FN ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មន្ដ្រីជំនាញរបស់ស៊ីម៉ាក់ បានស្រាវជ្រាវរកឃើញតំបន់ផលប៉ះពាល់ ដោយគ្រាប់បែកគីមីរបស់អាមេរិកចំនួន១២ទីតាំងថ្មីទៀត នៅក្នុងស្រុករមាសហែក ខេត្ដស្វាយវៀង។
លោក ហេង រតនា បានបញ្ជាក់ថា «ទីតាំងអាវុធគីមី១២កន្លែងថ្មីនេះ មាន១១ទីតាំងត្រូវបានរកឃើញ នៅឃុំត្រួស និង១ទីតាំងទៀត នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយវៀង»។
បើគិតថែមទាំង១២ទីតាំងថ្មីនេះ អាវុធគីមីរបស់អាមេរិកដែលទម្លាក់ ក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ដែលរកឃើញនៅឃុំគគីរ និងឃុំត្រួសនេះ មានរហូតដល់ជាង៤០ទីតាំងហើយ ដែលទីតាំងខ្លះស្ថិតនៅក្រោមផ្ទះរបស់ប្រជាពលរដ្ឋ និងខ្លះទៀតនៅក្នុងចំការដំណាំ។
ជាមួយនឹងការរកឃើញទីតាំងអាវុធគីមី យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ប្រជាពលរដ្ឋរងគ្រោះដោយសារ សារធាតុគីមី របស់អាវុធគីមី ក៏មានចំនួនច្រើនឡើងផងដែរ ដែលគិតមកដលពេលនេះ ប្រជាពលរដ្ឋជាង១០០នាក់ហើយ ត្រូវបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ ភាគច្រើននៃប្រជាពលរដ្ឋទាំងអស់ គឺមានបញ្ហា ថប់ដង្ហើម និងរមាស់ កន្ទួលលើស្បែក។
អាវុធគីមីរបស់សហរដ្ឋអាមេរិក ត្រូវបានរកឃើញនៅខេត្តមួយចំនួន នៃប្រទេសកម្ពុជា រួមមាន៖ ខេត្តមណ្ឌលគិរី, ត្បូងឃ្មុំ, និងស្វាយវៀងជាដើម ហើយគេជឿជាក់ថា មាននៅក្នុងខេត្តមួយចំនួនទៀតផងដែរ។
នៅឆ្នាំ២០១២ អង្គការហាមឃាត់អាវុធគីមី (OPCW) របស់អង្គការសហការប្រជាជាតិ បានចុះមកពិនិត្យស្រាវជ្រាវអាវុធគីមីម្ដងរួចមកហើយ នៅខេត្តមណ្ឌលគិរី ដោយពេលនោះអង្គការនេះបានបញ្ជាក់ថា គ្រាប់បែកនោះ គឺជាអាវុធគីមីយ៉ាងពិតប្រាកដ។
បន្ទាប់ពីរកឃើញទីតាំងគ្រាប់បែក ជាច្រើនកន្លែងនៅខេត្តស្វាយវៀង រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតផ្លូវការមួយថ្មីទៀត ទៅកាន់អង្គការ OPCW ដើម្បីស្នើឲ្យអង្គការនេះ បញ្ជូនមន្ដ្រីបច្ចេកទេសរបស់ខ្លួន មកពិនិត្យ និងវាយតម្លៃគ្រាប់បែកគីមី ដែលរកឃើញនៅកម្ពុជា។
នៅដើម ខែធ្នូ ឆ្នាំ២០១៧ អង្គការ OPCW បានបញ្ជូនមន្ដ្រីបច្ចេកទេសរបស់ពួកគេមកកម្ពុជា ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃគ្រាប់បែកទាំងនោះ ដែលបានរកឃើញនៅ ខេត្តទាំង៣របស់កម្ពុជា។
ក្រោយពេលបញ្ចប់ការត្រួតពិនិត្យ ដែលចំពេលសម្រាកចុងឆ្នាំផងនោះ អង្គការនេះសន្យាថា នឹងចេញរបាយការណ៍ផ្លូវការ អំពីលទ្ធផល ពិនិត្យស្រាវជ្រាវមកឲ្យកម្ពុជា។ ប៉ុន្ដែរហូតដល់ពេលនេះ អង្គការនេះ មិនទាន់ផ្ញើជូនមកកម្ពុជានៅឡើយនោះទេ។
បើទោះបីមិនទាន់មានលទ្ធផលថ្មីក៏ដោយ ប៉ុន្ដែអគ្គលេខាធិការ អាជ្ញាធរអាវុធគីមី នៃក្រសួងការពារជាតិ លោក ជ័យ សុន ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា អាវុធគីមីដែលបានរកឃើញ និងត្រូវបានអង្គការ OPCW ត្រួតពិនិត្យនោះ គឺជាអាវុធគីមីយ៉ាងពិតប្រាកដ ដែលទម្លាក់នៅសម័យសង្គ្រាមទសវត្សរ៍ទី៦០ និង៧០។
គ្រាប់បែកគីមីជាអាវុធដ៏ប្រល័យលោក ដែលត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់។ អនុសញ្ញាស្តីពីអាវុធគីមី បានចែងថា ប្រទេសជាម្ចាស់អាវុធគីមី មានកាតព្វកិច្ចទទួលខុសត្រូវលើ គ្រាប់បែកគីមីរបស់ខ្លួន ហើយក៏ត្រូវទទួលភារៈបោសសំអាតគ្រាប់បែកគីមីទាំងនេះផងដែរ។ តាមអនុសញ្ញានេះ អាមេរិកត្រូវតែមានកាតព្វកិច្ចបោសសំអាតគ្រាប់បែកគីមីលើដីខ្មែរ ហើយសងការខូចខាត បណ្តាលមកពីគ្រាប់បែកគីមីនេះផងដែរ។
របាយកាណ៍របស់ស៊ីម៉ាក់ បានបង្ហាញថាចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៧៥ អាមេរិកបានទម្លាក់គ្រាប់បែកជាច្រើនប្រភេទលើដីខ្មែរ ក្នុងនោះមានគ្រាប់បែកគីមីផងដែរ។ គ្រាប់ដែលទម្លាក់មានទម្ងន់ប្រមាណ ២លាន៨សែនតោន៕