FN ៖ បន្ទាប់ពីប្រកាសសមាសភាពរបស់គណៈរដ្ឋមន្ដ្រី សម្រាប់អាណត្តិទី៦ហើយនោះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាប់ផ្ដើមនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅបន្ទប់ប្រជុំគណៈរដ្ឋមន្ដ្រី ជាន់ទី១ នៃវិមានសន្ដិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើការធ្វើកំណែទម្រង់ត្រឹមតែដូរមនុស្ស មិនខុសពីការសម្លាប់ខ្លួននោះទេ, សម្តេចបញ្ជាក់ថា ការធ្វើកំណែទម្រង់មិនមែនទាល់តែ ដូរមនុស្សនោះទេ តែសំខាន់សំដៅលើខ្លឹមសារការងារ និងប្រសិទ្ធភាពការងារវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ធ្វើនយោបាយត្រឹមតែដោះដូរមនុស្សនោះគណបក្សនយោបាយនោះនឹងស្លាប់ ហើយមេដឹកនាំនោះនឹងស្លាប់ដោយឯកោ
* សម្តេចនាយករដ្ឋមន្ត្រីអាណត្តិថ្មីបានថ្លែងថា សម្តេចចាប់ផ្តើមធ្វើការពីមនុស្សតែ៥នាក់ កើនដល់រាប់លាននាក់ ដោយសារតែនយោបាយរក្សាចាស់បង្កើនថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ជោគជ័យសម្រាប់អាណត្តិនេះមិនមែនដោយសារតែសម្តេចម្នាក់ឯងនោះ តែគឺបានមកពីការរួបរួមគ្នារបស់សមាជិក របស់គណបក្សប្រជាជនទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនភ្ញាក់ផ្អើលនោះឡើយ សម្រាប់អ្នកមិនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះសូម្បីតែព្រះពុទ្ធសាសនា និងសាសនានានាទៀត ក៏មិនមានប្រជាពលរដ្ឋជឿទាំងអស់នោះដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើគណបក្សប្រជាជនឈ្នះហើយ បែរជាត្រូវបោះបង់រដ្ឋមន្ត្រីមួយចំនួនចោល គឺជារឿងអគុណធម៌បំផុត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនត្រូវការឈ្នះសមរភូមិតែមួយសមរភូមិនោះទេ តែត្រូវតែឈ្នះគ្រប់សង្គ្រាម តាមរយៈនយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា នយោបាយរក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មីនេះហើយ ទើបធ្វើឲ្យមនុស្សដែលចូលមកនៅជាមួយសម្តេចហើយ គឺមិនងាយចេញទៅវិញនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជោគជ័យមិនសំខាន់លើការដោះដូរនោះទេ តែសំខាន់ដួលកន្លែងណា ត្រូវក្រោកវិញនៅកន្លែងនោះ។ ក្នុងនោះសូម្បីកូនចៅរបស់សម្តេច ក៏សម្តេចទម្លាប់ធ្វើបែបនេះដែរ ពេលពួកគេដួលសម្តេចមិនដែលទៅលើកឡើយ គឺឲ្យគេងើបឡើងដោយខ្លួនឯង។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការរក្សារដ្ឋមន្ត្រីចាស់ ហើយដាក់ក្មេងចូលមកធ្វើការជាមួយ គឺជារឿងចាំបាច់ណាស់។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា មនុស្សដែលមករស់នៅជាមួយសម្តេចហើយ គឺមិនងាយទៅណាទេ តែបើនៅជាមួយសម្តេចមិនកើតហើយ ទៅណាក៏មិនកើតដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅក្នុងរដូវបុណ្យភ្ជុំនេះ សម្តេចនឹងឧបត្ថម្ភដល់មន្ត្រីទាំងអស់និងនិវត្តន៍ជនម្នាក់ៗ ៥ម៉ឺនរៀល ដែលត្រូវចំណាយសរុបប្រមាណ ៣០ពាន់លានរៀល ស្មើនឹង ៧លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះជាសមត្ថភាពមានព្រំដែនកំណត់រៀងៗខ្លួន ប៉ុន្តែចិត្តស្មោះ និងការខិតខំបម្រើប្រជាពលរដ្ឋគ្មានព្រំដែនកំណត់ទេ គ្មានឧបសគ្គណាដែលយើងមិនអាចពុះពារបានឡើយ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋកំពុងរង់ចាំការតបស្នងរបស់រាជរដ្ឋាភិបាល ទៅនឹងការបោះឆ្នោតគាំទ្ររបស់ពួកគាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនត្រូវធ្វើឱ្យប្រជាជនខកចិត្តដោយសារទង្វើអសកម្ម ដោយសារទង្វើខុសឆ្គងរបស់យើងនោះទេ, បើមិនធ្វើអ្វីទេ សូមកុំធ្វើឱ្យប្រជាជនឈឺចាប់ដោយសារទង្វើខុសឆ្គងរបស់មន្រ្តីយើង។