FN ៖ ប្រមុខការពារជាតិចិន នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសកម្ពុជានាពេលនេះ ដើម្បីពន្លឿនការអនុវត្តន៍លើការងារផ្សេងៗ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានចុះហត្ថលេខានាពេលកន្លងទៅ។ ជាពិសេសជំរុញទំនាក់ទំនងកងទ័ពកម្ពុជា-ចិន ឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។
ប្រមុខការពារជាតិបានគូសបញ្ជាក់បែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ វៃ ហ្វេនហេ នៅកម្ពុជា ជាពិសេសឆន្ទៈដ៏មុះមុតក្នុងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន និងកងទ័ព។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងដែលនិយាយផង និងធ្វើផង មិនមែនគ្រាន់តែនិយាយហើយមិនអនុវត្តន៍នោះទេ។
ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ និងជំរុញឲ្យពន្លឿនការអនុវត្តន៍នូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាពេលកន្លងមកឲ្យទទួលបានជោគជ័យ។ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រមុខការពារជាតិចិន ក៏បានបង្ហាញនូវភាពស្ញប់ស្ញែងផងដែរចំពោះការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ន ដែលមានខុសគ្នាឆ្ងាយបើធៀបនឹង៦ឆ្នាំមុន ពេលដែលលោកមកកាន់កម្ពុជាជាលើកដំបូង។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ វៃ ហ្វេនហេ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។ ដំណើរទស្សនកិច្ចនៅកម្ពុជានាថ្ងៃម្សិលមិញនេះ លោករដ្ឋមន្ត្រីការពារជាតិចិន ត្រូវបានទទួលស្វាគមន៍យ៉ាងខ្លៀវក្លាបំផុតពីរដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់។
ក្រៅពីការជួបសំណេះសំណាលលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីររួចហើយនោះ ក៏មានការចុះហត្ថលេខាលើពិធីសារមួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងពីរផងដែរ។
ជំនួបម្សិលមិញរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងចិនក៏បានព្រមព្រៀងគ្នាធ្វើលំហាត់សមយុទ្ធយោធានាគមាសនៅឆ្នាំ២០១៩បន្តទៀតផងដែរ បន្ទាប់ពីការការលំហាត់សមយុទ្ធនាគមាសនៅដើមឆ្នាំ២០១៨លើប្រធានបទប្រឆាំងភេរវកម្មទទួលបានជោគជ័យខ្ពស់។
ក្រៅពីបានព្រមព្រៀងគ្នាបន្តធ្វើសមយុទ្ធនាគមាសសម្រាប់ឆ្នាំ២០១៩ហើយ ភាគីចិនក៏បានផ្តល់ជំនួយប្រមាណ ៦៤៥លានយ័ន ស្មើនឹងជាង ១០០លានដុល្លារផងដែរសម្រាប់ពង្រឹងវិស័យការពារជាតិរបស់កម្ពុជា។
តាមរយៈដំណើរបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ បានបង្ហាញឲ្យឃើញថា កម្ពុជា និងចិន បាននិងកំពុងបង្កើនកិច្ចសហប្រតិបត្តិការកាន់ខ្លាំងក្លាជាមួយគ្នាលើវិស័យការពារជាតិ៕