FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ទៅសមភាគីជប៉ុនថា សម្តេចបានទទួលបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី ខណៈដែលក្នុងជីវិតនៃការដឹកនាំរបស់សម្តេចបានប្រើប្រាស់វប្បធម៌សន្ទនានេះ ដើម្បីបញ្ចប់ជម្លោះ និងបង្រួបបង្រួមជម្លោះផ្ទៃក្នុងរបស់ជាតិកាលពីអតីតកាល។
ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក Kentaro Sonoura ទីប្រឹក្សានាយករដ្ឋមន្រ្ដីជប៉ុន ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួននៅវិមានសន្តិភាពនារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។
ក្នុងជំនួបនោះ លោក Kentaro Sonoura បានលើកឡើងថា រដ្ឋាភិបាលជប៉ុនមិនជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជានោះទេ គ្រាន់តែចង់ដឹងថា តើសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពណាមួយចរចា ឬ សន្ទនាជាមួយអ្នកនយោបាយអតីតបក្សប្រឆាំងដែលបានកាត់សិទ្ធិនយោបាយដែរឬទេ?។ នេះបើតាមលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបនោះ។
លោក ស្រ៊ី ថាមរ៉ុង្គ បានគូសបញ្ជាក់ថា ចំពោះបញ្ហានេះសម្តេចតេជោ ហ៊ុន សែន បានពន្យល់ទៅលោក Kentaro Sonoura ថា នៅកម្ពុជាមិនមានច្បាប់លើកលែងសម្រាប់អ្នកត្រូវបានកាត់សិទ្ធិនយោបាយនោះទេ ហើយក៏គ្មាននរណាហ៊ានប្រឆាំងដីការតុលាការកំពូលនោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ជប៉ុនទៀតថា សម្តេចបានប្រើពេល ៣/៤នៃជីវិតរបស់សម្តេចក្នុងចរចា និងសន្ទនា ដើម្បីបញ្ចប់ជម្លោះ និងវិបត្តិរបស់កម្ពុជាកាលពីអតីតកាល ហើយសម្តេចក៏បានព្យាយាមប្រើប្រាស់វប្បធម៌សន្ទនានេះច្រើនដងផងដែរជាមួយលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងតែរុំស្រោបដោយទោសទណ្ឌនោះ។
សម្តេចតេជោ បានរំលឹកថា សម្តេចធ្លាប់បានសុំការព្រះទានទោសចំនួនពីរដងដល់លោក សម រង្ស៊ី, ធ្លាប់ព្យាយាមបង្កើតវប្បធម៌សន្ទនាកាលពីឆ្នាំ២០១៤ ដោយបានហៅទាំងក្រុមគ្រួសារជួបជុំគ្នា តែបែរជាលោក សម រង្ស៊ី នៅតែបន្តវាយប្រហារសម្តេច និងក្រុមគ្រួសារ ប្រមាថមើលងាយដល់ភារិយា និងកូនប្រុសរបស់សម្តេចថែមទៀត ព្រមទាំងបានអំពាវនាវឲ្យកងទ័ពផ្តួលរំលំរាជរដ្ឋាភិបាល។
លោក ស្រ៊ី ថាមរ៉ុង្គ បានដកស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកបញ្ជាក់យ៉ាងដូច្នេះ «សម្តេចបានថា លោកបានចំណាយពេល ៣/៤នៃជីវិតខ្លួនសម្រាប់តែធ្វើការចរចាបង្រួបបង្រួមជាតិ ហើយសម្តេចបានប្រឹងប្រែងសព្វបែបយ៉ាងជាមួយ សម រង្ស៊ី លើកលែងទោសឲ្យ សម រង្ស៊ី ពីរដង។ ក្រោយមកវាយប្រហារសម្តេច ហើយរហូតដល់សព្វថ្ងៃគេនៅតែប្រព្រឹត្តការបំផ្លាញកម្ពុជា អំពាវនាវឲ្យកងទ័ពបែរកាណុងប្រឆាំងនឹងរាជរដ្ឋាភិបាល ហៅអាមេរិកបាញ់មីស៊ីលចូលផ្ទះសម្តេច…មើលងាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកូន។ បើទោះបីសម្តេចបានខិតខំនាំគេមកទាំងក្រុមគ្រួសារ ដើម្បីបង្កើតនូវវប្បធម៌សន្ទនា ក៏នៅមិនបានទៀត។ សម្តេចបានទទួលស្គាល់ថា សម្តេចបានបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនានេះជាមួយ សម រង្ស៊ី»។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់លោក Kentaro Sonoura ថា ស្ថានភាពនយោបាយនៅកម្ពុជាគឺល្អប្រសើរច្រើនបើធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ តែមិនមានការដាក់សម្ពាធដល់ប្រទេសទាំងនោះព្រោះតែកត្តាសេដ្ឋកិច្ច។ ដោយឡែកកម្ពុជា គ្រាន់តែជាការអនុវត្តន៍ច្បាប់បែរជាត្រូវប្រទេសលោកខាងលិចធ្វើការវាយប្រហារទៅវិញ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រាប់ទៅភាគីជប៉ុនទៀតថា នៅកម្ពុជាមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ ហើយក៏មានគណបក្សនយោបាយខ្លាំងៗ ដែលតាំងខ្លួនជាបក្សប្រឆាំងផងដែរ។ ក្នុងនោះសម្តេចក៏ធ្លាប់បានផ្តល់គំនិតអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលមិនបានកាត់សិទ្ធិធ្វើនយោបាយឲ្យបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងនយោបាយផងដែរ ព្រោះប្រជាពលរដ្ឋមិនមែនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់នោះទេ។
ក្រោយបានស្តាប់ការពន្យល់លោក Kentaro Sonoura បានសន្យាថា នឹងយកហេតុផលទាំងអស់នេះទៅប្រាប់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ិនហ្សូ អាបេ ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋាភិបាលជប៉ុន។ លោក Kentaro Sonoura ក៏បានអះអាងដែរថា រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់ការពង្រឹងនីតិរដ្ឋ និងការអនុវត្តន៍ច្បាប់របស់កម្ពុជា ហើយជប៉ុនក៏នៅតែគាំទ្រគ្រប់យន្តការរបស់កម្ពុជាក្នុងការថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍ៕