FN ៖ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌ នៃលំហូរទុនវិនិយោគពីបរទេស បណ្ដាគម្រោងវិនិយោគ ដែលសម្រេចអនុម័តរួច ឬត្រៀមអនុម័តក្នុងឆ្នាំ២០១៩ ក្នុងវិស័យរ៉ែ និងប្រេងកាត មានទំហំប្រមាណជាង១,៣០០លានដុល្លារ ដែលនឹងជំរុញធ្វើឲ្យវិស័យរ៉ែ និងប្រេងកាត ក្លាយជាប្រភពលំហូរទុនវិនិយោគពីបរទេសដ៏ធំមួយ សម្រាប់ឆ្នាំ២០១៨-២០១៩ខាងមុខនេះ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសលោករដ្ឋមន្ដ្រី អញ្ជើញជាអធិបតីក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤-២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ដ្រីរាជការទាំងអស់នៃក្រសួងរ៉ែ និងថាមពល។
បើតាមលោក ស៊ុយ សែម ប្រសិទ្ធិផលរបស់ក្រសួងរ៉ែ និងថាមពល នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតបាននូវឱកាស សេដ្ឋកិច្ចសង្គម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ បន្ថែមលើផលប្រយោជន៍ ពីការពង្រឹងបាននូវទំហំ និងមូលដ្ឋានសារពើពន្ធរបស់ជាតិ ហើយសម្រាប់ឆ្នាំ២០១៨ ក៏ដូចជាឆ្ពោះទៅបណ្ដាឆ្នាំខាងមុខនៅអាណត្តិក្រោយនេះ គឺជាពេលវេលាដែលវិស័យរ៉ែ និងថាមពល ត្រូវបានចាប់ផ្ដើមការ ប្រមូលផលយ៉ាងពេញលេញ ពីរាល់ការវិនិយោគកន្លងមក។
លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ការពង្រឹងបានប្រសិទ្ធិភាពអភិបាលកិច្ចខ្ពស់ លើការគៀងគរប្រមូលចំណូលជាតិពីវិស័យរ៉ែ និងប្រេងកាត ដែលក្នុងរយៈពេលនៃអាណត្តិនេះ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ និងប្រេងកាតបានកើនឡើងលើសពី១០ដង ប្រៀបធៀបទៅនឹងអាណត្តិកន្លងមក។
លោក ស៊ុយ សែម ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ និងប្រេងកាត មុនឆ្នាំ២០១៣ មានទំហំប្រមាណ ២-៣លានដុល្លារ ក្នុងមួយឆ្នាំ ត្រូវបានកើនឡើងនៅឆ្នាំ២០១៦-២០១៧ មានទំហំប្រមាណ១៧-១៨លានដុល្លារក្នុងមួយឆ្នាំ។
បន្ថែមពីនេះ លោកបានលើកឡើងថា ទន្ទឹមជាមួយគ្នានិងវឌ្ឍនភាពយ៉ាងល្អប្រសើរនាពេលកន្លងមកនេះ ច្បាស់ណាស់ វិស័យរ៉ែ និងថាមពល នឹងបង្កើននូវបច្ច័យប៉ះពាល់វិជ្ជមានកាន់តែធំធេងឡើង ចំពោះវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅកម្ពុជា ចំពោះការជំរុញអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការគៀងគរចំណូលសារពើពន្ធ និងការទទួលខុសត្រូវក្នុងការពារគុណភាពបរិស្ថានធម្មជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ស៊ុយ សែម ក៏បានជំរុញគ្រប់អង្គភាព អគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង ត្រូវរួមគ្នាយកឱកាសថ្ងៃនេះ ដើម្បីពិនិត្យឡើងវិញនូវបណ្ដាសមិទ្ធផលទាំងអស់នោះ បណ្ដាមេរៀនបទពិសោធន៍ បញ្ហាប្រឈម ចំណុចខ្លាំងខ្សោយនៃប្រសិទ្ធផលការងារ និងយុទ្ធសាស្ដ្រ ដើម្បីសម្រិតសម្រាំងផែនការសកម្មភាពនៅឆ្នាំ២០១៨ បន្ដបង្កើនជោគជ័យថ្មីៗថែមទៀតក្នុងវិស័យនេះ៕