FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅថ្ងៃនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា បើគណបក្សប្រជាជនឈ្នះឆ្នោត សម្តេចនៅតែបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប៉ុន្តែផ្ទុយទៅវិញបើគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោតសម្តេចនឹងមិនមានឱកាស បានចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីទៀតនោះឡើយ។ តែទោះជាយ៉ាងណា សម្តេចនៅតែរំពឹងថា បងប្អូនកម្មករ កម្មការិនី នៅតែបន្តបោះឆ្នោតគាំទ្រសម្តេច បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* តាមរយៈកម្មករ កម្មការិនី ក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនូវការអរគុណដល់ជីដូន ជីតា ឪពុកម្តាយរបស់ពួកគេ ដែលបានប្រឹងរួមគ្នាជួយដល់ជាតិជាមួយរាជរដ្ឋាភិបាល ងើបចេញពីស្ថានភាពដ៏លំបាក។
* សម្តេចតេជោបានថ្លែងថា រថយន្តក្រុងបានដាក់ឲ្យដំណើរការមកដល់ស្រុកអង្គស្នួលហើយ ដូច្នេះកម្មករ កម្មការិនី អាចប្រើសេវារថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញនេះ ដោយឥតគិតថ្លៃយ៉ាងហោចណាស់២ឆ្នាំបន្តទៀត។
* សម្តេចតេជោថ្លែងថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កំពុងពិចារណាតភ្ជាប់រថយន្តក្រុងចេញ ទៅក្រៅរាជធានីភ្នំពេញ ជាពិសេសតាមតំបន់រោងចក្រ ដើម្បីឲ្យកម្មករ កម្មការិនី អាចប្រើរថយន្តក្រុងនេះដោយឥតគិតថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើររាប់ពាន់គីឡូម៉ែត្រ ត្រូវចាប់ផ្តើមចេញពីមួយម៉ែត្រ។ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាល ហើយសម្តេចផ្ទាល់តែបង្ហាញវត្តមាននៅគ្រប់ដំណាក់កាល ក្នុងពេលប្រទេសជួបវិបត្តិ។ ក្នុងនោះពេលប្រទេសជួបភ្លើងសង្គ្រាម គេឃើញសម្តេចនៅសមរភូមិ ដើម្បីដោះស្រាយបញ្ហារបស់កងទ័ព ក្នុងដំណាក់កាលចរចារកសន្តិភាព គេឃើញសម្តេចនៅលើតុចរចា ហើយពេលកម្ពុជាជួបគ្រោះទុរភិក្ស ហើយស្ថិតក្នុងពេលជំរុញវិស័យកសិកម្ម សម្តេចក៏មានវត្តមានតាមវាលស្រែ តាមប្រឡាយទឹក ដើម្បីជំរុញការបង្កបង្កើនផល និងដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យកសិកម្ម។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចបានប្រឹងប្រែងតាំងពីប្រទេសខ្វះអង្ករបរិភោគ រហូតក្លាយជាប្រទេសសល់ស្រូវ និងនាំអង្ករចេញទៅក្រៅប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើការងារច្រើនណាស់ ក្នុងវិស័យកសិកម្មនេះ ហើយក៏ទទួលបានជោគជ័យផងដែរ ដោយបានឈានពីដំណាក់កាលប្រទេសខ្វះស្បៀង រហូតសល់អង្ករនាំទៅលក់នៅក្រៅប្រទេស។
* សម្តេចតេជោថ្លែងថា រាជរដ្ឋាភិបាល បានប្រឹងប្រែងពង្រាយរោងចក្រស្ករស រោងចក្រដំឡូងមី ដើម្បីប្រមូលទិញអំពៅ ទិញដំឡូងរបស់ប្រជាជកសិករ ហើយរាជរដ្ឋាភិបាលក៏បានវិនិយោគលើម៉ាស៊ីនកិនស្រូវ និងទម្លាក់ទុនសម្រាប់ទិញស្រូវរបស់ពលរដ្ឋផងដែរ។
