FN ៖ បន្ទាប់ពីបានជួបកម្មករ កម្មការិនីក្នុងរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតម្កល់ប្រយោជន៍ប្រជាជន ក្នុងក្រអៅបេះដូងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កាលពីមុន តើមាននរណាស្រម៉ៃ និងនឹកឃើញថា នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ និងមានកូនខ្មែរច្រើនដូចពេលនេះទៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់កម្មករ កម្មការិនីថា ប្រសិនបើពួកគេចង់ឲ្យសម្តេចបន្តដឹកនាំប្រទេសនាំសេចក្តីសុខ និងភាពរីកចម្រើនតាមបំណងប្រាថ្នារបស់ពួកគេនោះ គឺត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺនឹងបានសម្តេចបន្តនៅជាមួយពួកគេហើយ មិនបាច់ទៅបន់ស្រន់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ ក៏មានជោគវាសនាអាក្រក់មិនខុសពីបណ្តាខេត្តដទៃនោះឡើយក្នុងអំឡុងពេលនៃសង្គ្រាមហែកហួរ។ តែបច្ចុប្បន្នក្រុងព្រះសីហនុ កំពុងមានការរីកចម្រើន ដែលសមជាទីក្រុងមាត់សមុទ្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា នឹងធ្វើកំពង់ផែទឹកជ្រៅមួយទៀតនៅស្ទឹងហាវ ហើយក៏នឹងធ្វើកំពង់ផែមួយទៀតនៅខេត្តកំពតផងដែរ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនតាមផ្លូវសមុទ្រ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនី ដែលទទួលបានប្រាក់ឈ្នួលអប្បបរិមា ១៧០ដុល្លារ ហើយប្រាក់ឈ្នួលទៀបបំផុតនេះ នឹងបន្តឡើងទៅទៀតនៅឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់។
* ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចពិតជាមានមោទនភាព ដែលក្នុងដំណាក់កាលនៃការដឹកនាំរបស់សម្តេចបានធ្វើឲ្យប្រទេសកម្ពុជាប្រែក្លាយពីគ្រាមួយដ៏លំបាកលំបិន មកជាប្រទេសមានការអភិវឌ្ឍក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
* សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា នឹងមានអ្នកវិនិយោគកាន់តែច្រើនទៀតមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហើយស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ប្រទេស មិនមែនស្វាគមន៍តែមកពីប្រទេសចិននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដែលកម្ពុជាកំពុងមាន គឺបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ពោលមិនមែនធ្លាក់ពីលើមេឃ ឬ បានមកពីបក្សប្រឆាំងនោះទេ។
* សម្តេចតេជោថា កម្ពុជាចាប់ផ្តើមខ្វះកម្លាំងពលកម្ម ហើយក្រុមហ៊ុនក៏កំពុងមានការប្រកួតប្រជែងគ្នា ដើម្បីយកកម្លាំងពលកម្ម។ សម្តេចបានបញ្ជាក់ថា ដើម្បីមានប្រៀបលើការប្រកួត ប្រជែងនេះ ក្រុមហ៊ុនត្រូវផ្តល់ប្រាក់ខែជូនកម្មករឲ្យបានខ្ពស់ ហើយត្រូវមានកន្លែងស្នាក់នៅ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃកម្លាំងពលកម្មនៅកម្ពុជានាពេលបច្ចុប្បន្ននេះ នៅចាញ់ប្រទេសថៃតែបន្តិចបន្តួចប៉ុណ្ណោះ។
* កម្មការិនីម្នាក់បានឈឺពោះសម្រាលកូន ពេលកំពុងសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន។ ក្រុមការងារក្រសួងការងារ បានបញ្ជូនភ្លាមៗទៅសម្រាលនៅមន្ទីរពេទ្យផងដែរ។
* ក្នុងជំនួបជាមួយកម្មករ និយោជិតជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចព្រះសីហនុនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យកម្មករ កម្មការិនីរួមគ្នារក្សាការពារសុខសន្តិភាពមិនត្រូវឲ្យ នរណាបំផ្លាញនោះឡើយ។ សម្តេចថា កម្ពុជាបានឆ្អែតឆ្អន់ហើយជាមួយភ្លើងសង្គ្រាម និងការបែកបាក់ជាតិកាលពីអតីតកាល។
* ក្នុងជំនួបជាមួយកម្មករ និយោជិតជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចព្រះសីហនុនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យកម្មករ កម្មការិនីរួមគ្នារក្សាការពារសុខសន្តិភាពមិនត្រូវឲ្យនរណាបំផ្លាញនោះឡើយ។ សម្តេចថា កម្ពុជាបានឆ្អែតឆ្អន់ហើយជាមួយភ្លើងសង្គ្រាម និងការបែកបាក់ជាតិកាលពីអតីតកាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនគួរបារម្ភចំពោះវត្តមានរបស់អ្នកវិនិយោគចិននៅលើទឹកដីខេត្តព្រះសីហនុនោះទេ ត្រូវគិតថា យើងមានកម្លាំងពលកម្មសម្រាប់ចិនហើយឬនៅ?
