FN ៖ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នា២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ១ម៉ឺននាក់ នៅតំបន់កំបូល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការរីករាយ និងអរគុណដល់បងប្អូនកម្មករ កម្មការិនី ដែលតែងតែព្យាយាមថតរូបអនុស្សាវរីយ៍ជាមួយ គ្រប់ជំនួបទាំងអស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងមួយជីវិតរបស់សម្តេច ក្រៅពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ហើយនោះ គឺសម្តេចតែងរស់នៅ ជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសក្នុងដំណាក់កាលប្រជាពលរដ្ឋមានទុក្ខលំបាក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថា សមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងជីដូនជីតា ឪពុកម្តាយ របស់កម្មករ នឹងបន្តរក្សាបាន ហើយឈានទៅសម្រេចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបកម្មករ កម្មការិនីនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងពេលកម្ពុជាកំពុងអនុវត្តន៍នយោបាយជំរុញវិស័យឧស្សាហកម្ម។
* សម្តេចតេជោ បានលើកទឹកចិត្តដល់ក្រសួងការងារ និងអ្នកពាក់ព័ន្ធឲ្យចូលរួមដោះស្រាយបញ្ហានានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ និងបរិយាកាសល្អក្នុងវិស័យការងារ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកពីគម្រោងអគារខ្ពស់ជាងគេរបស់ក្រុមហ៊ុនថៃប៉ុនរ៉ុង ហាក់មានសភាពស្ងប់ស្ងាត់។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់កម្មករ និយោជិតផងដែរ ពីទុក្ខលំបាករបស់កម្ពុជាកាលពីអតីតកាលដោយសារការបែកបាក់ក្នុងសង្គមខ្មែរ និងភ្លើងសង្រ្គាម។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាមានផលលំបាកច្រើនណាស់ទម្រាំស្រោចស្រង់ប្រទេសឈានមករកស្ថានភាពដូចពេលបច្ចុប្បន្ន។
* សម្តេចបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរតែងឃើញវត្តមានសម្តេចនៅគ្រប់ដំណាក់កាលទាំងអស់ រួមមានដំណាក់បញ្ចប់សង្រ្គាម ដំណាក់កាលចរចារកសន្តិភាព ដំណាក់កាលជំរុញការអភិវឌ្ឍន៍កសិកម្មជាដើម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់សុទ្ធតែប្រកួតប្រជែងគ្នាឯង ដើម្បីនាំចូលទៅកាន់ប្រទេសអភិវឌ្ឍន៍ តែប្រទេសអភិវឌ្ឍន៍នាំចូលទំនិញទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍មិនមានការប្រកួតប្រជែងគ្នានោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនរង់ចាំប្រើ iPhone X នោះទេ។ ការមិនរង់ចាំនេះដោយសារតែមូលហេតុនៃការលំបាកផ្ទេរទិន្នន័យ ពីទូរស័ព្ទចាស់ដែលសម្តេចកំពុងប្រើនាពេលបច្ចុប្បន្ន។
* ស្របពេលដែលគ្រប់ភាគីកំពុងចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨នោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ប្រាក់ឈ្នួលនោះមិនទាបជាង ១៦០ដុល្លារនោះឡើយ ពោលគឺស្ថិតនៅចន្លោះ ១៦០ ទៅ ១៧០ដុល្លារ។ តែសម្តេចក៏បានអំពាវនាវមិនត្រូវទាមទារខ្ពស់ពេកទេ ព្រោះអាចធ្វើឲ្យរោងចក្រជួបបញ្ហា។
* TOP NEWS: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិកសុំមានការប្រុងប្រយ័ត្ន អំពីសុវត្ថិភាព ក្រោយពីមានករណីបាញ់ប្រហារសម្លាប់មនុស្ស៥៩នាក់ និងរបួសជាង៥០០នាក់ នៅ ឡាវេហ្គាស
