FN ៖ ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១រួចមក រមណីយដ្ឋានទេសចរណ៍ចំនួន៣៣ មកពី ១៧រាជធានី-ខេត្ត បានស្ម័គ្រចិត្តចូលរួមជាមួយចលនានេះ ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន២២ បានទទួលជ័យលាភីទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៧-២០១៨។
បន្ទាប់ពីរកឃើញជ័យលាភីទាំងនោះហើយ ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេ បានរៀបចំសិក្ខាសាលាបូកសរុបចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១
នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងទេសចរណ៍បានកំណត់យក «ឆ្នាំ២០១៧ ជាឆ្នាំប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនៅទូទាំងប្រទេស» និងជាការជួបជុំដ៏សមស្របមួយដែលផ្នែករដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍រួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់បន្តអនុវត្តចលនាប្រលងប្រណាំង «រមណីយដ្ឋានស្អាត» នៅបណ្តាឆ្នាំក្រោយៗទៀត សំដៅចូលរួមធ្វើឱ្យកម្ពុជាស្អាត កម្ពុជាបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
លោកបន្តថា កន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ជំរុញនូវយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» និងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អនេះ ដោយបានរៀបចំឲ្យមានរួចហើយនូវការជូនជ័យលាភីទីក្រុងស្អាត និងជ័យលាភីសេវាល្អ បដិសណ្ឋារកិច្ចល្អ ក្រោមឆ័ត្រនៃ «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ហើយថ្ងៃនេះក្រសួងទេសចរណ៍ប្រកាសលទ្ធផលរមណីយដ្ឋានស្អាត ក្រោមការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១។
សម្រាប់ការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១នេះ មានរមណីយដ្ឋានទេសចរណ៍ចូលរួមចំនួន៣៣ មកពីរាជធានី-ខេត្ត ចំនួន១៧ ហើយជាលទ្ធផលរមណីយដ្ឋានទេសចរណ៍ចំនួន២២ បានជាប់ជ័យលាភីទេសចរណ៍គំរូ សម្រាប់ឆ្នាំ២០១៧-២០១៨នេះ ហើយម្ចាស់ជ័យលាភីទាំងនោះក៏ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន អញ្ជើញប្រគល់ពានរង្វាន់ជូនផងដែរ។
ដើម្បីវាយតម្លៃក្នុងចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរគំរូ បេក្ខភាពរមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវគោរពតាមសូចនាករគោលចំនួន៣ រួមមាន៖
១៖ ការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍៖ ត្រូវរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ និងត្រូវមានផែនការអភិវឌ្ឍន៍ សម្រាប់រមណីយដ្ឋានទេសចរណ៍។
២៖ ការគិតគូរពីបរិស្ថាន៖ ត្រូវគោរពតាមបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិស្ដីពីបរិស្ថាន ត្រូវមានភាពស្អាតនៅទីសាធារណៈ និងទីកន្លែងទទួលសាធារណជន និងការគ្រប់គ្រងសំណល់ ព្រមទាំងត្រូវមានបង្គន់សាធារណៈ ស្របតាមស្ដង់ដារបង្គន់សាធារណៈកម្ពុជា។
៣៖ ព័ត៌មាន សុវត្ថិភាព និងការពេញចិត្តរបស់ភ្ញៀវទេសចរ៖ បង្ហាញព័ត៌មានជាក់ស្ដែង និងការអនុវត្តល្អៗនៃបទប្បញ្ញត្តិ គិតគូរពីសន្តិសុខ សុវត្ថិភាព គិតគូរពីអនាម័យចំណីអាហារ គិតគូរពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពេញចិត្តរបស់ភ្ញៀវទេសចរ។
រមណីយដ្ឋានទេសចរណ៍ដែលទទួលបានជ័យលាភីទាំង២២នោះ រួមមាន៖
១៖ រមណីយដ្ឋានទេសចរណ៍វីគិរីរម្យ ផាញរីសត ខេត្តកំពង់ស្ពឺ
២៖ សហគមន៍ទេសចរណ៍ចំបក់ ខេត្តតាកែវ
៣៖ មណីយដ្ឋានទេសចរណ៍ភូមិវប្បធម៌ ខេត្តសៀមរាប
៤៖ តំបន់វិស្សមកាលអន្តរជាតិឆ្នេរមាសឆ្នេរប្រាក់ ខេត្តព្រះសីហនុ
៥៖ សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
៦៖ រមណីយដ្ឋានទេសចរណ៍សួនស្នេហ៍ជនបទ ខេត្តបន្ទាយមានជ័យ
៧៖ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រវត្តភ្នំ រាជធានីភ្នំពេញ
៨៖ រមណីយដ្ឋានទេសចរណ៍បឹងសំរឹទ្ធ ខេត្តកំពង់ធំ
៩៖ រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង ខេត្តពោធិ៍សាត់
១០៖ រមណីយដ្ឋានទេសចរណ៍ថ្ងៃបាំងឆ័ត្រ ខេត្តកែប
១១៖ រមណីយដ្ឋានទេសចរណ៍កំពង់ភ្លុក ខេត្តសៀមរាប
១២៖ រមណីយដ្ឋានទេសចរណ៍ជើងឯក រាជធានីភ្នំពេញ
១៣៖ រមណីយដ្ឋានទេសចរណ៍បឹងយក្សឡោម ខេត្តរតនគិរី
១៤៖ រមណីយដ្ឋានទេសចរណ៍ចំការស្នេហ៍ រាជធានីភ្នំពេញ
១៥៖ រមណីយដ្ឋានទេសចរណ៍បាណន់ ខេត្តបាត់ដំបង
១៦៖ រមណីយដ្ឋានទេសចរណ៍ឋានសួគ៌បូកគោ ខេត្តកំពត
១៧៖ រមណីយដ្ឋានទេសចរណ៍បក្សីមេគង្គ ខេត្តស្ទឹងត្រែង
១៨៖ រមណីយដ្ឋានទេសចរណ៍ឧទ្យានធម្មជាតិប៊ូស្រា ខេត្តមណ្ឌលគិរី
១៩៖ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង ខេត្តឧត្តរមានជ័យ
២០៖ រមណីយដ្ឋានទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ
២១៖ រមណីយដ្ឋានទេសចរណ៍រ៉ក់ រូយ៉ាល់ ខេត្តកែប
២២៖ រមណីយដ្ឋានទេសចរណ៍អូរមីស ខេត្តមណ្ឌលគិរី៕