FN ៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០។ ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ គឺជាគោលនយោបាយមួយត្រូវបានកសាងឡើង ដើម្បីគាំពាំដល់មនុស្សចាស់។ តែទោះជាយ៉ាងណា ការកសាងគោលនយោបាយនេះ មិនមែនមានន័យថា រាជរដ្ឋាភិបាលទើបយកចិត្តទុកដាក់លើមនុស្សចាស់នោះទេ ផ្ទុយទៅវិញ គឺរាជរដ្ឋាភិបាលបានយកចិត្តទុក ដាក់លើមនុស្សចាស់តាំងពីក្រោយថ្ងៃរំដោះប្រទេសនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩មកម្ល៉េះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្រើនរំលឹកដល់កូនចៅឲ្យយកចិត្តដាក់ និងថែទាំដល់ឪពុកម្តាយរបស់ខ្លួន នៅពេលពួកគាត់ឈានចូលដល់វ័យចំណាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីការដាក់ចេញនូវគោលនយោបាយគាំពារសុខមាលភាពមនុស្សចាស់ហើយនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវមូលនិធិថែទាំងសុខភាព សម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និវត្តន៍ជន ប្រធានភូមិ ជំនួយការភូមិ និងមូលនិធិជាច្រើនផ្សេងទៀត។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គោលនយោបាយស្តីពីមនុស្សចាស់ គឺជាការយកចិត្តទុកដាក់លើគុណភាពជីវិតរបស់មនុស្សវ័យចាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងពិនិត្យលទ្ធភាពធ្វើជាប្រធានមូលនិធិមនុស្សចាស់តាមសំណើរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មជាមួយការចេញផ្សាយរបស់ព័ត៌មានភ្នំពេញប៉ុស្តិ៍ ដែលថាការបោះឆ្នោតអាចនឹងមិនអាចធ្វើទៅបានប្រសិនបើមានភាពច្របូកច្របល់។ ឆ្លើយតបការចេញផ្សាយនេះ សម្តេចតេជោ បានគូសបញ្ជាក់ច្បាស់ថា ការបោះឆ្នោតនៅកម្ពុជាតាំងការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅតែបន្តទៅតាមកាលបរិច្ឆេទដូចការគ្រោងទុក។
* សម្តេចតេជោ ហ៊ុន សែន ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តនៅតែធ្វើតាមការកំណត់ឥតមានការផ្លាស់ប្តូរ ទោះបីក្នុងតម្លៃណាក៏ដោយ ហើយមិនចាំការទទួលស្គាល់ ក្រៅពីប្រទេសណាមួយ ក្រៅពីប្រជាពលរដ្ឋកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសធ្វើជាប្រធានមូលនិធិមនុស្សចាស់ តាមសំណើរបស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដើម្បីចូលរួមគាំពារដល់ការរស់នៅ របស់មនុស្សមានវ័យចំណាស់។