FN ៖ ក្រសួងមហាផ្ទៃ និងក្រសួងការងារ នឹងចាត់វិធានការណ៍តាមផ្លូវច្បាប់យ៉ាងដាច់ណាត់ ឬឈានដល់ការបណ្ដេញពីកម្ពុជា ចំពោះពលករបរទេស ជាង១០ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដោយគ្មានប័ណ្ណការងារ ដែលនាំឲ្យខាតបង់ប្រាក់ចំណូលចូលរដ្ឋ ប្រមាណ២០លានដុល្លារក្នុងមួយឆ្នាំ។
នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក សេង សក្ដា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដូចគ្នាថា ក្រសួងទុករយៈពេល១ខែជូនពលករបរទេស ដើម្បីមកចុះបញ្ជីការងារស្របតាមច្បាប់ ពោលគឺក្រោយចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមអធិការកិច្ចចម្រុះនៃអន្ដរក្រសួង នឹងចុះពិនិត្យស្រាវជ្រាវលើករណីនេះ។
ការឲ្យដឹងបែបនេះ របស់នាយឧត្តមសេនីយ៍ សុខ ផល និងលោក សេង សក្ដា បានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការពង្រឹងការងារអធិការកិច្ច ហត្ថពលកម្មបរទេសនៅកម្ពុជា និងសេចក្ដីជូនដំណឹងពីកាតព្វកិច្ចធ្វើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស។
នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងយ៉ាងដូច្នេះថា «យើងទុកពេលមួយខែតាមស្មារតីប្រកាសអន្ដរក្រសួង រហូតទៅដល់ថ្ងៃក្រោយចូលឆ្នាំខ្មែរ យើងនឹងធ្វើការត្រួតពិនិត្យឡើងវិញ តើអវត្តមានដែលគាត់មិនបានបង់ទៅតាមសៀវភៅ និងប័ណ្ណការងារនេះ ហើយយើងនឹងធ្វើការត្រួតពិនិត្យជំហ៊ានមួយទៀត […] ហើយផុតសុពលភាពមួយខែដែលកំណត់ យើងនឹងធ្វើការផាកពិន័យ»។
ជាមួយគ្នានេះ លោក សេង សក្ដា ក៏បានថ្លែងដោយជំរុញឲ្យពលករបរទេសទាំងអស់ សូមមកធ្វើប័ណ្ណ និងសៀវភៅការងារនៅក្នុងឆ្នាំ២០១៧ ឲ្យបានរួចរាល់ ហើយបើតាមច្បាប់អន្ដោប្រវេសន៍ និងច្បាប់ស្ដីពីការងារ ក្នុងឆ្នាំ២០១៨នេះ គឺតម្រូវឲ្យធ្វើការផាកពិន័យ ប៉ុន្ដែក្រសួងទាំង២មិនទាន់ធ្វើការផាកពិន័យនោះទេ គឺទុករយៈពេល១ខែ ដើម្បីឲ្យពលករទាំងអស់នោះមកបំពេញកាតព្វកិច្ច។
ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បន្ថែមថា ប្រសិនបើពលករបរទេសទាំងនោះ មិនបានមកធ្វើសៀវភៅការងារ ឬបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធជូនរដ្ឋ ដែលក្នុងមួយឆ្នាំមានតម្លៃ៤០ម៉ឺនរៀលនោះ ក្រសួងនឹងធ្វើការផាកពិន័យទៅតាមច្បាប់ ដោយកំណត់ផាកពិន័យពី៦០ថ្ងៃ ទៅ៩០ថ្ងៃ នៃប្រាក់ឈ្នួលប្រចាំថ្ងៃ ពោលគឺកំណត់ក្នុងមួយថ្ងៃ៤ម៉ឺនរៀល។
ក្រៅពីការផាកពិន័យជាប្រាក់ហើយនោះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល បានគូសបញ្ជាក់ថា ប្រសិនបើពលករបរទេសទាំងអស់នេះ នៅតែបន្ដរឹងរុះមិនព្រមបង់ពិន័យ នឹងប្រឈមជាមួយទោសទណ្ឌខាងផ្លូវតុលាការផងដែរ ដោយដាក់ពន្ធនាគាររយៈពេល៣ខែ រួចបណ្ដេញចេញពីកម្ពុជាតែម្ដង ឬម្យ៉ាងទៀត មិនដាក់ពន្ធនាគារទេតែបណ្ដេញចេញតែម្ដង ផ្អែកតាមច្បាប់អន្ដោប្រវេសន៍។
សូមរំលឹកថា ពាក់ព័ន្ធករណីពលករបរទេសនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអំពាវនាវនិយោជក (ថៅកែរោងចក្រ) ទាំងអស់ កុំទទួលយកបុគ្គលិកជាជនជាតិបរទេស ដែលគ្មានប័ណ្ណការងារឲ្យចូលបម្រើការ ហើយប្រសិនក្រសួងរកឃើញថា មានបុគ្គលជាជនជាតិបរទេសនោះ និយោជកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅបន្ដ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការទទួលបុគ្គលិកជនបរទេស ដែលគ្មានប័ណ្ណការងារឲ្យចូលធ្វើការនេះ នឹងធ្វើឲ្យរដ្ឋបាត់បង់ប្រាក់ចំណូល ប្រមាណ២០លានដុល្លារក្នុងមួយឆ្នាំ, លំបាកក្នុងការគ្រប់គ្រងសន្ដិសុខ និងប៉ះពាល់ដល់ការងាររបស់ជនជាតិខ្មែរ។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញថា ក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលមានក្រសួងការងារ និងក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យសហគ្រាស គ្រឹះស្ថាននានាចំនួន ៣,៩៦៩គោលដៅ មានពលករបរទេស សរុបចំនួន៣២,៥១២នាក់ មាន៩៣សញ្ជាតិ ក្នុងនោះបានផាកពិន័យជនបរទេសប្រកបមុខរបរ និងបម្រើការងារគ្មានប័ណ្ណការងារ ចំនួន១,៣៨៩នាក់៕