FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានអះអាងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះថា នឹងប្តេជ្ញាអនុវត្តការងារឱ្យបានត្រឹមត្រូវ ដូចមានចែងក្នុងមាត្រា១៥០ (ពីរ) នៃរដ្ឋធម្មនុញ្ញគឺ គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបានបញ្ជាក់ថា ការបោះឆ្នោតមិនបានទាមទារឲ្យមានគណបក្សតិច ឬច្រើន ឬត្រូវតែមានវត្តមានគណបក្សប្រឆាំងនោះទេ។
ជាមួយគ្នានេះលោក ស៊ិក ប៊ុនហុក បានបន្តថា បើប្រាសចាកពីគន្លងនេះ បន្ទាប់ពីការបោះឆ្នោតនឹងនាំមកនូវភាពវឹកវរ និងអន្តរាយដល់ស្រុកទេសដូចដែលកម្ពុជា ធ្លាប់បានឆ្លងកាត់ និងដូចប្រទេសដ៏ទៃទៀតបាននឹងជួបប្រទះ គឺមិនល្អទេហើយអ្វីដែល គ.ជ.ប កំពុងធ្វើ គឺមិនខុសពីទស្សនៈរបស់លោក MIROSLAV LAJCAK ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ ដែលបានបំពេញមុខងារតាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ដោយបានកត់សម្គាល់ថា៖
* ជម្លោះត្រូវបានដោះស្រាយនៅក្នុងបន្ទប់ ជាជាងនៅក្នុងសមរភូមិ
* សង្គ្រាមត្រូវបានបញ្ឈប់នៅមុនពេលវាផ្ទុះឡើង
* មិនរង់ចាំការបាត់បង់ជីវិតមនុស្សទើបចាប់ផ្តើមសកម្មភាពទេ។
ប្រមុខដឹកនាំ គជប ដដែលរូបនោះបានថ្លែងថា គ្មានផលប៉ះពាល់ទាល់តែសោះចំពោះចំនួនអ្នកទៅបោះឆ្នោត ព្រោះច្បាប់កម្ពុជា មិនបានចែងពីអត្រានៃចំនួនអ្នកចេញទៅបោះឆ្នោតទេ ហើយច្បាប់នៅអឺរ៉ុប និងរដ្ឋធម្មនុញ្ញអឺរ៉ុប ក៏គ្មានចែងនោះដែរ ហើយសូម្បីតែអ្នកចេញទៅបោះឆ្នោតមានចំនួន៣០ភាគរយ ក៏អឺរ៉ុបមិនបដិសេធលទ្ធផលបោះឆ្នោតដែរ។
លោក ស៊ិក ប៊ុនហុក បានថ្លែងថា បើយើងមានសន្តិភាពហើយរឿងអីយើងធ្វើឱ្យបាត់បង់ទៅវិញ បើជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ហើយ គ.ជ.ប ក៏កំពុងធ្វើការងារដោយគោរពឆន្ទៈរាស្ត្រឱ្យខាងតែបាន៖
* ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
* សន្លឹកឆ្នោតរបស់គេដែលបានបោះត្រូវបានរាប់យ៉ាងត្រឹមត្រូវ ហើយក៏មិនត្រូវមាក់ងាយប្រជាពលរដ្ឋដែរ ព្រោះរាល់ការបោះឆ្នោតកន្លងមកប្រជាពលរដ្ឋកម្ពុជា បានបង្ហាញឆន្ទៈរបស់ខ្លួនមិនតិចជាង៧០ភាគរយនោះទេ រាល់ការបោះឆ្នោតសកលចំនួន៨លើករួចមកហើយ ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតឱ្យគេបោះឆ្នោត ដូចមានចែងក្នុងមាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
លោក ស៊ិក ប៊ុនហុក បានបន្តថា «តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះមុខ និងតាមនីតិវិធីជ្រើសរើសឆ្នោតជាសម្ងាត់» មានន័យថាមាត្រានេះ មិនបានរើសអើងគណបក្សនយោបាយ តូច ឬធំទេ ឬគណបក្សកាន់អំណាច ឬគណបក្សប្រឆាំងទេ ឬទាមទារវត្តមានរបស់អតីតគណបក្សប្រឆាំងទេ៕