FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ អគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃថា កម្ពុជាកំពុងប្រឹងប្រែងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ការថ្លែងបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងពេលសម្តេចអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ចូលជួបសម្តែងការគួរសម។
នៅចំពោះមុខអគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានយុទ្ធសាស្រ្តពីរ គឺទី១. ប្រែក្លាយតំបន់អតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២. ប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាមួយគ្នានេះ កម្ពុជា ជំរុញការតភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ ទាំងប្រជាជន និងប្រជាជន ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពជាប្រចាំសម្រាប់តំបន់ព្រំដែននៃប្រទេសទាំងពីរ។
ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ក៏បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺដើម្បីសំដែងនូវការធ្វើគារវកិច្ចជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាប្រមុខការពារជាតិ និងនាយអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ នៃប្រទេសកម្ពុជា បន្ទាប់ពីរូបឯកឧត្តមទទួលនូវការតែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពលភូមិន្ទថៃ។
នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ បានបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចនេះទៀតសោត ក៏ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ក៏បានរាយការណ៍ជូនសម្តេចតេជោស្តីពីជំនួបរវាងលោកជាមួយ និងសម្តេចពិជ័យសេនា ទៀ បាញ រដ្ឋមន្ត្រីការពារជាតិ, នាយឧត្តមសេនីយ៍ ប៉ុល សា រឿន ពាក់ព័ន្ធសកម្មភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដើម្បីធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ផង និងផ្លាស់ប្តូរដំណើរទស្សនកិច្ចសម្រាប់ភាគីកងទ័ពនៃប្រទេសទាំងពីរផង៕