FN ៖ រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេរភាគី ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ការប្តេជ្ញាបន្ថែមនេះ បានធ្វើឡើង ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានអះអាងបន្ថែមទៀតប្រាប់ដល់អ្នកសារព័ត៌មាន នៅក្រោយជំនួបខាងលើថា នៅក្នុងជំនួបនេះ លោក អូ បានផ្តាំផ្ញើរការសួរសុខទុក្ខ ពីប្រធានាធិបតីកូរ៉េ ជូនសម្តេចតេជោ ហើយលោកបានមានប្រសាសន៍ថា លោកធ្លាប់បានធ្វើការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៣ ហើយរហូតមកដល់ពេលនេះ លោកបានមើលឃើញប្រទេសកម្ពុជា មានការផ្លាស់ប្តូរយ៉ាងច្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលទាំងនោះសុទ្ធសឹង ជាការរីចម្រើនគួរអោយកត់សំគាល់ ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងពេញលេញ។
លោក Oh Nak-young ក៏បានជម្រាបជូន សម្តេចតេជោ ផងដែរថា បេសកកម្មលោក មកកាន់កម្ពុជា នាពេលនេះ គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កសាងលើមូលដ្ឋានទំនាក់ទំនង ដែលមានស្រាប់ ធ្វើយ៉ាងណាក្តាប់ឲ្យបាន នូវសក្តានុពលទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញទំនាក់ទំនងលើគ្រប់វិស័យ។ ជាងនេះដែរ លោក ក៏បានជម្រាបជូន សម្តេចតេជោអំពីនយោបាយ ឆ្ពោះទៅកាន់ទិសខាងត្បូង របស់កូរ៉េនោះ គឺសុទ្ធសឹងតែគោលនយោបាយ ក្នុងការពង្រីកទំនាក់ទំនង ជាមួយប្រទេសក្នុងតំបន់អាស៊ាន, ទំនាក់ទំនងទ្វេរភាគី, ក្របខណ្ឌមេគង្គ ក៏ដូចជាក្របខណ្ឌអាស៊ាន ជាមួយកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះលោក អូ ហើយក៏បានអបអរសាទរ ចំពោះលោក ដែលបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចក៏យល់ស្រប ជាមួយនឹងការលើកឡើង របស់លោក អូ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានទំនាក់ទំនងដែលមានស្រាប់ និងពង្រឹងបន្ថែមទៀត ស្របតាមសក្តានុពល ដែលប្រទេសទាំងពីរ មានជាមួយគ្នា ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម៕