FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បណ្ណព័ត៌មានអ្នកបោះឆ្នោតចំនួន៣,២៣៥,១១២សន្លឹក ត្រូវបានគ.ជ.បចែកដល់ដៃប្រជាពលរដ្ឋជាអ្នកបោះឆ្នោតនៅទូទាំងប្រទេស។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងចំណោមបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប ៨,៣៨០,២១៧សន្លឹក គ.ជ.ប បានចែកដល់ដៃអ្នកបោះឆ្នោតនៅទូទាំងប្រទេសបានចំនួន ៣,២៣៥,១១២នាក់ហើយ ស្មើនឹង ៣៨,៦០ភាគរយ នៃចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោតសរុប។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមបណ្ដាភូមិប្រជាពលរដ្ឋ ធ្វើឡើងចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧។
លោកបន្តថា ប្រសិនបើចែកមិនទាល់អស់ទេ បណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ នឹងបន្តចែករហូតដល់ថ្ងៃទី២៧ ខែកក្កដា ប៉ុន្តែប្រជាពលរដ្ឋអ្នកបោះឆ្នោតត្រូវទៅទទួលនៅ សាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅរៀងៗខ្លួន។ ទោះចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតមិនទាន់អស់ក៏ដោយ ក៏ដំណើរការនៃការចែកបណ្ណព័ត៌មាននេះ ត្រូវតែបិទបញ្ចប់ត្រឹមថ្ងៃទី២៧ ខែកក្កដានោះតែម្ដង។ តែលោក ហង្ស ពុទ្ធា បានបង្ហាញការរំពឹងទុកថា យ៉ាងហោចណាស់ក៏បានច្រើនជាង ៨០% ដែរ៕