FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសញ្ញាបត្រដល់គរុសិស្ស និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំឆ្នាំ២០១៦-២០១៧ ចំនួន ១,៦៣០នាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ គ្មានប្រទេសណាដែលបំផ្លាញដល់ឫស្សគល់នៃការអប់រំដូចនៅកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីនៅជារដ្ឋមន្ត្រីក្រសួងការបរទេសសម្តេចបានដើរច្រើនប្រទេស តែគ្មានប្រទេសណាបំផ្លាញដល់ឫស្សគល់នៃការអប់រំដូចរបបប៉ុលពតនោះឡើយ ពោលបើទោះបីប្រទេសទាំងនោះជួបប្រទះភ្លើងសង្គ្រាម តែក្រោយពេលបញ្ចប់សង្គ្រាមហេដ្ឋារចនាសម្ព័ន្ធនៃការអប់រំនៅតែអាចរក្សាបានដដែល។ ផ្ទុយទៅវិញនៅកម្ពុជាក្រោយពេលរំដោះចេញពីរបប ប៉ុលពត គឺហេដ្ឋារចនាសម្ព័ន្ធអប់រំ ត្រូវបានបំផ្លាញខ្ទេចខ្ទី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីឆ្នាំ១៩៨២ ពេលសម្តេចបំពេញទស្សនកិច្ចនៅប្រទេសបារាំងសម្តេចធ្លាប់បានលើកឡើងថា ភាសាបារាំងនៅកម្ពុជាមាន ការធ្លាក់ចុះ ហើយសម្តេចស្នើឲ្យមានការយកចិត្តទុកដាក់ដូចជាការបង្កើតមជ្ឈមណ្ឌលភាសាបារាំង និងបង្កើតសាលាបណ្តុះបណ្តាលភាសាបារាំងជាដើម។
តែពេលនោះសម្តេចបានទទួលចម្លើយពីសមាជិកសភាបារាំងថា រដ្ឋាភិបាលមិនគាំទ្ររដ្ឋាភិបាលរបស់សម្តេច ហើយក៏មិនបានយកចិត្តទុកដាក់លើស្ថានភាពភាសាបារាំង នៅកម្ពុជានោះដែរ។ បើតាមសម្តេចព្រោះតែភាពព្រងើយកន្តើយនោះហើយ ជាហេតុនាំឲ្យការប្រើប្រាស់ភាសាបារាំងនៅកម្ពុជានាពេលបច្ចុប្បន្នត្រូវធ្លាក់ចុះ។
* តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន មើលឃើញថា បច្ចុប្បន្នភាសាបារាំងនៅតែដើរតួនាទីសំខាន់ក្នុងវិស័យវេជ្ជសាស្ត្រ និងផ្នែកច្បាប់។ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាសាបារាំងនឹងបន្តធ្លាក់ចុះខ្លាំងជាងនេះទៅទៀតនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា នៅឆ្នាំ២០១៨នេះ អូស្ត្រាលីនឹងបញ្ជូនសិស្សរបស់ពួកគេចុះមកកម្មសិក្សានៅកម្ពុជាប្រមាណជា ៨០០នាក់ ដែលជាការបង្ហាញឲ្យឃើញពីការពង្រីកទំនាក់ទំនង និងការយកចិត្តទុកដាក់លើវិស័យអប់រំរបស់ប្រទេសនីមួយៗ។
* សម្តេចតេជោ បានថ្លែងថា កម្ពុជាបានប្រឹងប្រែងខ្លាំងណាស់លើវិស័យអប់រំនេះ ពោលគឹបានចាប់ផ្តើមពីស្ថានភាពមួយដ៏លំបាកក្រោយពេលរំដោះ រហូតឈានមកដល់ដំណាក់ល្អប្រសើរដូចពេលបច្ចុប្បន្ននេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានសិស្សជាង ៣លាននាក់ ហើយមានគ្រូជិត ១២ម៉ឺននាក់។ សម្តេចនាយករដ្ឋមន្ត្រីបន្តថា ការអភិវឌ្ឍលើវិស័យអប់រំ និងសុខាភិបាលមិនមានផែនការត្រូវកាត់បន្ថយនោះទេ គឺមានតែការបន្ថែមថវិកាសម្រាប់អភិវឌ្ឍបន្ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្តេចក្នុងការនាំយកខ្មែរក្រហម មករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ គឺជារឿងសំខាន់ណាស់។ សម្តេចតេជោ បានរំលឹកថា ការធ្វើសមាហរណកម្មត្រឹមតែផ្នែករដ្ឋបាលមិនអាចគ្រប់គ្រាន់នោះទេ ពោលត្រូវតែធ្វើសមាហរណកម្មគ្រប់វិស័យទាំងអស់ ទាំងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងការអប់រំផងដែរ។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា គោលការណ៍ធំៗចំនួន៣ចំណុចនៃនយោបាយឈ្នះឈ្នះរបស់កម្ពុជា មានប្រទេសមួយចំនួនមិនហ៊ានអនុវត្តន៍នោះទេ។ តែសម្រាប់សម្តេច គឺបានអនុវត្តន៍ប្រកបដោយជោគជ័យ។ គោលការណ៍ទាំង៣ចំណុចនោះរួមមាន៖
១៖ ធានាអាយុជីវិត មិនឲ្យមានការកាប់សម្លាប់ និងចាប់ដាក់គុក
២. រក្សាអាជីព និងមុខរបរ ពោលទាហាននៅតែធ្វើទាហានដដែល គ្រូបង្រៀននៅតែធ្វើគ្រូបង្រៀនដដែល
៣. ទទួលស្គាល់កម្មសិទ្ធិអចលនទ្រព្យ និងចលនទ្រព្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លើពិភពលោកនេះ ប្រហែលមិនមានប្រទេសណាដែលបើកប្រាក់ខែជូនមន្ត្រីរាជការនៅនៅសប្តាហ៍ទី៣នៃខែនីមួយនោះទេ។ មិនតែប៉ុណ្ណោះសម្រាប់មុនពេលបុណ្យចូលឆ្នាំ និងក្រោយពេលចូលឆ្នាំសុទ្ធតែបានបើកប្រាក់ខែនៅពាក់កណ្តាលខែ ដែលជាបញ្ចេញប្រាក់រៀលដ៏ធំ តែទោះជាយ៉ាងណារាជរដ្ឋាភិបាលមានវិធីក្នុងការគ្រប់គ្រងសាច់ប្រាក់នេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាឈរនៅលំដាប់ថ្នាក់ទី៥ ក្នុងអាស៊ានជាប្រទេសផ្តល់ប្រាក់ខែដល់មន្ត្រីរាជការខ្ពស់ រាប់ចាប់ពីមន្ត្រីថ្នាក់ទាបជាងគេឡើងទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចំណាយថវិកាប្រមាណ ២៦៦លានរៀល សម្រាប់ជប់លាង និងសម្រាប់ដំណើរកម្សាន្តទៅលេងអង្គរវត្តរបស់គរុសិស្ស និស្សិត ដែលបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិអប់រំឆ្នាំសិក្សា២០១៦-២០១៧។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឧបត្ថម្ភថវិកាដល់មន្ត្រីរាជការរាប់ចាប់ពីថ្នាក់ភូមិឡើងក្នុងម្នាក់ៗ ៥ម៉ឺនរៀលក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គឺជាការបញ្ចេញសាច់ប្រាក់ដ៏ច្រើន ប៉ុន្តែមិនធ្វើឲ្យបាក់ជន្ទល់សេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ។