FN ៖ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅសាលមហោស្រពសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមកពីគណបក្សប្រឆាំងមួយនេះ មិនមានការដកហូតតំណែងនោះឡើយ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានប៉ះពាល់ទេ ដោយសារអី? ដោយសារតែប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សុទ្ធតែបានលាលែងចេញពីគណបក្សនយោបាយរួចទៅហើយ។ អ៊ីចឹងទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អត់មានផលប៉ះពាល់ទេ ព្រោះគេបានលាចេញពីបក្សហើយ»។
តែទោះជាយ៉ាងណា សម្ដេចតេជោបានបញ្ជាក់ថា ចំពោះសមាជិកព្រឹទ្ធសភា បច្ចុប្បន្នគ្មានឱកាសឈរឈ្មោះជាសមាជិកព្រឹទ្ធសភាតទៅទៀតឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវរំលាយមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ខាងមុខ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានបង្កើតឡើងដោយយោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៩៧។
ចាប់ពីឆ្នាំ១៩៩៨-២០០២ គ.ជ.ប មានសមាជិកចំនួន ១១រូប មានសមាសភាពជាឥស្សរជនខ្មែរ តំណាងប្រជាពលរដ្ឋ តំណាងគណបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភា តំណាងក្រសួងមហាផ្ទៃ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី២ ឆ្នាំ១៩៩៨ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី១ ឆ្នាំ២០០២។
ចាប់ពីឆ្នាំ២០០២-២០០៦ គ.ជ.ប មានសមាជិក-សមាជិកាចំនួន ៥រូប ដែលបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៣ ឆ្នាំ២០០៣ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតីកាលទី២ ឆ្នាំ២០០៦។
ចាប់ពីឆ្នាំ២០០៦-២០១៥ គ.ជ.ប មានសមាជិក-សមាជិកាចំនួន ៩រូប ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី២ ឆ្នាំ២០០៧។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៤ ឆ្នាំ២០០៨ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី១ ឆ្នាំ២០០៩។
ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន គ.ជ.ប មានសមាជិក-សមាជិកាចំនួន ៩រូប ទទួលបានអាណត្តិការងាររយៈពេល៥ឆ្នាំ ក្នុងនោះសមាសភាព៤រូប ជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល, ៤រូប ជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានអាសនៈក្នុងរដ្ឋសភា តែមិនបានចូលរួមក្នុងរាជរដ្ឋាភិបាល និង១រូបទៀត ជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា។
សមាជិករបស់ គ.ជ.ប ដែលមានកូតាមកពីគណបក្សសង្គ្រោះជាតិមានចំនួន ៤រូបនោះ រួមមាន៖ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប លោក រ៉ុង ឈុន លោក ហ៊ីង ធីរិទ្ធ និងលោកស្រី តែ ម៉ានីរ៉ុង ជាសមាជិក គ.ជ.ប។
គួរបញ្ជាក់ថា ក្រោយពីគណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជ របស់លោក ពេជ្រ ស្រស់ បានប្ដឹងទៅក្រសួងមហាផ្ទៃ ដែលជាអាណាព្យាបាលលើគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិរួចមក ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹងប្ដឹងរំលាយគណបក្សប្រឆាំងមួយនេះបន្តទៅតុលាការកំពូល ហើយខណៈនេះ តុលាការកំពូលក៏កំពុងដំណើរការនីតិវិធីលើពាក្យបណ្ដឹងនោះផងដែរ។
មូលហេតុដែលនាំទៅដល់ការដាក់ពាក្យបណ្ដឹង សុំរំលាយគណបក្សសង្គ្រោះជាតិបែបនេះ ដោយសារមានការបែបធ្លាយសារសំឡេងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិយាយពីផែនការយុទ្ធសាស្ត្រធ្វើបដិវត្តពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីឆ្នាំ២០១៣ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នង៕