* សម្តេចតេជោ ហ៊ុន សែន បានហៅការបាញ់ប្រហារនៅទីក្រុងឡាវេហ្គាស ហាក់ជាដូចជាការចំអកឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យពលរដ្ឋខ្លួននៅកម្ពុជា មានការប្រុងប្រយ័ត្នពីសុវត្ថិភាពកាលពីមុនពេលបុណ្យភ្ជុំបិណ្ឌ តែទីបំផុតរឿងរ៉ាវនោះមិនបានកើតនៅកម្ពុជា បែជាបានកើតនៅអាមេរិកទៅវិញ។ តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្កោលទោសចំពោះការបាញ់ប្រហារដ៏ឃោរឃៅនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនី ព្រមទាំងប្រជាពលរដ្ឋថា អ្វីៗដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺកើតចេញពីបាតដៃរបស់ គណបក្សប្រជាជនកម្ពុជា ហើយសម្តេចក៏មានមោទនភាពផងដែរ ដែលបានរួមចំណែករំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមបក្សប្រឆាំងមិនបានធ្វើអ្វីសម្រាប់កម្មករ កម្មការិនីនោះឡើយ។ ពួកគេបានត្រឹមរាំងខ្ទប់មិនឲ្យ អ្នកវិនិយោគបរទេសមករកស៊ីនៅកម្ពុជា ហើយតែងប្រើនយោបាយ «ដុតឲ្យខ្លោច រោចឲ្យឆៅ»។
* សម្តេចតេជោ ហ៊ុន សែន បានហៅការធ្វើបាតុកម្មដឹកនាំដោយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ មិនមែនជាបាតុកម្មដើម្បីទាមទារប្រាក់ខែជូនកម្មករ និយោជិតនោះទេ តែជាបាតុកម្មដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។
* សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា កម្ពុជា និយោជិត និងនិយោជក គឺជារូបកាយមួយដែលមិនអាចខ្វះគ្នាបាន ដូច្នេះត្រូវតែយោគយល់គ្នាទៅវិញទៅមក និងដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរក្សាការងារដែលកំពុងមាន។
* សម្តេចតេជោ ហ៊ុន សែន មិនត្រូវអនុញ្ញាតឲ្យមានក្រុមបងធំធ្វើកូដកម្មនៅតាមរោងចក្រសហគ្រាសនោះទេ។ ពោលអ្នកធ្វើកូដកម្មមិនត្រូវទៅ ចាប់បង្ខំអ្នកដែលកំពុងធ្វើការងារ។
* សម្តេចនាយករដ្ឋមន្រ្តី គាំទ្រឲ្យមានការប្រឡងបវរកញ្ញាក្នុងវិស័យវេយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ ០១ ឧសភា មិនហាមឃាត់ការសម្តែងមតិនានានោះទេ ប៉ុន្តែក៏មិនត្រូវទៅបង្ខំអ្នកដទៃដែលគេមិនចង់ចូលរួមនោះដែរ។
* សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការស្វែងរកការងារជូនប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានទៅកាន់កម្មករ កម្មការិនី កុំឲ្យរំពឹងលើបាតដៃបក្សប្រឆាំង ព្រោះពួកគេមិនបានធ្វើអ្វីក្រៅតែពីការបំផ្លាញនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនាពេលបច្ចុប្បន្ន ព្រោះបើគ្មានសុខសន្តិភាពគ្មាន ការអភិវឌ្ឍន៍នោះឡើយ។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានរំលឹកថា សុខសន្តិភាពរបស់កម្ពុជា ធ្លាប់បានបំផ្លាញដោយក្រុមក្បត់ជាតិរួមមាន លន់ នល់ សិរីមរតៈ និងចេងហេង ដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិក។
* បើទោះបីមេឃកំពុងធ្លាក់ភ្លៀង សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តថ្លែងសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ទាំងមេឃកំពុងធ្លាក់ភ្លៀង។
* សម្តេចតេជោ ហ៊ុន សែន បានបន្តលើកអំពីអត្ថប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនី ដែលទទួលបានរួមមាន៖ ការតម្លើងប្រាក់ខែ ការអនុញ្ញាតឲ្យចេញពីធ្វើការមុន១៥នាទីសម្រាប់ស្រ្តីមានផ្ទៃពោះ, ទទួលបានប្រាក់សោធនិវត្តន៍, ទទួលបានការជិះរថយន្តក្រុងដោយឥតគិតថ្លៃ…។ល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេចក្តីត្រូវការរបស់មនុស្សនៅលើលោកនេះមិនចេះចប់នោះទេ អ្នកមាននៅលើពិភពលោកនៅតែត្រូវការចំណូលបន្ថែម ដូច្នេះការដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត មិនត្រូវបញ្ចប់នោះឡើយ។