FN ៖ នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដឹកនាំដោយលោក ណៃ សេម ណារត័្ន ជួបសំណេះសំណាល និងទទួលអនុសាសន៍។
លោក ណៃ សេមណារ័ត្ន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា ការចូលរួមនៅក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍លើកនេះមានសមាជិកចំនួន២៩រូប។
លោកបានឲ្យដឹងថា នេះជាលើកទី៤៥ហើយ ដែលនាវាយុវជនអាស៊ីអាគ្នេយ៍នេះចាប់ផ្ដើមមក។ នៅក្នុងដំណើរនេះមានរយៈពេល៥២ថ្ងៃចាប់តាំងពីថ្ងៃទី២៣ តទៅ ដែលចាប់ផ្ដើមដំណើរចេញពីប្រទេសជប៉ុន នឹងធ្វើដំណើរឆ្លងកាត់១១ប្រទេស ឆ្លងកាត់ប្រទេសជប៉ុន ប៊្រុយណេ ប្រទេសហ្វីលីពីន ប្រទេសវៀតណាម ហើយនឹងធ្វើការត្រឡប់ទៅប្រទេសជប៉ុនវិញ។
ក្នុងដំណើរទស្សនកិច្ចនេះតំណាងឱ្យប្រតិទាំងមូលលោក ណៃ សេម ណារ័ត្ន បានគោរពសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី មុននឹងការធ្វើដំណើរចូលរួមជាមួយយុវជនអាស៊ីអាគ្នេយ៍នេះ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូទាំងមូលអំពីប្រវត្តិកម្ពុជាយើងដែលចាប់ផ្ដើមពីការកសាងរាជធានីភ្នំពេញ ដោយសម្ដេចពញ្ញាយ៉ាត មករហូតមកដល់ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញហើយនៅពេលនោះឯង ដែលរាជរដ្ឋាភិបាលបានដាក់ចុះនូវយុទ្ធសាស្រ្តត្រីកោណ ដោយមុំទី១ ធ្វើសន្តិភាវូបនីយកម្ម និងមុំទី២ ធ្វើសមាហរណកម្មចូលក្នុងឆាកអន្តរជាតិ និងមុំទី៣ ឈរលើកត្តាអនុគ្រោះទាំងក្នុង និងក្រៅប្រទេសជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
បន្ទាប់មកសម្ដេច ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូទាំងមូលអំពីមូលហេតុដែលកម្ពុជាយើងដាក់អាទិភាពចូលជាសមាជិកអាស៊ាន នោះគឺផ្អែកលើកត្តា ៤កត្តាទី ១គឺគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង, កត្តាទី២គឺស្មារតីសហគមន៍ នោះគឺអ្វីៗសម្រេចដោយកុងសង់ស៊ីសមិនមែនសម្រេចដោយការបោះឆ្នោត ឬមិនមែនសម្រេចដោយ ការដាក់ទណ្ឌកម្មនោះទេ, ទី៣ ផលប្រយោជន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ កត្តានេះនៅពេលដែលយើងចូលសមាជិកសមាគមន៍អាស៊ានហើយ អាស៊ានមានដៃគូជាច្រើនពេលដែលយើងចូលហើយដៃគូអាស៊ានក៏ជាដៃគូរបស់យើងដែរ រីឯកត្តាទី ៤គឺជាច្រកចេញការទូតរបស់កម្ពុជាយើង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំដល់ប្រតិភូទាំងមូលសូមឲ្យក្នុងការធ្វើដំណើរនេះប្រឹងប្រែងធ្វើយ៉ាងណា រៀបចំខ្លួនជាកូនខ្មែរពិតពិត ព្រោះប្រតិភូទាំងមូលជាតំណាងអោយប្រជាជនខ្មែរប្រមាណ ១៦លាននាក់ដែលនៅពីក្រោយហើយធ្វើយ៉ាងណា កសាងមិត្តឲ្យបានច្រើនដើម្បីថ្ងៃអនាគតទៅអាចក្លាយ ទៅជាដៃគូរសហប្រតិបត្តិការផងដែរ។ សម្ដេចក៏បានជូនពរដល់ចៅៗដែលជាយុវជន នឹងរួមដំណើរក្នុងនាវាយុវជនអាស៊ីអាគ្នេយ៍ជប៉ុននេះឲ្យបានទទួលសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច៕