FN ៖ ព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ និងធនាគារអភិវឌ្ឍន៍ជនបទ (RDB) លោក កៅ ថាច អគ្គនាយក RDB និងសហការីបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីការអនុវត្ត កម្មវិធីឥណទានពិសេសរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីនោះមានការចូលរួមពីលោកស្រីអភិបាលរងខេត្ត ឡុង ប៊ុណ្ណារ៉េត ជាតំណាងលោកអភិបាលខេត្តកំពង់ស្ពឺ, លោកឱកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប និងមន្ត្រីពាក់ព័ន្ធសរុប១៥០នាក់។
ក្នុងឱកាសនោះ លោក កៅ ថាច បានផ្តល់ព័ត៌មានមួយចំនួន ជូនដល់អង្គពិធី អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើការទំលាក់ នូវកញ្ចប់ឥណទានពិសេស ជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ជូនវិស័យឯកជនដើម្បីធ្វើការ សាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ក្នុងនោះមានតំបន់ខេត្តបាត់ដំបង មានលទ្ធភាពស្តុកស្រូវចំនួន២សែនតោន និងលទ្ធភាពសំងួត៣០០០តោនក្នងមួយថ្ងៃ។ ដោយឡែកនៅតំបន់ខេត្តកំពង់ធំ តាកែវ និងព្រៃវែង មានលទ្ធភាពស្តុកស្រូវបាន៥ម៉ឺនតោន និងឡសំងួតស្រូវបាន១៥០០តោនក្នុងមួយថ្ងៃ។
លោកបន្តថា តាមរយៈរោងម៉ាស៊ីនកិនស្រូវ ដែលទទួលបានឥណទានពិសេសពីរាជរដ្ឋាភិបាល ផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទ តំលៃស្រូវរបស់បងប្អូនត្រូវបានធានាទិញតាមតំលៃទីផ្សារ។ ទន្ទឹមនេះដើម្បីរួមចំណែកជួយ ដល់ការខឹតខំប្រឹងប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់កសិករ លោក កៅ ថាច បានធ្វើការសំណូមពរដល់អាជ្ញាធរមូលដ្ឋានស្រុកឃុំ មេត្តាជួយសម្របសម្រួលលើការដឹកជញ្ជូនកសិផលរបស់កសិករដែលនៅឆ្ងាយ និងពុំមានលទ្ធភាពដឹកជញ្ជូនយកមកទីប្រជុំជន។
ដោយឡែកចំពោះតម្រូវការឥណទាន ដល់សហគមន៍កសិកម្មផលិតស្រូវ ធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តដល់សហគមន៍ ក្នុងករណីមានតម្រូវការឥណទាន ធនាគាររីករាយសហការ ផ្តល់ឥណទានជូនដោយអត្រាការប្រាក់ទាប។
បន្ថែមលើនេះ ក្រៅពីសហគមន៍ផលិតស្រូវលោក កៅ ថាច ជំរុញឲ្យសហគមន៍កសិកម្មផ្សេងៗដូចជា បន្លែ ចញ្ចឹមសត្វ នៅក្នុងតំបន់ ក៏ត្រូវបានលើកទឹកចិត្តក្នុងការទទួលឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទផងដែរ។
លោក កៅ ថាច បានឧបត្ថម្ភកំព្យួទ័រចំនួន៨គ្រឿង ជូនដល់សហគមន៍ចំនួន៨ ដែលជាសមាជិករបស់អង្គការ Hiefer International និងបានស្នើសុំដល់បងប្អូនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះទាំងអស់គ្នាផងដែរ៕