FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើចិនបើកចំហទីផ្សារសម្រាប់កសិផលរបស់កម្ពុជាឲ្យកាន់តែធំបន្ថែមទៀត ព្រមទាំងជំរុញអ្នកវិនិយោគចិនមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនផងដែរ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលបានធ្វើនៅរមណីយដ្ឋានលីយ័ន នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។
សម្រាប់ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ដល់ ១,៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៧ និងក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៨នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។
ក្នុងឱកាសជំនួបសំណេះសំណាលនោះ លោក ហាន់ ជឹង បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុកសម្តេចតេជោពីប្រធានាធិបតីចិន លោក ហ្ស៊ី ជីនភីង ហើយបានបញ្ជាក់សាជាថ្មីថា មិត្តភាព និងទំនាក់ទំនងកម្ពុជា-ចិន គឺមានយូរលង់មកហើយ។ លោកបន្តថា ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងគ្រប់ជ្រុងជ្រោយនេះឲ្យកាន់តែរីកចម្រើនទៅមុខ។
លោកឧបនាយករដ្ឋមន្រ្តីចិន ក៏បានសម្តែងការអបអរសាទរសម្តេចតេជោដែលបានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។
លោក ហាន់ ជឹង បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងចិន ជាមិត្តដែកថែបដ៏រឹងមាំ ហើយប្រទេសកម្ពុជា និងចិនជាប្រទេសរឹងមាំកិច្ចសហប្រតិបត្តិការ។ នៅខែមេសាឆ្នាំក្រោយ លោកគ្រោងនឹងអញ្ជើញសម្តេចតេជោ ហ៊ុន សែន ចូលរួមក្មវិធីប្រជុំទាក់ទងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសចិនដែលបានផ្តល់កិត្តិយសដល់កម្ពុជាជាប្រទេសកិត្តិយសនៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់លោកប្រធានាធិបតីចិន ដែលបានផ្តាំផ្ញើសាកសួរសុខទុក និងបានអបអរសាទរចំពោះសម្តេច ដែលបានជាប់ឆ្នោតបន្តដឹកនាំប្រទេសកម្ពុជា៕