FN ៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងប្ដឹងលោក លឺ ឡាយស្រេង ដែលនិយាយបានប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រ នរោត្តម សីហមុនី ទៅជាមាន់គ្រៀវ ដែលនេះធ្វើឲ្យសម្ដេចមិនអាចទទួលយកបាននោះទេ។
ទន្ទឹមនឹងការប្រកាសប្ដឹងរឿងប្រមាថព្រះជេស្ដារ ព្រះមហាក្សត្រនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចក៏នឹងប្ដឹងមួយករណីទៀត ដែលលោក លឺ ឡាយស្រេង បាននិយាយបរិហាកេរ្ដិ៍សម្ដេចថា ឲ្យមន្ដ្រីគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ។
ប្រសាសន៍ខ្លាំងខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងឱកាសបន្តជួបសំណេះសំណាល ជាមួយតំណាងកម្មករ ដែលជាប្រធានក្រុម ប្រធានផ្នែក រដ្ឋបាល និងជំនួយការសរុបប្រមាណ ៤,០០០នាក់ មកពីរោងចក្រចំនួន១១ ដែលកិច្ចសំណេះសំណាលនេះ ធ្វើនៅសាលមហោស្រពកោះពេជ្រ។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ដំបូងខ្ញុំចង់និយាយពីលោក លឺ ឡាយស្រេង បន្ដិចឯកឧត្តម ហួសហេតុពេកហើយ ការប្រមាថចំពោះព្រះមហាក្សត្រ ប្រៀបព្រះអង្គទៅជាមាន់គ្រៀង គឺជារឿងធ្ងន់ធ្ងរពេកហើយ ជាការប្រមាថធ្ងន់ធ្ងរណាស់ លោកជំទាវ គី លំអង មិនបាច់ព្រួយទេ គឺ លឺ ឡាយស្រេង […] ខ្ញុំក៏កំពុងពិនិត្យថាតើប្ដឹង ឬមិនប្ដឹង ប៉ុន្ដែលទ្ធភាពភាគច្រើនខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង ដោយបានចោទខ្ញុំថាបានគណបក្សហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារ ចឹងក្រៅពីសម្ដេចក្រុមព្រះប្ដឹង ខ្ញុំនូវមានលទ្ធភាពប្ដឹង លឺ ឡាយស្រេង […] ចឹងសូមមេធាវីរបស់ខ្ញុំរៀបចំពិនិត្យមើល ខ្ញុំនឹងប្ដឹង លឺ ឡាយស្រេង»។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ផងដែរថា សំណុំរឿងមួយនេះ សំលេងមានច្បាស់ណាស់ ហើយលោក លឺ ឡាយស្រេង បានទទួលស្គាល់រួចហើយ នូវសំលេងរបស់ខ្លួនថាជាកំហុស ហើយលោក លឺ ឡាយស្រេង អ្នកដែលនាំអាថប្រមាថព្រះមហាក្សត្រ ប្រមាថសម្ដេចក្រុមព្រះ ហើយរាលដាលមកដល់សម្ដេច។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីប្រវត្តិការងាររបស់លោក លឺ ឡាយស្រេង ដែលការក្រោមបង្គាប់របស់សម្ដេច ពោលគឺជាអ្នកដែលមានជម្លោះដីធ្លីមុនគេ រំលោភដីធ្លីមុនគេ នៅខេត្តបន្ទាយមានជ័យ ហើយពេលនោះ លោក លឺ ឡាយស្រេង ធ្វើជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងរដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ Facebook ឈ្មោះ សីហា ដែលតែងទម្លាយរឿងអាស្រួវរបស់អ្នកនយោបាយនៅកម្ពុជា បានទម្លាយនូវសំលេងឆ្លើយឆ្លងគ្នារវាងលោក លឺ ឡាយស្រេង អតីតមន្ដ្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច បានប្រើពាក្យសម្ដីជេរប្រមាថព្រះជេស្ដាព្រះមហាក្សត្រ នរោត្តម សីហមុនី។
ភ្លាមៗបន្ទាប់ពីសម្លេងសន្ទនា ប្រមាថព្រះចេស្តាដ៏ធ្ងន់ធ្ងរជាទីបំផុត ចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបែកធ្លាយ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម នឹងដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ និងជេរប្រមាថសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ៕