FN ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៣៩ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៨) យ៉ាងមហោឡារិកក្រោមវត្តមានមហាជន ជាង៤៥,០០០ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីអបអរសាទរថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្រោចស្រង់ជាថ្មីនូវអាយុជីវិត សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ និងការស្រោចស្រង់ប្រទេសជាតិទាំងមូលនេះ ធ្វើឡើងក្រោមអធិបភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត។ ពិធីនេះក៏នឹងមានការអញ្ជើញចូលរួមពីបណ្តាមន្រ្តីអង្គទូតបរទេសប្រចាំនៅកម្ពុជាផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធខួបលើកទី៣៩ឆ្នាំនៃទិវាជ័យជម្នះ៧ មករា គឺជាការរំលឹកដល់វីរភាពដ៏អង់អាចខ្លាហានរបស់យុទ្ធជន យុទ្ធនារី ព្រមទាំងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានតស៊ូរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងការពារកុំឲ្យរបបមួយនេះវិលត្រឡប់មកវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីបានកន្លងផុតទៅច្រើនទសវត្សរ៍ទៅហើយក្តី ក៏ពលរដ្ឋកម្ពុជានៅតែចងចាំមិនភ្លេចនៃសោកនាដកម្ម និងមហន្តរាយនៃភ្លើងសង្គ្រាមក្រោយការធ្វើរដ្ឋប្រហាររបស់ នល់ នល់ តាមខ្សែញាក់របស់បរទេស និងការកាប់សម្លាប់នៃរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃនៃរបបប៉ុលពតល។
* ប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជ័យជម្នះ៧មករា បានរំដោះមកវិញនូវសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបាត់បង់នៅក្នុងរបបប៉ុលពត ហើយជ័យជម្នះ៧មករា បានផ្តល់ថ្ងៃកំណើតទី២ដល់ប្រជាពលរដ្ឋខ្មែរ និងក្តីសង្ឃឹមសម្រាប់ជាតិទាំងមូល ដោយគ្មានកម្លាំងណាមួយមកបំផ្លាញបាននោះឡើយ។
* សម្តេចតេជោ ក៏បានរំលឹកផងដែរថា ក្រោយបានរំដោះពីរបបប៉ុលពត កម្ពុជា បានប្រឈមនឹងការលំបាកយ៉ាងខ្លាំងក្នុងការស្តារប្រទេសឡើងវិញ ខណៈដែលកម្លាំងសេសសល់របស់ ខ្មែរក្រហមត្រូវបានគាំទ្រពីប្រទេសមួយចំនួន ដែលទាមទារឲ្យមានការពារនូវការប៉ុនប៉ងនៃការវិលត្រឡប់មកវិញនូវរបបដ៏ប្រល័យមួយនេះ។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ប្រសិនបើកម្ពុជាមិនអាចទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប៉ុលពត បានទេ កម្ពុជាមិនអាចអភិវឌ្ឍន៍ជាតិឲ្យបានរីកចម្រើនបែបនេះឡើយ។
* សម្តេចប្រមុខបក្សកាន់អំណាច បានគូសបញ្ជាក់ទៀតថា ផ្តើមពីថ្ងៃជ័យជម្នះ៧មករា កម្ពុជាបោះពួយទៅរកត្រើយសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កម្ពុជាដែលធ្លាប់គ្របដណ្តប់ដោយអំណាចផ្តាច់ការរបស់ប៉ុលពត ក្លាយជាប្រទេសប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងប្រកាន់ខ្ជាប់នូវការបោះឆ្នោតដោយឥតងាករ៉េ។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជា ដែលធ្លាប់តែហ៊ុព័ទ្ធសេដ្ឋកិច្ច កំពុងប្រែក្លាយជាប្រទេសកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយបណ្តាប្រទេសជាមិត្តនៅលើពិភពលោក។ លើសពីនេះទៀតកម្ពុជា ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាព កំពុងបញ្ជូនកងកម្លាំងទៅចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាកំពុងញ៉ាំញីដោយភ្លើងសង្គ្រាម។
* សម្តេចស្ថាបនិកនៃសន្តិភាពរបស់កម្ពុជា បានបញ្ជាក់ថា ស្មារតី៧មករា នៅតែស្ថិតស្ថេរជាអមតៈ និងជាស្មារតីនៃការរួបរួមដែលគ្មានអ្វីមកបំបែកបាននោះឡើយ ហើយត្រូវប្តេជ្ញាការពារស្មារតីនៃថ្ងៃ៧មករា មិនឲ្យមានការបំបែកបំបាក់បានឡើយ។
* សម្តេចប្រមុខបក្សប្រជាជនកម្ពុជា មានតែក្រុមជនដែលចង់បំផ្លិចបំផ្លាញប្រទេសជាតិតែប៉ុណ្ណោះ ដែលចង់ប្រឆាំងជាមួយស្មារតីនៃថ្ងៃរំដោះ ៧មករា។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មហិច្ឆតាប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌របស់បក្សប្រឆាំង ដែលឃុបឃិតជាមួយបរទេសត្រូវបានទប់ស្កាត់ដោយជោគជ័យតាមអំណាចច្បាប់របស់កម្ពុជា។
* សម្តេចតេជោ បន្តថា ការទប់ស្កាត់បាននូវបដិវត្តន៍ពណ៌នេះ បានធ្វើឲ្យកម្ពុជារក្សាបាននូវសុខសន្តិភាព និងរក្សាបាននូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បន្តថា ការរក្សាបាននូវសុខសន្តិភាព បានធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍កម្ពុជាទៅមុខទៀត តែត្រូវយកចិត្តទុកដាក់នូវប្រព័ន្ធយុត្តិធម៌សង្គមផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៣៩ឆ្នាំកន្លងទៅនេះ គឺជារយៈពេលនៃសាមគ្គីភាព វីរភាព ដែលនាំឲ្យប្រទេសជាតិមានការរីកចម្រើន និងជាប្រទេសឯករាជ្យ ប្រជាធិបតេយ្យ និងរីកចម្រើន។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កត្តាផ្ទៃក្នុងរបស់ជាតិ ជាការកំណត់នៃជោគជ័យរបស់ជាតិ មិនស្ថិតនៅលើការកំណត់របស់បរទេសនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បើទោះបីអង្គការចាត់តាំងនៃបដិវត្តន៍ពណ៌បានដួលរលំ តែចលនានៃបង្អែកចលនាមួយនេះនៅក្រៅប្រទេសមិនទាន់រលំរលាយនៅឡើយទេ។
* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា សកម្មភាពទាំងនេះមិនមែនជារឿងថ្មីនោះទេសម្រាប់កម្ពុជា ពោលពួកគេធ្លាប់បានធ្វើរួចម្តងទៅហើយកាលពីទសវត្សរ៍ឆ្នាំ៨០។
* សម្តេចនាយករដ្ឋមន្ត្រីថា ក្នុងនាមជារដ្ឋអធិបតេយ្យមិនអាចឱនក្បាលតាមខ្សែញាក់របស់បរទេសណាមួយនោះឡើយ ព្រោះសកម្មភាពនេះជាការនាំឲ្យកម្ពុជារងទុក្ខវេទនា។
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា មជ្ឈដ្ឋានបរទេស រួមនិងក្រុមជនប៉ុនប៉ងធ្វើបដិវត្តន៍នឹងបញ្ឈប់សកម្មភាពរបស់ខ្លួន ហើយបន្តរួមរស់ជាមួយប្រជាជនកម្ពុជា។
* ក្នុងថ្ងៃខួប៣៩ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា បានប្រកាសថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ ហើយនៅតែបន្តនូវដំណើរការនៃការបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បណ្តាប្រទេសនានា ដែលបានមើលឃើញពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ហើយបន្តផ្តល់ជំនួយដ៏ស្មោះសដល់ ដំណើរការនៃការបោះឆ្នោតនៅកម្ពុជា។
* សម្តេចតេជោប្រមុខបក្សប្រជាជន និងជាប្រមុខរាជរដ្ឋាភិបាល បានប្រកាសបន្តអនុវត្តន៍គោលនយោបាយនានា ពង្រឹងប្រព័ន្ធយុត្តិធម៌សង្គម ដើម្បីលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលកាន់តែរីកចម្រើន។
* សម្តេចតេជោ ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីរួបរួមជាតិ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ ដែលបានគាំទ្រគណបក្សប្រជាជនរយៈពេល ៣៩ឆ្នាំមកនេះ។
* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។