FN ៖ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៩,៩៤៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ប្រសាសន៍ជាកិច្ចស្វាគមន៍នៅចំពោះមុខកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយខ្លាំងណាស់ ដែលបានអញ្ជើញមកជួបបងប្អូនកម្មករ កម្មការិនីតាមការគ្រោងទុក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរចុះជួបកម្មករ កម្មការិនីរបស់សម្តេច មិនមែនជាយុទ្ធនាការរកសំឡេងឆ្នោតទេ តែជាការងារដែលសម្តេចត្រូវធ្វើ ដើម្បីឲ្យមានបរិយាកាសល្អប្រសើរនៅក្នុងវិស័យវេណភណ្ឌ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរមកកាន់ខេត្តកំពង់ស្ពឺមិនមែនជារឿងថ្មោងថ្មីនោះទេ ពោលកាលពីអតីតកាលសម្តេចបានធ្វើដំណើរមកកាន់តំបន់នេះញឹកញាប់ ដែលរួមមានការធ្វើសមាហរណកម្មខ្មែរ ដើម្បីបញ្ចប់ការផ្ទុះអាវុធ នាំមកសុខសន្តិភាព និងមួយទៀត គឺការចុះមកធ្វើនយោបាយទឹកសម្រាប់ផ្តល់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ស្ពឺមានភ័ព្វសំណាងមានផ្លូវ និងបណ្តាញអគ្គិសនីច្រើនសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងប្រើប្រាស់។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា គ្មាននរណានឹកស្មានដល់ថា ខេត្តកំពុងស្ពឺដែលញាប់ញីដោយភ្លើងសង្គ្រាម ហើយទើបរំលត់បានទាំងស្រុង នៅចុងទសវត្សរ៍ឆ្នាំ៩០ បានប្រែក្លាយជាតំបន់ឧស្សាហកម្មមានរោងចក្រសហគ្រារហូតដល់ទៅ ២៥ មានកម្មករ និយោជិត ៩៨,២១៣នាក់ ដែលជាមានប្រាក់ឈ្នួលសរុបជាង ២២០លានដុល្លារក្នុងមួយឆ្នាំ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សមិទ្ធិទាំងអស់នេះបានមកពីកិច្ចខិតខំរបស់ជីដូនជីតារបស់កម្មករ កម្មការិនី ជាពិសេសការដាក់ចេញ នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការពង្រាយរោងចក្រចុះតាមខេត្ត។ សម្តេចតេជោថា រោងចក្រទាំងអស់នេះចាប់ផ្តើមមានតាំងពីឆ្នាំ១៩៩៩ ដែលជាឆ្នាំសម្តេចបង្កើតឡើងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន។
* សម្តេចតេជោ បានថ្លែងថា មិនមែនអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ហើយបំភ្លេចចោលវិស័យកសិកម្មនោះទេ តែវិស័យកសិកម្មមួយមិនអាចជំរុញប្រទេស ឲ្យលូតលាស់ផ្នែកសេដ្ឋកិច្ចខ្លាំងនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីនយោបាយពង្រាយសាលារៀនទៅតាមភូមិឋានប្រជាពលរដ្ឋហើយនោះ នយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្តជិតកន្លែងរស់នៅរបស់ប្រជាពលរដ្ឋជាចក្ខុវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្ត្រីថា នៅសល់តែប៉ុន្មានខែទៀត ឈានចូលដល់ខួបលើកទី២០ នៃនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាមិនមែននៅទ្រឹងត្រឹម ១៧០ដុល្លារនោះទេ ពោលនឹងមានការឡើងជាបន្តបន្ទាប់ទៀត តែត្រូវធានាថាក្រុមហ៊ុននៅអាចទទួលបានប្រាក់ចំណេញ ហើយអាចបន្តដំណើរការបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនីនៅកម្ពុជានាពេលបច្ចុប្បន្នមានអត្រាខ្ពស់ជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។
* សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ននេះ មិនមែនជារឿងងាយស្រួលនោះទេ គឺបានមកពីរួមគ្នាខិតខំរវាងប្រជាពលរដ្ឋ ជាពិសេសគឺសម្តេចដើម្បីជាតិកម្ពុជានេះ គឺសម្តេចបានផ្សារភ្ជាប់ជាមួយជាតិ និងប្រជាជនគ្រប់កាលៈទេសៈទាំងអស់ចាប់តាំងពីឆ្នាំ១៩៧៩មក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករ កម្មការិនី បានចាត់ទុកសម្តេចត្រឹមតែជាមេដឹកនាំនោះទេ គឺបានចាត់ទុកសម្តេចដូចជាសាច់ញាតិផងដែរ។ សម្តេចបានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់កម្មករ កម្មការិនី