FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការចេះដឹងណាមួយ អាចចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដូចការផ្តល់ឈាមនោះទេ។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតសាកលវិទ្យាល័យ CUS ដែលទើបបញ្ចប់ការសិក្សាគឺត្រូវប្រឹងប្រែងរៀនសូត្របន្តទៀត។
* សម្តេចតេជោ បន្តថា កម្ពុជា ដែលពីអតីតកាលគេមើលឃើញថា ជាទីតាំងសមរភូមិ និងទីតាំងប្រយុទ្ធ បានក្លាយជាទីតាំងសន្តិភាព, កម្ពុជាដែលពីមុនញាំញី ដោយភាពក្រីក្រ បានប្រឹងប្រែងកាត់បន្ថយភាពក្រីក្របានយ៉ាងលឿន, កម្ពុជា ដែលពីមុនមានប្រាក់ចំណូលទៀប បានក្លាយខ្លួនជាប្រទេសមានចំណូលកម្រិត មធ្យមកម្រិតទៀប ហើយមានមហិច្ឆតាឈានទៅសម្រេចគោលដៅឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ដើម្បីសម្រេចមហិច្ឆតាក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍បាន គឺទាមទារឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ជាពិសេសគឺពង្រឹងធនធានចំណេះដឹងរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០១៧នេះ គឺជាខួបទី៣០ឆ្នាំ ដែលកម្ពុជាបានដាក់ចេញគោលនយោបាយអាទិភាពទាំង៤ (ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស) សម្រាប់អភិវឌ្ឍន៍កម្ពុជា។ សម្តេចតេជោ បន្តថា គោលនយោបាយអាទិភាពទាំង៤នេះ នៅតែមានប្រសិទ្ធភាពខ្ពស់សម្រាប់ការ អនុវត្តន៍ទៅ៣០ឆ្នាំខាងមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទិញយកស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ មកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដោយមិនគិតថ្លៃ ដោយសារតែមើលឃើញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវចំណាយថវិការាប់លានដុល្លារ ដើម្បីទិញស្ពាន និងផ្លូវមួយខ្សែនេះជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំប្រទេសខ្លះពេលមិនទាន់ឡើងកាន់អំណាចបានសន្យាជ្រុល ហើយពេលឡើងកាន់អំណាចបែរជាធ្វើមិនបាន។ សម្តេចនាយករដ្ឋមន្រ្តី បានសំដៅដល់មេដឹកនាំប្រទេសមីយ៉ាន់ម៉ា ដែលមិនទាន់ឡើងកាន់អំណាចនឹងបញ្ឈប់មិនឲ្យមានការរើសអើងជាតិសាសន៍ តែទីបំផុតធ្វើមិនបាន ហើយបង្កឲ្យមានការផ្ទុះអាវុធកើតមានជាថ្មី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសន្យាដោយមិនបានគិតពីលទ្ធផល គឺជារឿងមួយដ៏គ្រោះថ្នាក់។
* សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចមានមោទនភាព ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍កម្ពុជាឡើងវិញ។ សម្តេចប្រមុខរាជរដ្ឋាភិបាល សម្តេចជាមេដឹកនាំរួមទាំងសុខ និងទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយនឹងអ្វីដែលកើតមានចំពោះកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោបន្តថា បើទោះបីមានបញ្ហាខ្លះនៅសេសសល់ ប៉ុន្តែគ្មានប្រទេសណាមួយអាចចៀសផុតពីបញ្ហានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាជម្លោះកំពុងកើតមាននៅតំបន់ និងនៅលើពិភពលោក គឺសុទ្ធតែជារឿងដែលតម្រូវឲ្យកម្ពុជាយកចិត្តទុកដាក់។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីដែលជាមន្រ្តីរាជការស៊ីវិល ស្រ្តីដែលជានគរបាល ស្រ្តីដែលជាកងទ័ព នឹងទទួលបានប្រាក់៨០ម៉ឺន សម្រាប់ការឆ្លងទន្លេបានកូនមួយ, កូនភ្លោះពីរទទួលបាន១,៦០លានរៀល, កូនភ្លោះបីទទួលបាន ២,៤លានរៀល។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ព មានសរុបប្រមាណ៩ម៉ឺននាក់។ តែក្នុងនោះស្រ្តីមាន លទ្ធភាពមានកូនមានប្រមាណតែ ១០,៨៤៤នាក់ ដែលក្នុងនោះមន្រ្តីរាជការស៊ីវិល មាន ១០,៣៦០នាក់ នគរបាលមានចំនួន ១៩៤ និងកងទ័ពមានចំនួន ២៥០នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំ២០១៨តទៅ ការឧបត្ថម្ភសម្រាប់ស្រ្តីឆ្លងទន្លេផ្នែកកម្មករ និយោជិតត្រូវចំណាយប្រមាណ ១០លានដុល្លារ និងសម្រាប់ស្រ្តីជាមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធមានប្រមាណ២លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចអាចនឹងមានចៅលើសពី២០ ព្រោះកូនៗរបស់សម្តេចកំពុងចង់បានខ្លះទៀត ហើយសម្តេចក៏លើកទឹកចិត្តផងដែរ។ សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា កាលពីជាង ៤០ឆ្នាំមុនជាមនុស្សឯកោ និងកម្សត់ម្នាក់នៅលើសមរភូមិ និងឆ្លងកាត់ឧបសគ្គជាច្រើន តែពេលនេះបានក្លាយទៅជាគ្រួសារមួយដ៏ធំ។