FN ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅខេត្តស្វាយរៀង។
ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការកុគឹសៃ (KOKUSAI) KJO ប្រធានអង្គការអាស់ប៉េកា និងមន្រ្តីរាជការក្រសួងជាច្រើនរូបទៀត ព្រមទាំងប្រធានមន្ទីរក្រសួងសង្គមកិច្ច និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមាណជាង ៥០០នាក់។
ឆ្លៀតនាឱកាសនោះផងដែរលោក លោក វង សូត បានសម្តែងនូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជា អង្គការកុគឹសៃ (KOKUSAI) KJO និងក្រុមការងារ ដែលបានសហការនាំយកនូវអំណោយជាកង់ចំនួន៤០០គ្រឿង ចែកជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតនៅខេត្តស្វាយរៀង ហើយដែលពិតជាមានតម្រូវការដ៏ចាំបាច់នូវកង់ សម្រាប់ជាមធ្យោបាយក្នុងការ ធ្វើដំណើរទៅមកសាលារៀន។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានសន្យាថា នឹងបន្តកិច្ចសហប្រតិបតិ្តការឲ្យកាន់តែជិតស្និទ្ធជាមួយអង្គការកុគឹសៃ (KOKUSAI) KJO និងសប្បុរសជននានា ក្នុងការស្វែងរកកង់ ក៏ដូចជា សម្ភារសិក្សាចំាបាច់ដទៃទៀត មកចែកជូនសិស្សានុសិស្ស ឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រមទាំងផ្តាំផ្ញើឲ្យសិស្សានុសិស្សត្រូវចេះថែរក្សា និងប្រើប្រាស់កង់ទាំងនោះជាប្រយោជន៍ក្នុងការសិក្សា ព្រមទាំងត្រូវខិតខំប្រឹងប្រែងបន្តការ សិក្សារៀនសូត្រ ឲ្យកាន់តែប្រសើរ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ក៏ដូចជាសសរទ្រូងប្រទេសជាតិ នាពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានោះ លោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ក៏បានថ្លែងអំណរគុណ ដល់រដ្ឋមន្ត្រី វង សូត ដែលបានយកចិត្តទុកដាក់ និងបង្កភាពងាយស្រួលស្វែងរកដៃគូរសហការដល់ជំនួយដល់សិស្សានុសិស្ស និងកុមារកំព្រាក្រីក្រ នៅខេត្តស្វាយរៀង។
លោកស្រី គង់ គីណា បានឲ្យដឹងថា ការចែកជូនកង់ចំនួន៤០០គ្រឿង ដល់សិស្សានុសិស្ស និងកុមារកំព្រាក្រីក្រ នៅខេត្តស្វាយរៀង នាពេលនេះ គឺជាអំណោយដ៏មានសារ:សំខាន់ ក្នុងការជួយដល់កុមារក្រីក្រ ដែលគ្មានមធ្យោបាយធ្វើដំណើរទៅសាលារៀន។
លោកស្រីប្រធានមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង ក៏សូមថ្លែងអំណរគុណដល់ អង្គការកុគឹសៃ (KOKUSAI) KJO និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភកង់ចំនួន៤០០គ្រឿងចែកជូនដល់សិស្សានុសិស្ស និងកុមារកំព្រាក្រីក្រ នៅខេត្តស្វាយរៀង នាពេលនេះ៕