ហើយសង្ឃឹមថា ទឹកចិត្តនេះ នឹងបន្តកើតមានសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន ទោះសម្តេចត្រូវការជេរប្រមាថពីក្រុមអ្នកចង់បំផ្លាញជាតិយ៉ាងក៏សម្តេចស៊ូទ្រាំដែរ។ សម្តេចតេជោថា មិនមាននរណាជេរសម្តេចជាង ប៉ុល ពត និងខៀវ សំផន នោះទេ។ តែទីបំផុត ប៉ុល ពត ស្លាប់អត់កន្លែងកប់ ខៀវ សំផន បាននាំទាំងភរិយាមកជួបសម្តេចទៀតផង។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា អ្នកជេរសម្តេចច្រើនពេកអាចត្រូវរន្ទះបាញ់ ក្រឡាប់រថយន្ត និងឆក់ខ្សែភ្លើងស្លាប់ជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា អតីតព្រះមហាក្សត្រ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់បានមានព្រះរាជបន្ទូលថា ព្រហ្មលិខិតបានចារឲ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រី ដូចដែលព្រះអង្គដែរត្រូវបានចារមកឲ្យធ្វើជាព្រះមហាក្សត្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តទទួលបានមេដឹកនាំរក្សាបាននូវសុខសន្តិភាព សូមទៅបោះឆ្នោតហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នឹងទទួលបានមេដឹកនាំដែលការពារបាននូវសុខសន្តិភាពមិនឲ្យមានភ្លើងសង្គ្រាមនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់កម្មករបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានតំណាងរាស្ត្រវ័យក្មេងជាកូនសម្តេច (លោក ហ៊ុន ម៉ានី) ជួយមើលការខុសត្រូវ និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆ្លងជំងឺអេដស៍ហាក់កម្រើកឡើងវិញបន្តិច។ ដូច្នេះសម្តេចតេជោ បានអំពាវនាវឲ្យមានការប្រើប្រាស់ស្រោម អនាម័យជាមួយដៃគូនៅពេលរួមភេទ ដើម្បីការពារការរីករាលដាលជំងឺអេដស៍ និងអំពាវនាវឲ្យមានការពិនិត្យឈាមមុនពេលរៀបការ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីប្រើប្រាស់សិទ្ធិ៥ឆ្នាំម្តងក្នុងការជ្រើសមេដឹកនាំរបស់ខ្លួន។ សម្តេចនាយករដ្ឋមន្ត្រី បានហៅការអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត គឺជាការបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មិនមានការកំណត់ថាចំនួនអ្នកបោះឆ្នោតប៉ុណ្ណេះ ឬប៉ុណ្ណោះទើបទទួលបាននោះទេ ប៉ុន្តែគ្រាន់តែសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាមានរហូតដល់ទៅ ៥លាននាក់ទៅហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក សម រង្ស៊ី នឹងចាញ់លើសមរភូមិនយោបាយក្នុងការធ្វើប្រជាមតិលើចំនួនប្រជាពលរដ្ឋទៅបោះឆ្នោត។
* សម្តេចតេជោ ក៏បានប្រតិកម្មទៅនឹងលោក សម រង្ស៊ី ផងដែរថា ការប្រៀបធៀបរវាងប្រទេសវេណេហ៊្សូអេឡា ជារឿងខុសឆ្គង ព្រោះកម្ពុជាមិនមេនជាវេណេហ៊្សូអេឡានោះឡើយ។
* សម្តេចតេជោ បានថ្លែងថា លោក សម រង្ស៊ី ធ្លាប់បានបរាជ័យម្តងរួចទៅហើយកាលពីឆ្នាំ២០១៣ ដូច្នេះមិនអាចប៉ុនប៉ងធ្វើសកម្មភាព បដិវត្តន៍ម្តងទៀតនោះឡើយ ព្រោះក្បាល កន្ទុយ និងឆ្អឹងខ្នងបានបាក់ខ្ចាត់ខ្ចាយអស់ទៅហើយ។ ជាពិសេសមេទ័ពបានរត់ចោលកូនទ័ព ធ្វើតែតាមហ្វេសប៊ុកមិនអាចទៅរួចនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើអ្នកគាំទ្របក្សសង្គ្រោះជាតិមិនទៅបោះឆ្នោត គឺលទ្ធផលឆ្នោតកាន់តែល្អ ព្រោះគណបក្សប្រជាជនកម្ពុជានឹងទទួលបានសំឡេងឆ្នោតកាន់តែប្រសើរ។ តែសម្តេចចង់ឲ្យប្រជាពលរដ្ឋចេះប្រើប្រាស់សិទ្ធិរបស់ខ្លួន ទើបអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋដែលយកអ្នកមករស់នៅជាមួយ ពោលយកបម្រើនៅតាមផ្ទះ ត្រូវយកចិត្តទុកដាក់លើពួកគេឲ្យបានខ្ពស់ ព្រោះអ្នកទាំងនោះធ្វើការហត់ជាងកម្មករ កម្មការិនីតាមរោងចក្រទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យមានការផ្តល់ប្រាក់ឈ្នួលឲ្យបានខ្ពស់ចំពោះអ្នកបម្រើនៅតាមផ្ទះនោះផងដែរ។