FN ៖ ការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ នឹងត្រូវបញ្ចប់ នៅមុនត្រីមាសទី១ ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពី លោកស្រី កុយ ពិសី បានដឹកនាំគណៈប្រតិភូ គណៈកម្មាធិការ
រំដែនកម្ពុជា ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម កម្ពុជា-វៀតណាម និងការសាងសង់ផ្លូវនៅតាមព្រំដែន នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយ។
លោកស្រី កុយ ពិសី បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «លទ្ឋផលដែលភាគីទាំងពីរសម្រេច នៅក្នុងខេត្តនេះរហូតមកដល់ពេលនេះ គឺការបោះបង្គោលព្រំដែនធំបានចំនួន ៨២ភាគរយ និងបង្គោលព្រំដែនបំពេញបន្ថែមបានចំនួន ៥៦ភាគរយ។ នៅសល់៤៤ភាគរយទៀត ភាគីទាំងពីរ នឹងខិតខំឱ្យបញ្ចប់នៅមុនត្រីមាសទី១ ឆ្នាំ២០១៨»។
ប្រទេសកម្ពុជា-វៀតណាម មានព្រំដែនដីគោករួមគ្នា ប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនរួមគ្នា ចំនួន៣១៤បង្គោល។ មកដល់ពេលបច្ចុប្បន្ននេះ ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ៨៤ភាគរយហើយ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងខិតខំបញ្ចប់បង្គោលព្រំដែន ហើយអភិវឌ្ឍតំបន់ព្រំដែនេះ ឱ្យក្លាយជាតំបន់សន្តិភាព និងមានការរីកចំរើន ដែលផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទៅវិញទៅមក។
សូមបញ្ជាក់ថា នៅក្នុងឱកាស ចុះត្រួតពិនិត្យការសាងសង់បង្គោលព្រំដែនបំពេញបន្ថែម កម្ពុជា-វៀតណាម នៅខេត្តរតនគិរី និងខេត្តកន់ទុំ-យ៉ាឡាយនេះ លោកស្រី កុយ ពិសី និងគណៈប្រតិភូ ក៏បានឆ្លៀតសួរសុខទុក្ខ កងកម្លាំងកម្ពុជាដែលឈរជើងនៅតំបន់នេះ ដោយបាននាំទៅ ជាមួយគ្រឿងឧបភោគបរិភោគ និងជូននូវថវិកាមួយចំនួន ឧបត្ថម្ភដល់ពួកគាត់ផងដែរ៕