FN ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ហ៊ីដេហ៊ីសា ហូរីនូឈី (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទករថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលត្រូវតែសន្សំលុយសម្រាប់ធ្វើផ្លូវ ធ្វើស្ពាន សាលារៀន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។ ជាពិសេសទុកសម្រាប់ធ្វើជាបដិភាគ ក្នុងការសាងសង់លើប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធជាមួយថវិកាដែលជាកម្ចីពីបរទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អត្រាការប្រាក់លើកម្ចីពីប្រទេសជប៉ុន គឺ ០.០១ភាគរយ ហើយរយៈពេលនៃការសង គឺ៤០ឆ្នាំ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កន្លែងដែលប្រជាពលរដ្ឋបានយកដីចំណីផ្លូវសាធារណៈ គឺកើតចេញពីចិត្តធម៌របស់អាជ្ញាធរ។ សម្តេចតេជោ បានថ្លែងថា ប្រជាពលរដ្ឋខ្លះពី ដំបូងសុំដើម្បីលក់នំអន្សមអាំង លក់នំបញ្ចុកតែយូរទៅក៏ធ្វើជាតូប ធ្វើជាផ្ទះរស់នៅ ពេលរាជរដ្ឋាភិបាលត្រូវការដីពង្រីកផ្លូវនាំគ្នាតវ៉ា។ តែទោះជាយ៉ាងណារាជរដ្ឋាភិបាល ត្រូវតែផ្តល់សំណងក្នុងកម្រិតណាមួយ។
* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ គឺជាអ្នកយកចិត្តទុកដាក់ខ្ពស់ចំពោះការសាងសង់ផ្លូវជាតិលេខ៥ ហើយបើមិនមាននាយករដ្ឋមន្ត្រីរូបនេះទេ ប្រហែលគ្មានការផ្តល់កម្ចីសម្រាប់សាងសង់ផ្លូវនេះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់កម្ចី និងជំនួយសម្រាប់សាងសង់ផ្លូវនៅកម្ពុជា។ ជាពិសេសការសាងសង់ផ្លូវជាតិលេខ៥។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា កាលពីទសវត្សរ៍ឆ្នាំ៨០ ផ្លូវជាតិរបស់កម្ពុជាមានទទឹងត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ហើយមានតែអ្នកបរទេះប៉ុណ្ណោះ មិនសូវជាមានរថយន្ត នោះទេ។ ខុសពីពេលបច្ចុប្បន្ន ដែលមានចំនួនយានយន្តច្រើន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលត្រូវបិទផ្លូវនៅពេលសម្តេច ក៏ដូចជាគណៈប្រតិភូមួយចំនួនធ្វើដំណើរតាមផ្លូវមួយចំនួន។ សម្តេចតេជោថា សម្តេចធ្លាប់បានសុំកុំឲ្យមានការបិទផ្លូវនៅពេលសម្តេចឆ្លងកាត់ តែបើមិនបិទផ្លូវអាចស្ទះផ្លូវទៅចូលរួមកិច្ចប្រជុំនានាមិនទាន់។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចព្រមទទួលនូវកំហុសដែលបាននាំមកនូវសុខសន្តិភាព ធ្វើឲ្យជីវភាពពលរដ្ឋកាន់តែប្រសើរ មានយានយន្តកាន់តែច្រើន ហើយនាំឲ្យកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន ថា ដោយសារតែសម្តេចបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាព ទើបនាំឲ្យមានការកកស្ទះចរាចរណ៍ ហើយមានអ្នកខ្លះជេរសម្តេច តែទោះជាយ៉ាងណា សម្តេចព្រមទទួលយកនូវកំហុសមួយនេះ។ សម្តេចតេជោថា ប្រសិនបើសម្តេចបន្តឲ្យមានភ្លើងសង្គ្រាមដូចមេដឹកនាំជំនាន់មុន ប្រហែលមិនមានការកកស្ទះចរាចរណ៍បែបនេះឡើយ។
* ទោះជាយ៉ាងណាសម្តេចទុកឲ្យប្រវត្តិសាស្ត្រជាអ្នកវិនិច្ឆ័យចំពោះការដឹកនាំនាំមកនូវសុខសន្តិភាពរបស់សម្តេច និងការដឹកនាំរបស់មេដឹកនាំមួយចំនួនដែលនាំមកនូវភ្លើងសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលប្រារព្ធទិវាជាតិនៃការចងចាំ គឺដើម្បីរំលឹកដល់ការដាក់ចេញនូវនយោបាយដ៏ព្រៃផ្សៃរបស់ខ្មែរក្រហម។ សម្តេចបានបន្តថា សម្តេចនៅតែជម្នះក្នុងការរក្សាអដ្ឋិធាតុពលរដ្ឋរងគ្រោះក្នុងរបបខ្មែរក្រហម ដោយមិនបំផ្លាញចោលនោះឡើយ គឺដើម្បីទុកជាភស្តុតាងសម្រាប់កូនខ្មែរជំនាន់ក្រោយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សាមកុក» មិនមែនមានតែនៅស្រុកចិននោះទេ នៅខ្មែរក៏មាន «សាមកុក» ផងដែរ។ ក្នុងនោះគ្រាន់តែមុនឆ្នាំ១៩៧០ ខ្មែរមានច្រើន បក្ខច្រើនពួក និងច្រើនក្រុមណាស់ ហើយក្នុងចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ខ្មែរមានពីក្រុមមានអ្នកគាំទ្រសម្តេច នរោត្តម សីហនុ និងខ្មែរគាំទ្ររបប លន់ នល់, ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានក្រុម ប៉ុល ពត និងអ្នកតស៊ូប្រឆាំងរបប ប៉ុល ពត យ៉ាងច្រើន, ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ប្រទេសខ្មែរមួយមានតំបន់ត្រួតត្រាច្រើនរវាងខ្មែររដ្ឋកម្ពុជា ជាមួយខ្មែរនៅតាមជាយដែន, ក្រោយឆ្នាំ១៩៩១ រហូតដល់ឆ្នាំ១៩៩៨ ខ្មែរមួយមានតំបន់ត្រួតត្រាពីរ គឺតំបន់មួយត្រួតត្រាដោយរាជរដ្ឋាភិបាល ហើយតំបន់មួយទៀតត្រួតត្រាដោយខ្មែរក្រហម ទោះបីអ៊ុនតាក់ប្រើលុយជាង ២ពាន់លានដុល្លារក៏មិនអាចបញ្ចប់សង្គ្រាមខ្មែរបានដែរ។
* សម្តេចតេជោ បានថ្លែងថា ឆ្នាំ២០១៨នេះ គឺជាខួប ២០ឆ្នាំនៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។ នៅខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមនេះ សម្តេចឲ្យធ្វើពិធីអបអរសាទរដ៏ធំមួយនៅវិមានឈ្នះ-ឈ្នះ ដោយយកថ្ងៃដែល ខៀវ សំផន នួន ជា និងគណៈរដ្ឋមន្ត្រីរបស់ខ្មែរក្រហមមកដល់ផ្ទះរបស់សម្តេច។
* សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ឯកអគ្គរដ្ឋទូតជប៉ុនថា ផែនការសាងសង់ផ្លូវនៅកម្ពុជាមិនទាន់បញ្ចប់ត្រឹមផ្លូវជាតិលេខ៥នោះទេ ដូច្នេះសង្ឃឹមថា ជប៉ុននឹងបន្តជួយសាងសង់ផ្លូវនៅកម្ពុជាបន្តទៀត។
* ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់អគារសិក្សាដល់វិទ្យាល័យ និងអនុវិទ្យាល័យ «ទឹកហូត» ១ខ្នង ៣ជាន់ ១៨បន្ទប់, ទីចាត់ការ បណ្ណាល័យ ១ខ្នង ៣បន្ទប់, កន្លែងស្នាក់នៅ ១ខ្នងពីរជាន់ស្មើ ១០បន្ទប់ ព្រមទាំងសាងសង់ផ្លូវបេតុងក្នុងសាលា និងទីលានកីឡាគ្រប់ប្រភេទ។
* សម្តេចតេជោ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៦-២០១៧ សម្តេចបានចំណាយ ១១លានដុល្លារសម្រាប់សាងសង់អគារសិក្សានៅក្នុងខេត្តកំពង់ឆ្នាំង។
* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រឿងដែលសំខាន់សម្រាប់កម្ពុជានាពេលនេះ ត្រូវតែរក្សាសុខសន្តិភាពឲ្យបាន បើគ្មានសន្តិភាពគ្មានការអភិវឌ្ឍនោះឡើយ កុំនិយាយដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រោះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សចាប់ផ្ទៃតែក្នុងប្រទេសមានសន្តិភាពប៉ុណ្ណោះ។
* សម្តេចបានលើកឡើងថា ប្រទេសនៅមជ្ឈិមបូព៌ាជាច្រើនកំពុងជួបសង្គ្រាមប្រជាពលរដ្ឋស្លាប់ និងរបួស គ្មានស្គាល់ឡើយអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់អាជ្ញាធរជួយសម្រួលដល់គណបក្សនយោបាយនានាក្នុងការធ្វើសកម្មភាពនយោបាយជាមួយសមាជិក សមាជិការបស់ពួកគេ ពោលមិនត្រូវបង្កជាឧបសគ្គណាមួយសម្រាប់បក្សនយោបាយនោះឡើយ។
* សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាត្រូវការឈ្នះឆ្នោត ប៉ុន្តែបក្សនេះជាបក្សដឹកនាំរាជរដ្ឋាភិបាល ដូច្នេះត្រូវមានតួនាទីសម្របសម្រួលដល់ការធ្វើសកម្មភាពនយោបាយរបស់បក្សនយោបាយនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាអ្នកកាន់ចង្កូតប្រទេសរយៈពេល ៣៣ឆ្នាំមកនេះ សម្តេចមិនដែលបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលគ្រោះថ្នាក់នោះទេ មានតែទាញប្រជាពលរដ្ឋចេញពីអន្លង់នៃគ្រោះថ្នាក់។