FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ ដល់វីរកីឡាការិនី ស៊ន សៀវម៉ី ដើម្បីយកទៅព្យាបាលជង្គង់ ដែលត្រូវវះកាត់នៅសាធារណរដ្ឋកូរ៉េនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ស៊ន អេលីត បងប្រុសបង្កើតរបស់ម្ចាស់មេដាយមាសកីឡាស៊ី និងស៊ីហ្គេមខាងលើ។
លោក ស៊ន អេលីត បានសរសេរសារថ្លែងអំណរគុណសម្ដេចទាំងទ្វេរ នាព្រលប់ថ្ងៃទី២៧ ខែតុលានេះថា «ក្នុងនាមខ្ញុំបាទជាបងប្រុសបង្កើតកីឡាការិនី ស៊ន សៀវម៉ី សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ឋបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខកីឡាករ កីឡាការិនីគ្រប់រូប។ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពដឹងគុណសម្តេចទាំងទ្វេរ ដោយស្មោះដោយបានឧបត្ថមទឹកប្រាក់ចំនួន ១០,០០០ដុល្លារដល់ការព្យាបាលជង្គង់របស់កីឡាការិនី ស៊ន សៀវម៉ី»។
សូមបញ្ជាក់ថា កាលពីម្សិលមិញសារព័ត៌មាន Fresh News ទើបបានផ្សាយព័ត៌មាន អំពីការត្អូញត្អែររបស់បងប្រុសកីឡាការិនី ស៊ន សៀវម៉ី ជុំវិញកង្វះខាតថវិកា សម្រាប់ធ្វើការវះកាត់ព្យាបាលជង្គង់របស់នាង ដោយលោក អេលីត បានសរសេរថា «ពេលខ្លះខ្ញុំមិនចង់និយាយទេ តែអាណិតប្អូនស្រីពេក ខំប្រឹងតស៊ូ ដើម្បីមុខមាត់ជាតិ ឡើងប្រកួតទាំងជើងដាច់សរសៃ ដើម្បីយកមេដាយជូនជាតិ តែពេលគ្នាចង់វះជង្គង់ត្រូវ ចេញលុយដោយខ្លូនឯង។ ចេញប្រកួតស៊ីហ្គេម ថាយកលុយមកព្យាបាលជើង តែឥឡូវលុយមេដាយអត់ទាន់បើក ហើយត្រូវចេញទៅព្យាបាលនៅប្រទេសកូរ៉េនៅប៉ុន្មានថ្ងៃទៀតនេះ។ ពេលប្រកួតយើងចាញ់គេ ថាយើងវៃមិនកើត ពេលយើងវៃឈ្នះគេក៏សប្បាយចិត្តទៅ តែពេលមានបញ្ហាដោះស្រាយដោយខ្លួនឯង»៕