FN ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចែកសញ្ញាបត្រ និងសម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ និស្សិតវិទ្យាស្ថានដែលទទួលបានសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន រួមមាន និស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជំនាន់២០, ២១ និង ២២, និស្សិតបរិញ្ញាបត្ររងវិស្វកម្មជំនាន់ទី៩, ទី១០ និងទី១១, វិស្វករជំនាន់ទី៣០ ទី៣១ និងទី៣២ និងនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៥ ទី៦ និងទី៧។
និស្សិតជ័យលាភីសញ្ញាបត្របរិញ្ញាបត្ររងវិស្វកម្ម បរិញ្ញាបត្រវិស្វកម្ម វិស្វករ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអាហារូបករណ៍ និង ផ្នែកសិក្សាបង់ថ្លៃនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលត្រូវទទួលសញ្ញាបត្រសរុបចំនួន ២.៣២៨នាក់។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ងឿយឆ្ងល់ថា ហេតុអ្វីរដ្ឋមន្រ្តីផ្សេងៗជំនាន់មុន មិនយកនិស្សិតចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទៅធ្វើការ ទុកឱ្យសម្តេចយកពួកគាត់ទៅធ្វើការនៅក្រសួងការបរទេសទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា លោក ឡុង វិសាឡូ និស្សិតមកពីប្រទេសហុងគ្រី កាលមុនគេមិនឱ្យធ្វើការនៅក្រសួងកសិកម្ម ប៉ុន្តែត្រូវសម្តេចយកទៅធ្វើការនៅក្រសួងការបរទេស។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅពេលកម្ពុជាទើបនឹងចាប់ផ្តើមដំបូងៗក្រោយសង្រ្គាម ពេលសូវៀតផ្តាច់ជំនួយ សម្តេចបានស្នើទៅបារាំង ប៉ុន្តែមានក្រុមមួយចំនួនដឹកនាំដោយ លោក ប៉ាង លីដា ប្រឆាំងវប្បធម៌និយាយភាសាបារាំងទៅវិញ។
* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការបង្ហាញពីការព្រួយបារម្ភចំពោះវត្តមានវិនិយោគិនចិន នៅក្នុងប្រទេសកម្ពុជា។ សម្តេចថ្លែងថា ការហូរចូលនូវវិនិយោគិនចិន ដោយសារតែកម្ពុជាយើង មិនទាន់ឆ្លើយតបចំពោះការវិវឌ្ឍរបស់ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារកំពស់៦០០ម៉ែត្រ នៅកម្ពុជា នឹងលេចចេញនៅពេលឆាប់ៗខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និស្សិតដែលរៀនចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាពីមុននោះ ពេលនេះបានក្លាយជារដ្ឋមន្រ្តីក្រសួងកសិកម្ម គឺ លោក វេង សាខុន
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលសម្តេចធ្វើរដ្ឋមន្រ្តីក្រសួងការបរទេសជំនាន់មុន រងការរិះគន់ថា ជារដ្ឋមន្រ្តីមិនទាន់បានក្លិនទឹកដោះគោ។
* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះរិះគន់កម្ពុជាថា ដឹកនាំដោយផ្តាច់ការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ពិន្ទុកម្ពុជាដោយមនុស្សមួយក្រុមតូចប៉ុណ្ណោះ ពួកគេចេះតែសរសេរហើយកាសែតចេះតែផ្សាយទៅ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា គ្មាននរណាអាចផ្តួល ហ៊ុន សែន បាន ក្រៅពី ហ៊ុន សែន