FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានពន្យល់ពីរបៀបជៀសវាងការ លួចបន្លំសន្លឹកឆ្នោត ដល់ពលរដ្ឋសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃ គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្រ្តាចារ្យ១៧០០នាក់ នៅវិមានចម្រើនសេរីមង្គល ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការលួចបន្លំសន្លឹកឆ្នោត គឺជាការរំលោភបណ្តាបទដ្ឋានប្រព័ន្ធបោះឆ្នោតសំដៅធានា ឬជួយបង្កើនលទ្ធផល សំឡេងឆ្នោតឱ្យគណបក្សនយោបាយណាមួយ។ ការលួចបន្លំសន្លឹកឆ្នោតអាចកើតមានឡើងក្នុងការអនុវត្តនៅដំណាក់កាលនីមួយៗ នៃការបោះឆ្នោត៕