FN ៖ នៅព្រឹកថ្ងៃ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ២៨,៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រៅពីជួបសំណេះសំណាល ជាមួយកម្មករនិយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្ទ្រី ខមផ្លេកស៍ ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចស្វាគមន៍ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយបានអញ្ជើញមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយពួកគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា តាមរយៈកាយវិការ បដិសណ្ឋារកិច្ចប្រកបដោយការគោរពស្រឡាញ់របស់កម្មករ កម្មការិនី គឺបានបង្ហាញពីគោរពស្រឡាញ់ រាប់អាន និងគាំទ្ររបស់សម្តេច ហើយជាការផ្តល់កម្លាំងចិត្តមួយសម្រាប់សម្តេចក្នុងការដឹកនាំប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសនៅបាវិត ត្រូវបានសម្តេចបង្កើតដោយផ្ទាល់ដៃ ពោលសម្តេចជាឆ្មបនៃតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត។
* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងបាវិតមានចំនួន៨ ខណៈនៅទូទាំងខេត្តស្វាយរៀង មានចំនួន១១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយពីរដែលសម្តេចយកចិត្តទុកដាក់ខ្លាំងពីអតីតកាល គឺការប្រែក្លាយកម្ពុជា ពីតំបន់សង្គ្រាម ទៅជាតំបន់សន្តិភាព និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
* សម្តេចតេជោ បានរំលឹកថា មុនពេលវៀតណាមខាងជើង និងខាងត្បូងរួបរួមគ្នា ខេត្តស្វាយរៀង ជាខេត្តមួយដែលតែងមានការឈ្លានពានពីវៀតណាមខាងត្បូង ក្រោមការគាំទ្រពីអាមេរិក និងមានការទម្លាក់គ្រាប់បែកស្ទើរតែរាល់។ ក្នុងនោះនៅក្នុងរបបប្រល័យពូជខេត្តស្វាយរៀង ក៏ជាតំបន់ប្រយុទ្ធ តំបន់សង្គ្រាមដ៏ស្រួចស្រាវផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីអតីតកាលនៅតាមព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ថៃ កម្ពុជា-ឡាវ ពោរពេញដោយលេណដ្ឋាន តែបច្ចុប្បន្នតំបន់ព្រំដែននេះ បានក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ច។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ទំនិញផលិតនៅបាវិតភាគច្រើននាំចេញទៅក្រៅប្រទេស តាមច្រករបៀងប្រទេសវៀតណាម គឺមានភាពងាយស្រួលជាងការដឹក ទៅផែនៅខេត្តព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រាយរោងចក្រទៅតាមបណ្តាខេត្តសម្រាប់ផ្តល់ការងារជូនប្រជាពលរដ្ឋ គឺជារឿងត្រូវធ្វើបន្ទាប់ពីការពង្រាយសាលា ទៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំប្រព័ន្ធដឹកជញ្ជូនមិនមែនធ្វើត្រឹមតែជាមួយប្រទេសជិតខាងថៃ ឡាវ និងវៀតណាមនោះទេ តែក៏ត្រូវគិតគូរក្នុងការរៀបចំ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាមួយប្រទេសចិន និងបណ្តាប្រទេសដទៃទៀត។
* សម្តេចតេជោ បានបញ្ជាក់ថា ទំនិញផលិតនៅក្នុងក្រុងបាវិតមានតម្លៃថ្លៃខ្លាំងណាស់ ដូចកង់ជាដើមយកទៅលក់នៅក្រៅប្រទេសតម្លៃរាប់ពាន់ដុល្លារ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងរំលឹកទៅកែរោងចក្រ សហគ្រាសទាំងឡាយថា ការផ្តល់ប្រាក់ខែគោលក្រោម១៧០ដុល្លារខុសច្បាប់ តែប្រាក់ខែគោលចាប់ពី ១៧០ដុល្លារ ឬលើសពីនេះមិនខុសច្បាប់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កងទ័ពវៀតណាម និងកងទ័ពអាមេរិក បានវាយចូលលុកលុយតាមផ្លូវជាតិលេខ១ ហើយទៅបោះទីតាំងរហូតដល់អ្នកលឿង។ ជាពិសេសអ្នកលឿងពេលនោះ ត្រូវបានគេហៅថា ជាទីក្រុងវៀតណាមខាងត្បូងថែមទៀតផង។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្តេចនិងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងការបង្រួបបង្រួមជាតិ ព្រមទាំងប្រឹងប្រែងអភិវឌ្ឍន៍ជាតិកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តានាំឲ្យកម្ពុជាបង្កើតផលិតកម្ម រកការវិនិយោគ និងផ្តល់ការងារជូនប្រជាពលរដ្ឋ ព្រមទាំងការទាក់ទាញ ភ្ញៀវទេសចរផងដែរ។