ខ្លួនឯងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ព្រមានធ្ងន់ៗមិនឱ្យមានអប្បគមន៍នៅកម្ពុជានោះទេ បើទោះបីប្រើ BM21 ក៏ត្រូវប្រើដែរ មិនអាចឲ្យធ្វើអប្បគមន៍នៅកម្ពុជានោះទេ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា អ្នកដែលធ្លាប់សែងឥដ្ឋនៅសាលានេះបែរជាក្លាយជានាយករដ្ឋមន្រ្តី ហើយជាអ្នកនាយករដ្ឋមន្រ្តីដែលកាន់តំណែងយូរជាងគេ។ សម្តេចប្រកាសថា សម្តេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីរយៈពេល១០ឆ្នាំទៀត
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងត្រូវរៀបចំការបោះឆ្នោតឱ្យបានល្អ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងឲ្យដឹងថា នៅថ្ងៃស្អែកនេះគណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំអំពីការកែប្រែរដ្ឋធម្មនុញ្ញ និងការកែប្រែក្រមព្រហ្មទណ្ឌ ទាក់ទងនឹងការដាក់ទោសចំពោះការ ប្រមាថព្រះមហាក្សត្រ។ សម្តេចបានបញ្ជាក់ពីមូលហេតុដែលការរៀបចំកែប្រែសមាសភាពរាជរដ្ឋាភិបាល ត្រឹមតែនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ដោយសារតែកន្លងទៅមានការពិបាក។ ការតែងតាំងរដ្ឋលេខាធិការនាពេលខាងមុខនេះ មិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតនៅរដ្ឋសភាទេ គឺតែងតាំងតាមរយៈព្រះរាជក្រឹត្យតែម្តង។
* សម្តេចតេជោ ហ៊ុន សែន មិនហ៊ានទៅផឹកកាហ្វេនៅខាងក្រៅ ខ្លាចផ្អើលគេផ្អើលឯង។ សម្តេចថ្លែងថា សម្តេចចេញពីផ្ទះទៅធ្វើការចេញពីកន្លែងធ្វើការមកផ្ទះ ហើយកាហ្វេដែលឆ្ងាញ់ជាងគេគឺកាហ្វេនៅផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឥឡូវនេះ កសិកម្មរបស់យើងនៅសល់ត្រឹម២៥ភាគរយ ប៉ុន្តែសមត្ថភាពផលិតរបស់យើងមិនមានការខ្វះខាតទេ មានតែលើសតម្រូវការថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសដែលមានឧស្សហកម្មកាន់តែធំ គឺកសិកម្មកាន់តែតូច ដូចជាប្រទេសជប៉ុនជាដើម ដែលមានវិស័យកសិកម្មត្រឹម១ភាគរយប៉ុណ្ណោះ នៅទូទាំងប្រទេស ប៉ុន្តែជប៉ុនចិញ្ចឹមប្រជាជនជប៉ុនខ្លួនឯងហើយ នាំចេញវិស័យកសិកម្មនេះ ទៅក្រៅប្រទេសថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានថា ប្រសិនបើមិនឲ្យយើងនាំទំនិញចូល យើងក៏មិនឲ្យអ្នកឯងនាំចូលកម្ពុជាវិញដែរ។ ការនាំចេញនិងនាំចូលទាមទារឱ្យមានទៅមានមក ហើយមិនអាចធ្វើឱ្យមានតុល្យភាពពេលនេះបានទេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងហៅ សម រង្ស៊ី ថាជាភេរវករ, ប្រសិនបើអ្នកឯងតាំងខ្លួនជាភេរវករហើយ (សម រង្ស៊ី) ខ្ញុំត្រូវតាមចាប់ឲ្យបាន។ សម្តេចតេជោផ្តាំទៅទណ្ឌិត សម រង្ស៉ី កុំឱ្យមកកាន់តំបន់អាស៊ីឱ្យសោះ បើមិនដូច្នោះទេ នឹងត្រូវចាប់ខ្លួនឱ្យទាល់តែបាន ដោយសារតែរូបគេបានប្រកាសខ្លួនជាមេភេរវករទៅហើយ ជនភេរវករកម្ពុជាយើងអាចសហការជាមួយបរទេស ដើម្បីឈានដល់ការចាប់ខ្លួនបាន។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការឧបត្ថម្ភដល់និស្សិតពេលចែកសញ្ញាបត្រ បានឡើងដល់៤ម៉ឺនរៀលហើយ ខណៈគ្រាមុនតែ២ម៉ឺនរៀលប៉ុណ្ណោះ ដោយសារតែប្រាក់ឈ្នួលអប្បបរមារបស់កម្មករ បានកើនឡើងខ្ពស់ដែរ។