FN ៖ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងម៉ានីលនៃសាធារណៈរដ្ឋហ្វីលីពីន នាព្រលប់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី កឺជាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងបរិយាកាសរីករាយស្និទស្នាលរាក់ទាក់បំផុត។
ក្នុងឱកាសនោះ លោក លី កឺជាង បានសម្តែងសេចក្តីរីករាយ ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តចាស់របស់ចិន ដែលនេះជាការបង្ហាញពី ទំនាក់ទំនងយ៉ាងជិតស្និទកាន់តែល្អប្រសើរជាលំដាប់រវាងប្រទេសកម្ពុជា និងប្រទេសចិន និងជាពិសេសរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។
លោកនាយករដ្ឋមន្រ្តីចិន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យដល់កម្រិតខ្ពស់មួយថែមទៀត។ ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយ និងសូមថ្លែងអំណរគុណ ដែលបានទទួលស្គាល់ពីមិត្តចិនថា ជាមិត្តចាស់ ដែលប្រកបដោយទំនុកចិត្តគ្នាទៅវិញទៅមក។
នៅក្នុងជំនួបនេះដែរ ដោយកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅរាជធានីភ្នំពេញនាខែមករា ឆ្នាំ២០១៨ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញលោកនាយករដ្ឋមន្រ្តី លី កឺជាង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងខួបអនុស្សាវរីយ៍ទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ជាការឆ្លើយតបលោក លី កឺជាង បានទទួលការអញ្ជើញរបស់សម្តេចតេជោ ដោយរីករាយ និងសន្យារួមចំណែក ធ្វើឱ្យកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងបានទទួលជោគជ័យ។
នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការជំរុញការអនុវត្តគម្រោងការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ ព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ភាគីចិនបានសន្យាថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការជួយជំរុញឱ្យការកសាងផ្លូវល្បឿនលឿននេះ បានសម្រចទៅយ៉ាងឆាប់រហ័ស ដើម្បីចូលរួមវិភាគទានជំរុញកំណើនសេដ្ឋកិច្ច និងលើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ទន្ទឹមនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដែលជាមរតកនៃសង្រ្គាមរាំរ៉ៃនៅកម្ពុជារាប់ទស្សវត្សកន្លងទៅ។ ភាគីមិត្តចិនបានជម្រាបជូនសម្តេចតេជោថា ការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពមួយរបស់រដ្ឋាភិបាលចិន ក្នុងការជួយប្រទេសនានាដែលកំពុងជួបប្រទះ នូវបញ្ហានេះ។ ក្នុងបរិការនេះមិត្តចិនសន្យាថា នឹងជួយឱ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឱ្យបានឆាប់រហ័ស និងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃ ប្រទេសទាំងពីរធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែង និងដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យ និងសម្រេចឱ្យបានមុនពេលទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីចិន នៅកម្ពុជានាពេលខ្លីខាងមុខ។
មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី លី កឺជាង បានបញ្ជាក់សារជាថ្មី នូវការគាំទ្រ និងជួយដល់កម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា៕