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរឯកអគ្គរដ្ឋទូតអាមេរិកថា តើអាមេរិកប្រកាសកាត់ជំនួយផ្នែកពន្ធដាដើម្បីបំណងអ្វីទៅ? សម្តេចបានបញ្ជាក់ថា ជំនួយលើវិស័យពន្ធដានេះ បានបញ្ចប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ តើអ្វីទៅជាបំណងនៃការប្រកាសនេះ?
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានចោទសួរអាមេរិកថា តើអ្វីទៅជាបំណងនៃការប្រកាសកាត់ផ្តាច់ជំនួយ ដែលបានផ្អាកតាំងពីឆ្នាំ២០១៦មកនោះ? សម្តេចតេជោ ចាត់ទុកការប្រកាសនេះ ជារឿងនយោបាយបំបាក់មុខកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បាតុកម្មនៅអូស្ត្រាលីកន្លែងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី មានហ្វីលីពីន មីយ៉ាន់ម៉ា ថៃ និងកម្ពុជា។ សម្តេចទទួលបានដំណឹងថា ប្រធានាធិបតីហ្វីលីពីន លោក ឌុយ ឌែតេ នឹងមិនទៅចូលរួមកិច្ចប្រជុំនេះឡើយ តែសម្រាប់សម្តេចវិញនៅតែបន្តទៅចូលរួមកិច្ចប្រជុំនេះ។
* សម្តេចនាយករដ្ឋមន្ត្រីបានចាត់ទុកការប្រកាសរបស់អាមេរិករឿងដកជំនួយពន្ធដានេះ ជាគោលដៅជួយប្រោសបក្សប្រឆាំងឲ្យរស់ឡើងវិញ ប៉ុន្តែត្រូវសម្តេចឆ្លើយតបថា កុំសង្ឃឹមឲ្យសោះ។
* សម្តេចតេជោ ហ៊ុន សែន ហៅឯកអគ្គរដ្ឋទូតអាមេរិកថា ជាទូតភូតកុហក, ហើយសុំឲ្យឯកអគ្គរដ្ឋទូតបំភ្លឺរឿងផ្តាច់ជំនួយអគ្គនាយកដ្ឋានពន្ធដារ
* សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកនាពេលបច្ចុប្បន្ន កុំធ្វើចរិតដូចឯកអគ្គរដ្ឋទូតអាមេរិកអាណត្តិមុន វិលលៀម ថូត ដែលលើកដៃច្រង៉េងច្រង៉ាង ពេលព្រះមហាក្សត្រយាងបើកសម័យប្រជុំរដ្ឋសភាកាលពីឆ្នាំ២០១៣។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ទូតអាមេរិកនឹងបំភ្លឺលើរឿងកាត់ផ្តាច់ជំនួយផ្នែកពន្ធដារ ដែលគេបានបញ្ឈប់តាំងពីឆ្នាំ២០១៦មកនោះ។
* សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនៅតែមានចេតនារក្សាទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក ហើយកំពុងរង់ចាំការឆ្លើយតប ដើម្បីបន្តបេសកកម្មនុស្សធម៌រុករក អដ្ឋិធាតុទាហានអាមេរិកលើដីកម្ពុជា។
* សម្តេចតេជោ ថ្លែងថា ទឹកកាន់តែថ្លា កាន់តែឃើញត្រី ពោលសម្តេចសំដៅដល់បុគ្គលមួយចំនួនអះអាងថា ខ្លួនជាអ្នកតំណាងឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែពេលឲ្យទៅចុះបញ្ជីបែរ ជារកសមាជិកចុះបញ្ជីមិនបាន។ ផ្ទុយទៅវិញអ្នកមិនធ្លាប់ប្រកាស ឬ អះអាងថា ជាអ្នកតំណាងឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបែរ ជាមានសមាជិកទៅចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គមទៅវិញ។