FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមកអះអាងថា មន្ត្រីជំនាញរបស់លោក មិនបានកាត់ទូកុងតឺន័រនោះទេ ពោលគ្រាន់តែវាស់វែង និងគូស ដើម្បីកត់សម្គាល់ថា ពីការលើសរបស់ទូកុងតឺន័រតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីអះអាងថា ទូកុងតឺន័រមិនលើសនោះទេ អ្វីដែលលើសគឺក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានយករថយន្តក្បាលវែងយកមកអូស ឬដឹកទូកុងតឺន័រទាំងនេះ ទើបធ្វើឲ្យមានការលើសប្រវែង ដែលខុសនឹងច្បាប់ចរាចរណ៍នៅកម្ពុជា តែបើប្រើក្បាលដឹក និងអូសខ្លីមិនមានបញ្ហាចោទនោះឡើយ។
ការចេញមកពន្យល់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានកាត់ទូកុងតឹន័រ។ លោក ចាន់ថុល ថា មន្ត្រីរបស់ក្រសួងមិនល្ងង់ដល់ថ្នាក់កាត់ទូកុងតឺន័រនោះទេ បើកាត់ទូកុងតឺន័រមិនមានអ្វីធ្វើគន្លឹះទាក់ជាមួយតួរថយន្តសណ្តោងនោះឡើយ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «យើងមិនកាត់កុងតឺន័រទេ យើងបានវាស់ពីក្បាលខាងមុខ ទៅខាងក្រោយ ហើយក៏គូសគំនូសបញ្ជាក់ថា កុងតឺន័រហ្នឹងទាំងក្បាលទាំងអីទៅវាលើស១៦ម៉ែត្រ។ សូមជម្រាបថា ក្នុងច្បាប់យើងឲ្យ១៦ម៉ែត្រ ហើយខ្នាតអន្តរជាតិ ប្រទេសណា ដែលមានផ្លូវពីរគន្លង គឺគេឲ្យ ១៦ម៉ែត្រកន្លះ កុងតឺន័រ ៤៥នេះ បានដែរប្រសិនណាយើងយកក្បាលខ្លី ដឹកបានវាស់ទៅ វាជិត១៦ម៉ែត្រ ឬលើសបន្តិចបន្តួចក៏យើងអនុញ្ញាតដែរ។ ប៉ុន្តែផ្នែកឯកជនមួយចំនួននៅតែមានៈ គាត់យកក្បាលវែងរបស់អាមេរិកមកអូស មកដឹក ដល់ដឹកទៅវាលើសដល់ ១៨ម៉ែត្រខុសខ្នាតអន្តរជាតិចំពោះផ្លូវពីរគន្លងផង ធ្វើឲ្យកកស្ទះចរាចរណ៍ផង និងខុសច្បាប់ចរាចរណ៍ផង»។
សូមបញ្ជាក់ថា មន្ត្រីពាក់ព័ន្ធទូទាំងរាជធានី ខេត្តកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស បន្ទាប់ពីការដាក់ចេញបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅនេះ។ ការដាក់ចេញបទបញ្ជានេះ ក៏ព្រោះតែសម្តេចមើលឃើញថា រថយន្តតទ្រុងខុសបច្ចេកទេសទាំងនេះ បង្កជាគ្រោះថ្នាក់ចរាចរ និងធ្វើឲ្យខូចផ្លូវផងដែរ៕