FN ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសដោយធានាអះអាងថា ការបោះឆ្នោតនាពេលខាងមុខ គ្មានខុសច្បាប់ ឬយុត្ដិសាស្ដ្រណាទេ ហើយក្នុងការដែលលោកបំភ្លឺជុំវិញភាពស្របច្បាប់នៃការបោះឆ្នោត នៅពេលដែលមានការលើកឡើងថា អវត្តមានរបស់ អតីតគណបក្សសង្គ្រោះជាតិ អត្រានៃប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតមានចំនួនតិច និងការចូលរួម ឬមិនចូលរួមរបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ក្នុងការសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់ការប្រកាសផ្សព្វផ្សាយពីការចាប់ផ្ដើមដំណើរការរៀបចំ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ជាផ្លូវការចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះតទៅ។
ការផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងនៅចំពោះមុខតំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, អង្គការមិនមែនរដ្ឋាភិបាលចំនួន១៦, គណបក្សនយោបាយចំនួន១១, តំណាងស្ថានទូតជប៉ុន, ជំនាញការអង្គការ JICA, ជំនាញការ KOICA។
បើតាម គ.ជ.ប លោក ស៊ិក ប៊ុនហុក បានជម្រាបជូនយ៉ាងក្បោះក្បាយអំពីដំណើរការនៃការរៀបចំការបោះឆ្នោតជាតិនាពេលខាងមុខ តាំងពីការរៀបចំបញ្ជីបោះឆ្នោត ការជ្រើសរើស និងតែងតាំងមន្ដ្រីបោះឆ្នោត ការត្រៀមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការត្រៀមឃោសនាបោះឆ្នោត ការផ្ដល់បណ្ណព័ត៌មានអ្នកបោះឆ្នោត ការចុះឈ្មោះអ្នកសង្កេតការណ៍ និងជាពិសេសថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។