FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៨ ខែមេសានេះ បានផ្ដល់នូវទស្សនៈសំខាន់ៗ៦ ចំណុច តាមរយៈប្រធានបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» ដែលមានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដែលជាសមាជិកអាស៊ាន ទាំង១០ប្រទេស។
នៅក្នុងកិច្ចប្រជុំ «កំពូលអាស៊ាន» លើកទី៣២ នៅប្រទេសសិង្ហបុរីនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈសំខាន់ៗ ចំនួន៦ចំណុចរួមមាន៖
១៖ អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ ដែលបានកំណត់បញ្ចប់កិច្ចព្រមព្រៀង ដោយបង្កើនប្រសិទ្ធិភាពក្នុងការសម្របសម្រួលស្ថាប័ន ក្របខ័ណ្ឌច្បាប់ពង្រឹង ការតភ្ជាប់ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ អាស៊ានត្រូវរៀនសូត្រ ឲ្យបានទៀងទាត់ ដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី ចំពោះការផ្លាស់ប្តូរគំនិត ពីព្រោះអ្វីដែលធ្វើឲ្យអាស៊ានខុស ពីក្រុមក្នុងតំបន់ ដទៃទៀត គឺកិច្ចសហប្រតិបត្តិការល្អ ការទទួលយកនូវឱកាសថ្មីៗ។
២៖ នៅក្នុងបរិបទនៃការកើនឡើង នៃសង្គ្រាមពាណិជ្ជកម្ម អាស៊ានត្រូវតែហ៊ានប្រឆាំងនឹងនិន្នាការការពារនិយមនេះ តាមរយៈការបង្កើនសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការធ្វើ សមាហរណកម្មតំបន់ ឲ្យបានទូលំទូលាយតាមរយៈការដោះស្រាយបញ្ហាធំៗ ដូចជាវិធានការមិនមែនពន្ធគយ បញ្ហាសម្របសម្រួលពាណិជ្ជកម្ម ការអនុវត្តន៍ច្រកចេញចូលតែមួយរបស់អាស៊ាន។
៣៖ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ លើការធ្វើពាណិជ្ជកម្ម និងផលិតកម្មក៏ដូចជាការសម្របខ្លួន ដោយជោគជ័យជាមួយបច្ចេកវិទ្យាថ្មីៗ អាស៊ានប្រាកដជា មានការងារ អាទិភាពជាច្រើន ត្រូវបានបញ្ចប់រួមទាំងបន្តពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសលើ ការដឹកជញ្ជូន និងទូរគមនាគមន៍ ការស្រាវជ្រាវ ការអភិវឌ្ឍ និងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។
៤៖ ប្រទេសកម្ពុជា សូមវាយតម្លៃខ្ពស់ ចំពោះទស្សនៈរបស់មេដឹកនាំអាស៊ាន ដែលមានភាពរឹងមាំ និងច្នៃប្រឌិត ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់អាស៊ាន ក្នុងការកសាងសហគមន៍មួយ ដែលពោរពេញទៅដោយភាពបើកចំហ តម្លាភាព និងការបញ្ចូលគ្នា ដោយផ្តោតអភិក្រម នៃការយកចិត្តទុកដាក់ លើប្រជាជនជាពិសេសយុវជន និងតម្រង់ជាមួយនឹងឱកាសនៃការអភិវឌ្ឍ បច្ចេកវិទ្យា និងការច្នៃប្រឌិតខ្ពស់ តាមរយៈការតភ្ជាប់ឌីជីថល ឆ្លាតនិងធន់។
៥៖ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល គឺជាឱកាសដ៏ល្អមួយ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ការប្រើអ៊ិនធឺណេត សម្រាប់អំពើភេរវកម្មនិងឧក្រិដ្ឋកម្មផ្សេងៗ ក៏ដូចជាការ ផ្សព្វផ្សាយ សកម្មភាពភេរវកម្ម គឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិសុខជាតិ, តំបន់ និងពិភពលោក។
ប្រទេសកម្ពុជា រំពឹងថា ការអនុវត្តសេចក្តីថ្លែងការណ៍ របស់មេដឹកនាំអាស៊ានស្តីពី កិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ប្រាកដជា នឹងជំរុញឲ្យមានការសម្របសម្រួល កាន់តែជិតស្និទ្ធ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន លើគោលនយោបាយសន្តិសុខអ៊ីនធឺណិត និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព តាមរយៈការចែក រំលែកបទពិសោធន៍ និងការច្នៃប្រឌិតថ្មី។
៦៖ ប្រទេសកម្ពុជាជឿជាក់ថា តាមរយៈគំនិតផ្តួចផ្តើម ក្នុងការបង្កើតបណ្តាញ Smart Cities អាស៊ាននឹងអាចស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីទាញយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ដូច្នេះ នៅក្នុងការអនុវត្តជាក់ស្តែង ការរៀបចំទីក្រុងអាស៊ាន Smart Cities ក៏ត្រូវយកចិត្តទុកដាក់ផងដែរ លើចំនុចមួយចំនួនដូចជា ១៖ បង្កើតយន្តការ គ្រប់គ្រងប្រតិបត្តិការ ដោយខ្លួនឯង, ២៖ បង្កើតយន្តការហិរញ្ញវត្ថុ ដែលអនុគ្រោះដែលអាចអនុវត្តជាក់ស្តែង ដើម្បីជួយអភិវឌ្ឍទីក្រុងឆ្លាតវៃ សម្រាប់ប្រទេសសមាជិកអាស៊ាននីមួយៗ និង៣៖ បង្កើតស្តង់ដាររួម និងយន្ត ការដើម្បីទ្រទ្រង់ការអភិវឌ្ឍទីក្រុងអាស៊ានទាំងមូល។
នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញឡើងថ្លែងសន្ទរកថា ដែលមានខ្លឹមសារថា សម្តេចពិតជាមានសេចក្តីរីករាយ ដែលចូលរួមក្នុងកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៣២នេះ និងបានអរគុណដល់ប្រទេសសិង្ហបុរី ដែលបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយភាពកក់ក្តៅ និងរួសរាយរាក់ទាក់បំផុត។
ប្រមុខដឹកនាំកម្ពុជា បានបន្ថែមថា តាមរយៈប្រធានបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» ពិតជាមានសារសំខាន់យ៉ាងខ្លាំង និងមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ ទៅនឹងបរិបទ តំបន់ និងពិភពលោក ដែលកំពុងវិវឌ្ឍន៍ នៃបញ្ហានយោបាយសេដ្ឋកិច្ច និងសង្គម ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ អាស៊ានគឺជា សហគមន៍មួយដោយមាន គោលបំណង ដើម្បីរក្សាភាពរឹងមាំ និងដើម្បីចាប់យកសក្តានុពលខ្ពស់ បំផុតនៃការអភិវឌ្ឍបច្ចេកវិទ្យា៕