FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍ សម្រាប់បណ្ដាស្ថានីយវិទ្យុ និងទូរទស្សន៍ ដែលមានបំណង រៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្ស ដោយការលក់ ឬជួលម៉ោងផ្សព្វផ្សាយទៅឲ្យ គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ។
បើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ដែលមានបំណងលក់ ឬជួលម៉ោងផ្សាព្វផ្សាយ ឲ្យគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតខាងមុខនេះ ស្ថានីយវិទ្យុ និងទូរទស្សន៍ត្រូវគោរពលក្ខខណ្ឌគោលការណ៍ចំនួន៤ចំណុចរួមមាន៖
ទី១៖ ត្រូវប្រកាសជាសាធារណៈ អំពីចំនួនម៉ោងដែលខ្លួនមានសម្រាប់លក់ ឬជួលក្នុងរយៈពេល១ថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់លក់ ឬជួលក្នុងរយៈពេល២១ថ្ងៃ នៃដំណាក់កាលឃោសនាបោះឆ្នោត។
ទី២៖ ត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈ អំពីតម្លៃដែលលក់ ឬជួលនោះ។
ទី៣៖ ត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយនេះ ទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ មុនថ្ងៃចាប់ផ្ដើមឃោសនាបោះឆ្នោត ហើយសេចក្ដីជូនដំណឹងនេះ ត្រូវចម្លងជូនមក គ.ជ.ប ចំនួន១ច្បាប់ផងដែរ។
ទី៤៖ ត្រូវផ្ដល់ព័ត៌មានមក គ.ជ.ប អំពីឈ្មោះគណបក្សនយោបាយដែលបានទិញ ឬជួលម៉ោងផ្សាយ។
សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ហើយ គ.ជ.ប នឹងបង្កើតគណៈកម្មការសម្របសម្រួលជាមួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