FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត មកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវជំនួសតំណែង សមាជិកសភា៤រូបរបស់គណបក្សប្រជាជន ដែលបានដាក់ពាក្យលាលែងពីតំណែងនាថ្មីៗនេះ។ នេះបើតាមលិខិតរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
បេក្ខជនតំណាងរាស្រ្តថ្មីទាំង៤រូប រួមមាន៖
១៖ លោក សុខ ប៊ន នៅឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ
២៖ លោក អ៊ុក ដាមរី ឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល
៣៖ លោក ជុំ យុហៀន ឈរឈ្មោះនៅមណ្ឌលខេត្តកោះកុង
៤៖ លោក ពៅ សាមី ឈរឈ្មោះនៅមណ្ឌលខេត្តព្រៃវែង
បេក្ខជនតំណាងរាស្រ្តថ្មី៤រូបនេះ គឺជាអ្នកដែលត្រូវជំនួសសមាជិករដ្ឋសភាមកពី CPP ៤រូប ដែលលាលែង ហើយត្រូវបាន គ.ជ.ប បញ្ចូនភ្ជាប់ជាមួយ បញ្ជីឈ្មោះបេក្ខជន១១រូប ផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលរៀបចំដោយ គ.ជ.ប ដើម្បីកាន់អាសនៈចំនួន១១ ដែលសេសសល់ ក្រោយគណបក្សចំនួន២ មិនទទួលយកក្រោយរំលាយគណបក្សសង្រ្គោះជាតិ។
នាថ្មីៗនេះសមាជិករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា ចំនួន៤រូប បានលាលែងពីតំណែងក្នុងនោះមាន ១៖ លោក សុខ ឥសាន តំណាងរាស្រ្ត មណ្ឌលខេត្តព្រៃវែង, ២៖ លោក ហែម ខន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ, ៣៖ លោក អាយ ខន តំណាងរាស្ត្រមណ្ឌលកោះកុង, ៤៖ លោក ម៉ម ជុនហ៊ុយ មណ្ឌលខេត្តកណ្តាល។
បើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា ការលាលែងរបស់សមាជិករដ្ឋសភាទាំង៤រូបនេះ គឺដើម្បីទៅឈរឈ្មោះ ជាបេក្ខជនសមាជិកព្រឹទ្ធសភា ដែលនឹងបោះឆ្នោតនៅឆ្នាំក្រោយនេះ៕