FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះធ្វើឡើងនៅវត្តបទុមវតី។
សម្តេចព្រះកិត្តិយសទាំង ៣អង្គ ដែលបានប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីនៅព្រឹកថ្ងៃនេះ រួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រ ប្រៀបដូចជាកង់ពីរដែលមិនអាខ្វះគ្នាបាន ពោលបើអាណាចក្រដួលរលំហើយនោះ ពុទ្ធចក្រក៏មិនអាចរស់រានបានដែរ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីរឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានធ្វើការងារយ៉ាងល្អ ក្នុងការធ្វើឲ្យរស់រានឡើងវិញនៃព្រះពុទ្ធសាសនា។ សម្តេចតេជោ បានបញ្ជាក់ថា នៅមុនថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ មានព្រះសង្ឃតែមួយអង្គប៉ុណ្ណោះ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្នែកអាណាចក្រ ក៏ទទួលបានផលប្រយោជន៍ពីពុទ្ធចក្រតាមរយៈការជួយអប់រំប្រជាពលរដ្ឋឲ្យកសាងអំពើល្អ ដែលជាការរួមចំណែកបង្កលក្ខណៈងាយស្រួលមួយក្នុងការគ្រប់គ្រងរដ្ឋ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា សម្រាប់កម្ពុជា ទីអារាម ក៏ជាជម្រករបស់មនុស្សចាស់ និងក្មេងៗទីទ័លក្រផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នមានវត្តសរុប ៤,៩២៥វត្ត និងមានព្រះសង្ឃសរុប ៦៦,០៥៦ព្រះអង្គ។
* សម្តេចតេជោ ហ៊ុន សែន បានអរគុណសម្តេច និងព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានបង្កលក្ខណៈងាយស្រួលដល់ជនចាស់ជរា និងក្មេងៗ សិស្សនិស្សិត បានទទួលការស្នាក់នៅ ដើម្បីសិក្សារៀនសូត្រ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការរៀបចំអាសនៈសម្រាប់ព្រះសង្ឃគង់ក្នុងពិធីផ្សេងៗឲ្យខ្ពស់ជាងពុទ្ធបរិស័ទ ក៏ដូចជាការរៀបចំឲ្យមានទង់សាសនានៅកន្លែងរៀបចំបាវចនាជាតិ គឺជាការរួមចំណែកលើកតម្កើងវិស័យព្រះពុទ្ធសាសនា។
* សម្តេចតេជោ បន្ថែមថា ការដែលរៀបចំឲ្យមានទង់សាសនានៅកន្លែងរៀបចំបាវចនានេះ គឺជាការរួមចំណែករំលឹកដល់ប្រជាពលរដ្ឋកម្ពុជាថា កម្ពុជារស់នៅក្រោមម្លប់ព្រះពុទ្ធសាសនា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើកុំឲ្យមានការលើកឡើថា ព្រោះតែមានការជិះយន្តហោះជាមួយសម្តេច ទើបមានការប្រទានព្រះគោរមងារជាសម្តេចសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រទានព្រះគោរមងារប្រគេនសម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ដោយសារតែព្រះសង្ឃទាំង៣ បានរួមចំណែកយ៉ាងច្រើនក្នុងការងារព្រះពុទ្ធសាសនា។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការគោរពប្រតិបត្តិ និងរៀបចំចាត់ចែងអាសនៈក្រមផ្សេងៗផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ការគោរពប្រតិបត្តិ និងចាត់ចែងអាសនៈក្រមនេះ ត្រូវគោរពទៅតាមតួនាទី និងឋានៈ មិនមែនគោរពតាមព្រះគោរមងារនោះទេ។ សម្តេចតេជោ បានលើកជាឧទាហរណ៍ថា បើព្រះសង្ឃអង្គនោះជាមេគណរាជធានី បើទោះមិនមានព្រះគោរមងារជាសម្តេច ក៏ត្រូវមានអាសនៈក្រមខ្ពស់ជាងព្រះសង្ឃមានព្រះគោរមងារជាសម្តេចដែរ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅគណៈកម្មាធិការរៀបចំបុណ្យជាតិ មិនត្រូវយល់ច្រឡំទៀតនោះ នៅពេលមានពិធីបុណ្យផ្សេងៗ ត្រូវរៀបចំកន្លែងគង់របស់ព្រះសង្ឃទៅតាមតួនាទី និងឋានៈរបស់ព្រះសង្ឃ មិនមែនរៀបចំតាមព្រះគោរពងារនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធិផលស្ទើរតែពាក់កណ្តាលនៅក្នុងវត្តបទុវតី ត្រូវបានផ្តួចផ្តើមសាងសង់ដោយឪពុករបស់សម្តេចព្រឹទ្ធាចារ្យ ហ៊ុន នាង និងមានការឧបត្ថម្ភរបស់សម្តេច និងក្រុមគ្រួសារ។
* មុនបញ្ចប់សុន្ទរកថា សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា សាសនាអ្វីក៏ដោយអាចរស់រានបានតែក្រោមដំបូលសន្តិភាព មិនអាចរីកចម្រើន ឬ រស់រានបានក្រោមគ្រាប់ផ្លោងនោះឡើយ។ ក្នុងន័យសម្តេចតេជោ អំពាវនាវឲ្យរួមគ្នារក្សានូវសុខសន្តិភាពដែលកំពុងគ្របដណ្តើលើដែនដីកម្ពុជា។