* សម្តេចតេជោគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រឹងប្រែងណាស់ ក្នុងការលើកកម្ពស់វិស័យកសិកម្មនេះ ហើយកសិកម្មរបស់កម្ពុជា នាពេលបច្ចុប្បន្នមិនមែនជាកសិកម្មរបប ប៉ុល ពត នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ឧស្សាហកម្មកែច្នៃ សម្រាប់កែច្នៃកសិផលរបស់កម្ពុជា សម្រាប់នាំទៅក្រៅប្រទេស។
* សម្តេចតេជោបានបញ្ជាក់ថា ក្នុងដំណាក់កាលគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចមិនមាននយោបាយយកពន្ធ លើដីស្រែរបស់ប្រជាកសិករនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឧស្សាហកម្មនៅក្នុងសម័យសង្គមរាស្ត្រនិយមមានការរីកចម្រើន ប៉ុន្តែត្រូវបានបំផ្លាញព្រោះតែភ្លើងសង្គ្រាម ជាពិសេសនៅក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានជាង១០០រោងចក្រ សហគ្រាស មានកម្មករ កម្មការិនីរហូតដល់ជាង៨០ម៉ឺននាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីនាំប្រទេសមកដល់ដំណាក់កាលដូចពេលបច្ចុប្បន្ន គឺត្រូវពឹងផ្អែកសំខាន់លើកត្តាសន្តិភាព, សន្តិភាពនេះ គឺជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ និងអ្នកទេសចរ។
* សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ឆ្អែតឆ្អន់ហើយជាមួយភ្លើងសង្គ្រាមពីអតីតកាល ដូច្នេះត្រូវបន្តរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីរក្សាឲ្យបានសុខសន្តិភាពនេះ គឺមានភាពងាយស្រួលទេ គឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យថៅកែរោងចក្រ យកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ ដោយការបង្កើតកន្លែងហូបបាយឲ្យបានសមរម្យ និងកន្លែងព្យាលបាលផ្សេងៗ។ ទន្ទឹមនឹងថៅកែរោងចក្រយកចិត្តទុកដាក់កម្មករ កម្មការិនី ក៏ត្រូវប្រឹងធ្វើការផងដែរ។ សម្តេចបញ្ជាក់ថា នៅពេលថៅកែរោងចក្រទទួលបានផលចំណេញ នោះកម្មករ កម្មាករិនី ក៏មានប្រាក់ឈ្នួលកាន់តែច្រើនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេសបន្សល់ទុកនូវស្ត្រីមេម៉ាយ និងកុមារកំព្រាច្រើន ដោយសារតែភ្លើងសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមាន ផ្ទុកមេរោគអេដស៍កុំបន្តចម្លងទៅអ្នកដទៃ, ការអំពាវនាវនេះបន្ទាប់ពីបានមើលឃើញសញ្ញាណកម្រើកឡើងវិញ នៃការកើតមេរោគអេសដ៍ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហជីពមួយចំនួនបើមិនដង្ហែក្បួនបាតុកម្មទេនោះ នឹងមិនទទួលបានថវិកាពីបរទេស។ ដូច្នេះបើពួកគេមិនហែរបរទេសនឹងផ្តាច់ជំនួយ។
* សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជារីកលូតលាស់ទៅមុខ ឬអត់ គឺចំណុះទៅលើប្រជាពលរដ្ឋ តើបោះឆ្នោតជូនគណបក្សប្រជាជនឬអត់?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីចុះជួបកម្មករ កម្មការិនីនៅក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហើយនោះ នៅមានកម្មករ កម្មការិនីក្នុងវិស័យដទៃទៀត ដូចជាវិស័យសំណង់ សណ្ឋាគារជាដើម។
* សម្តេចតេជោបានថ្លែងថា សម្តេចនឹងបញ្ចប់ការងារ នៅពេលមានគណបក្សដទៃឈ្នះឆ្នោត តែសម្តេចជឿថា គ្មានគណបក្សនយោបាយណាអាចប្រជែងយកឈ្នះ ជាមួយគណបក្សប្រជាជនកម្ពុជាបានឡើយ។