FN ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យដំណើរការ ការបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរំពឹងថា នឹងជួយសម្រួលឲ្យអ្នកជាប់ពន្ធកាត់ តែមានភាពងាយស្រួលជាងមុន។ ការប្រកាសដាក់ឲ្យដំណើរការ ប្រព័ន្ធបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិកនេះ ធ្វើឡើងក្នុងឱកាសដែលអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល សារពើពន្ធ (E-Payment)» ក្រោមអធិបតីភាពលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួមរបស់លោក លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្រ្តីពន្ធដារពាក់ព័ន្ធ ព្រមទាំងវត្តមានរបស់លោកឧកញ៉ា លោក-លោកស្រី នាងកញ្ញា បណ្ណាធិការ អភិបាល នាយក ឬតំណាងរោងចក្រ សហគ្រាស សមាគមធុរកិច្ចក្នុងគ្រប់វិស័យដែលកំពុងប្រកបធុរកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង១០០០សហគ្រាស ចូលរួមផងដែរ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បនឲ្យដឹងថា សិក្ខាសាលា ស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងការកែទម្រង់ប្រព័ន្ធរដ្ឋបាល សារពើពន្ធ (E-Payment)» ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយថែមទៀត និងឲ្យបានជ្រួតជ្រាបដល់គ្រប់មជ្ឈដ្ឋានអ្នកជាប់ពន្ធជាពិសេស គឺដើម្បីស្វែងយល់ឲ្យបានកាន់តែ ស៊ីជម្រៅថែមទៀត ចំពោះកាតព្វកិច្ចសារពើពន្ធរបស់សហគ្រាសជាពិសេស ការប្រកាសបង់ពន្ធលើប្រាក់ចំណូល ដែលនឹងត្រូវចូលមកដល់នាខែមករា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា «អ្វីដែលសំខាន់ជាងនេះ ទៅទៀតសម្រាប់អង្គសិក្ខាសាលានេះ គឺការផ្សព្វផ្សាយអំពីការដាក់ឱ្យដំណើរការ បង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-payment) ដែលរួចរាល់សម្រាប់ដាក់ឱ្យដំណើរការ ចាប់ពីពេលនេះតទៅ និងដំណើរការនៃការដាក់លិខិត ប្រកាសបង់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Filing) ដែលគ្រោងនឹងដាក់ឱ្យដំណើរការ នៅដើមឆ្នាំ២០១៨ខាងមុខ ហើយដែលកិច្ចការនេះ អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងខិតខំធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួល គ្រប់បែបយ៉ាងជូនអ្នកជាប់ពន្ធ ផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យកាន់តែប្រសើរឡើងថែមទៀត»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់សិក្ខាសាលានេះ អ្នកជាប់ពន្ធ ក៏ដូចជាភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ យល់កាន់តែច្បាស់នូវកាតព្វកិច្ចពន្ធដារ នីតិវិធីនៃការប្រកាសបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៧ ហើយសង្ឃឹមជឿជាក់ថា តួលេខប្រាក់ពន្ធលើប្រាក់ចំំណូល នឹងមានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ។
ឆ្លៀតឱកាសនេះផងដែរ លោក គង់ វិបុល អគ្គនាយកពន្ធដារ បានប្រកាសផ្តល់វិញ្ញាបនបត្រ អនុលោមភាពប្រភេទមាស ដែលជាវិញ្ញាបនបត្របញ្ជាក់ពី អនុលោមភាពសារពើពន្ធបានល្អប្រសើររបស់សហគ្រាសចំនួន២០ ដែលភាគច្រើននៃសហគ្រាសទាំងនោះ គឺជាអ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់ ប្រឹក្សាផ្នែកពន្ធដារ និងវិស័យធនាគារជាដើម។
ជាងនេះទៅទៀតនោះ លោកអគ្គនាយកក៏បានផ្តាំផ្ញើ និងក្រើនរម្លឹកដល់គ្រប់ធុរជន បណ្ណាធិការ ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តច្បាប់ឲ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងសមភាពខ្ពស់ថែមទៀត ចៀសវាងមានការថ្នាំងថ្នាក់ និងត្រូវរងនូវការផាកពិន័យ ជាយថាហេតុ៕