FN ៖ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសរសើរពីភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាប់យកឱកាសឲ្យកម្ពុជា ចូលជាសមាជិករបស់ WTO ដោយទទួលបានជំនួយបច្ចេកទេស ជិត៨លានដុល្លារចន្លោះពីឆ្នាំ២០១០ ដល់២០១៨ ហើយអង្គការនេះសន្យាបន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀត។
ការបញ្ជាក់យ៉ាងដូច្នេះរបស់ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងហ្សឺណែវ ប្រទេសស្វីស នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។
ក្នុងជំនួបពិភាក្សាគ្នានោះ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កម្ពុជាគឺជាប្រទេសដែល មានការអភិវឌ្ឍតិចតួច ប៉ុន្តែគឺជាប្រទេសមួយ ដែលបានក្លាយជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានអនុវត្តដោយជោគជ័យ ក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។
លោកអគ្គនាយកសង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ទីក្រុងហ្សឺណែវ ពិសេសមកកាន់ទីស្នាក់ការណ្តាលរបស់ WTO នៅពេលនេះ គឺមិនមែនជាលើកចុងក្រោយនោះទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កិច្ចសហការវាងកម្ពុជាជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក និងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង ពិសេសសេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបាននូវការអភិវឌ្ឍ និង មានកិច្ចសហប្រតិបត្តិការល្អជាមួយ ប្រទេសដទៃទៀត រួមទាំង WTO ផងដែរ។
សម្តេចតេជោបន្តថា កម្ពុជាបានចូលជាសមាជិករបស់ WTO រយៈពេល១៤ឆ្នាំរួចមកហើយ ក្នុងរយៈពេលនេះ សម្តេចសូមអរគុណចំពោះ WTO សម្រាប់កិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានផ្តល់ជូនដល់ប្រទេសកម្ពុជា។
សម្តេចបន្តថា កន្លងមកកម្ពុជាបានដើរតួនាទីជាប្រទេសសម្របសម្រួលកាលពីឆ្នាំ២០១៧ ហើយនៅឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ កម្ពុជាស្ថិតនៅក្នុងយន្តការត្រីភាគី នៃក្របខណ្ឌនៃ WTO ដោយសង្ឃឹមថា កម្ពុជានឹងបន្តទទួលបាននូវជំនួយពី WTO។
សម្តេចតេជោបន្តថា កន្លងមកកម្ពុជា បានបើកស្ថានបេសកកម្មរបស់ខ្លួន ប្រចាំនៅ WTO បើទោះបីជាខ្លួនស្ថិតក្នុងសេដ្ឋកិច្ចមួយ ដែលមានភាពទន់ខ្សោយក៏ពិតមែន តែកម្ពុជាជម្នះក្នុងការដាក់ឲ្យមានស្ថានឯកអគ្គរាជទូតពាណិជ្ជកម្ម នៅហ្សឺណែវ ដើម្បីជួយសំរួលការងាររវាងកម្ពុជា ជាមួយនឹង WTO។
លោកអគ្គនាយកបានលើកឡើងថា កម្ពុជាមានលក្ខណៈសកម្មរបស់ខ្លួន ពោលក្នុងរយៈពេល១៤ឆ្នាំកន្លងមក ថ្វីត្បិតបើប្រៀបធៀបជាមួយប្រទេសដទៃទៀតនោះ កម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជាប្រទេសទី១ ដែលបានចាត់តាំងឲ្យមាន តំណាងអចិន្រៃ្តយ៍ពាណិជ្ជកម្មរបស់ខ្លួន ប្រចាំ WTO។
លោកក៏បានចាត់ទុកសម្តេចតេជោ គឺជាអ្នកដឹកនាំមួយរូប ដែលមានភាពឈ្លាសវៃ ពីព្រោះថា WTO គឺជាស្ថាប័នមួយដែលផ្តល់នូវការគាំទ្រនូវ ស្មារតី និងជំនួយជាច្រើនដល់សមាជិករបស់ខ្លួន ដែលខុសពីប្រទេសដទៃទៀត មិនបានធ្វើការចាប់អារម្មណ៍យកចិត្តទុកដាក់។
លោកក៏បានកោតសរសើរដល់កម្ពុជាផងដែរ ក្នុងការដើរតួនាទីនៃការកសាងស្ពាន សម្រាប់ប្រទេសផ្សេងទៀត ពិសេសការស្វែងយល់ពីប្រព័ន្ធរបស់ WTO។
លោកអគ្គនាយកបន្តថា បច្ចុប្បន្ននេះ កម្ពុជាមិនមែនស្ថិតនៅក្រៅប្រព័ន្ធនោះទេ ពោលគឺកម្ពុជាស្ថិតនៅក្នុងប្រព័ន្ធនៃ WTO ដែលកម្ពុជាបានស្វែងយល់ និងចាប់យកឱកាសបានច្រើន។
លោកបន្តថា ដោយសាភាពវៃឆ្លាតរបស់កម្ពុជានេះហើយ បានជាកម្ពុជាចាប់យកនូវជំនួយបច្ចេកទេសពី WTO ដែលចំណាយទៅលើការជួយដល់កម្ពុជា មានទឹកប្រាក់ប្រមាណ ៧.៧លានដុល្លារចន្លោះពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ ហើយ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ នៃការកសាងសមត្ថភាពមន្រ្តីមានចំនួនរហូតដល់៤១១នាក់ ជាមន្រ្តីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការបណ្តុះបណ្តាលនៅគ្រប់សកម្មភាពរបស់ WTO។
នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះដែរ សម្តេចតេជោ និងលោកអគ្គនាយក បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនិងសង្រ្គាមពាណិជ្ជកម្មពិភពលោក ពិសេសរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលកំពុងកើនឡើងកំដៅផងដែរ៕