* សម្តេចតេជោ បានប្រាប់កម្មករ កម្មការិនីថា ប្រសិនបើចង់បន្តទទួលបានប្រាក់ឈ្នួលសម្រាប់ទ្រទ្រង់ជីវភាព ដំបូងគេត្រូវរក្សាឲ្យបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។
* សម្តេចតេជោ បានថ្លែងថា អ្នកស្វាយរៀងមានអ្នកចូលរួមក្នុងចលនារំដោះជាមួយសម្តេចច្រើនជាងគេ ហើយកងកម្លាំងតស៊ូ ៤៩នាក់រកសាច់ញាតិមិនឃើញ ដែលសម្តេចបង្ខំចិត្តផ្ញើធាតុនៅក្នុងប្រទេសវៀតណាម។
* សម្តេចតេជោ បានថ្លែងថា តម្លៃសន្តិភាព គឺធំធេងណាស់ ហើយវាមិនមែនមានតម្លៃសម្រាប់បុគ្គលណាម្នាក់នោះទេ គឺសម្រាប់មនុស្សគ្រប់រូប។
* សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកដល់កម្មករ កម្មការិនីថា ត្រូវរួមគ្នាទប់ស្កាត់ឲ្យខាងតែបានកុំឲ្យភ្លើងសង្គ្រាម និងការបំផ្លេចបំផ្លាញជាតិជាថ្មី។ សម្តេចតេជោ បានបញ្ជាក់ថា សន្តិភាពនឹងគង់វង់ដរាបណាប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
* សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ដរាបណាមានវត្តមានរបស់សម្តេច គឺមិនមានជនណាអាចមកបំផ្លាញសន្តិភាពបាននោះឡើយ។ សម្តេចតេជោថា អ្នកដែលជេរសម្តេចភាគច្រើន ព្រោះតែខឹងសម្តេច ហើយអ្នកដែលជេរសម្តេចច្រើនជាងគេ គឺប៉ុលពត តែទីបំផុតស្លាប់អត់មានដីកប់។
* សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដរាបណាក្រុមប្រឆាំងជេរសម្តេចកាន់តែខ្លាំងមានន័យថា សម្តេចកំពុងតែធ្វើត្រូវ តែបើក្រុមបក្សប្រឆាំងសរសើរវិញ មានន័យថា សម្តេចកំពុងធ្វើខុសហើយ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករថា ការទាមទារអ្វីមួយត្រូវធ្វើទៅតាមច្បាប់ ហើយមិនត្រូវឲ្យមានជើងកាងនៅតាមរោងចក្របន្តទៀតទេ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករថា ការទាមទារអ្វីមួយត្រូវធ្វើទៅតាមច្បាប់ ហើយមិនត្រូវឲ្យមានជើងកាងនៅតាមរោងចក្របន្តទៀតទេ។ សម្តេចបានបន្ថែមថា អាជ្ញាធរ សមត្ថកិច្ច គោរពសិទ្ធិអ្នកធ្វើកូដកម្ម ប៉ុន្តែអ្នកធ្វើកូដកម្មត្រូវគោរពសិទ្ធិរបស់កម្មករដទៃផងដែរ ពោលមិនត្រូវទៅអូសកម្មករកំពុងធ្វើការមកចូលរួមធ្វើកូដកម្មជាមួយខ្លួននោះឡើយ។
* សម្តេចតេជោថា ឆ្នាំនេះមានបក្សច្រើនជាងឆ្នាំ២០១៣ ចូលរួមប្រកួតប្រជែងបោះឆ្នោតជូនបក្សណាជាសិទ្ធិ ប៉ុន្តែរំពឹងថា កម្មករនឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថៅកែ និងកម្មករ ជាដៃគូមិនអាចខ្វះគ្នាបាននោះទេ ដូច្នេះទាំងថៅកែ និងកម្មករ ត្រូវចេះយោគយល់ និងជួយគ្នាទៅវិញទៅមក។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវកុំឲ្យមានបងតូចបងធំ និងមានការប្រើប្រាស់គ្រឿងញៀននៅតាមរោងចក្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅដើមឆ្នាំ២០១៨នេះ មានការវិនិយោគដែលផ្តល់ការងារជិត ២ម៉ឺននាក់បន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ប្រាក់បៀវត្សរ៍ពេលកម្មការិនីសម្រាលកូន គឺកម្ពុជាល្អប្រសើរជាងបណ្តាប្រទេសមួយចំនួនរួមទាំងរដ្ឋខ្លះរបស់អាមេរិកផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រដ្ឋខ្លះនៅអាមេរិក ពេលកម្មករសម្រាលកូនឲ្យសម្រាក តែមិនឲ្យប្រាក់ឈ្នួលនោះទេ សម្រាប់កម្ពុជាវិញ ពេលកម្មការិនីសម្រាកពេលសម្រាលកូនទទួលបានប្រាក់ឈ្នួល ១២០ភាគរយរយៈពេល ៣ខែ។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តួចផ្តើមគំនិតចង់ឲ្យមានកិច្ចសហការគ្នារវាងធនាគារ និងក្រុមហ៊ុនដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចក្នុងក្រុងបាវិត ដើម្បីផ្តល់ឱកាសឲ្យអ្នករកស៊ីដឹកកម្មករខ្ចីលុយទិញរថយន្តដំឡើងក្នុងរោងចក្រ ដើម្បីដឹកកម្មករ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនីនៅក្រុងបាវិតទាំងអស់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយសង្ឃឹមថា នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកកម្មករថា ផឹកទឹកនឹកដល់ប្រភពហូបផ្លែឈើនឹកដល់អ្នកដាំ។