FN ៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប គឺជាការបោះជំហានដ៏វិជ្ជមានមួយ នៃវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា។ ក្នុងនោះប្រកាសនីយបត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញា ចំពោះរបកគំឃើញនៃការច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បងក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកក្នុងកិច្ចការពារកម្មសិទ្ធិបញ្ញា និងជំរុញវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនផងដែរ។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ត្រូវបានធ្វើឡើងឱកាស ដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់សុពលភាពប្រកាស នីយបត្រតក្កកម្មអឺរ៉ុប រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក François-Régis Hannart, Principal Director for European and International Co- operation, ជាអ្នកតំណាងរបស់ប្រធានស្ថាប័ន ប្រកាសនីយបត្រតក្កកម្មអឺរ៉ុប, Mr. Youdy Bun, EuroCham Board Member, partner and founder of Bun & Associates, និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនទៀត។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងបរិបទសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងការចូលរួមក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាន នាបច្ចុប្បន្ននេះកម្មសិទ្ធិបញ្ញា គឺជាកម្មវត្ថុមួយដ៏មានសារៈសំខាន់ សំរាប់ការធ្វើពាណិជ្ជកម្ម ការជម្រុញផលិតកម្ម ឧស្សាហកម្ម ជំរុញការប្រកួតប្រជែងទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ដោយមើលឃើញពីការខ្វះខាតនូវធនធាន និងមន្ត្រីជំនាញបច្ចេកទេស ក្នុងការស្រាវជ្រាវ ពិនិត្យវាយតម្លៃតក្កកម្ម ដើម្បីផ្តល់ប្រកាសនីយបត្រតក្កកម្ម ជូនអ្នកដាក់ពាក្យសុំការពារប្រកាសនីយបត្រតក្កកម្ម នៅកម្ពុជា និងម្យ៉ាងទៀត ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគ ពីសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀត ក្នុងពិភពលោកឲ្យចូលមកវិនិយោគ និងការពារកម្មសិទ្ធិបញ្ញា នៅកម្ពុជាឲ្យបានកាន់តែច្រើនឡើង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានធ្វើការសិក្សាស្រាវជ្រាវ ពិនិត្យមើលលទ្ធភាពក្នុងការធ្វើ កិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញា ជាមួយប្រទេសមួយចំនួន ដើម្បីពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្ម នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្នុងនោះរួមមាន អង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី (IPOS) អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) អង្គភាពកម្មសិទ្ធិបញ្ញា នៃសាធារណរដ្ឋប្រជាមានិតចិន (SIPO) និងបានធ្វើការសិក្សា លើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់ សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រហូតបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ហើយត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័តយល់ព្រមជាបន្តបន្ទាប់ និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា គឺជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនពាក្យសុំការការពារ ប្រកាសនីបត្រតក្កកម្មនៅកម្ពុជា ឲ្យកាន់តែច្រើន ជំរុញការច្នៃប្រឌិត និងបង្កើតថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការការពារ កម្មសិទ្ធិបញ្ញា រវាងកម្ពុជានិងសហភាពអឺរ៉ុប ទាក់ទាញការវិនិយោគ និងពង្រីកមូលដ្ឋានផលិតកម្ម រួមចំណែកពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្ត នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលជាគោលនយោបាយ ប្រកបដោយភាពប្រាកដនិយម ក្នុងការជម្រុញល្បឿននៃការអភិវឌ្ឍន៍ខឿន សេដ្ឋកិច្ចជាតិ។
លោកទេសរដ្ឋមន្ត្រី បានបន្តថាផ្អែក តាមស្ថានភាពសេដ្ឋកិច្ចសង្គមបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សមស្របមួយ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ហើយនេះគឺជាការបោះជំហាន ដ៏វិជ្ជមានមួយនៃវិស័យកម្មសិទ្ធិបញ្ញា នៅកម្ពុជា៕