះ ដើម្បីរិះរកវិធីសាស្រ្តក្នុងការជួយដល់ប្រទេសកម្ពុជា៕