FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់លោក Mian Raza Rabbani ប្រធានព្រឹទ្ធសភាប្រទេសប៉ាគីស្ថានថា ចង់ឃើញទំនាក់ទំនង និងកិច្ចសហការរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែល្អប្រសើរលើគ្រប់វិស័យ។
ការថ្លែងបង្ហាញពីការចង់ឃើញកម្ពុជា និងប៉ាគីស្ថានមានទំនាក់ទំនង និងកិច្ចសហការកាន់តែល្អប្រសើរនេះ បានធ្វើឡើងក្នុងពេលសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជួបសំណេះសំណាលប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រធានព្រឹទ្ធសភាប៉ាគីស្ថានថា ចង់ឃើញទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគព្រមទាំងវិស័យផ្សេងៗទៀតរីកចម្រើនធំឡើង ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។
ក្នុងកិច្ចសន្ទនានោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រប្រទេសប៉ាគីស្ថាន ដើម្បីចូលជាដៃគូរសន្ទនាពេញលេញជាមួយអាស៊ាន ដោយកន្លងមកនេះប្រទេសប៉ាគីស្ថាន បានក្លាយជាដៃគូ តាមវិស័យមួយចំនួនរបស់អាស៊ានប៉ុណ្ណោះ។
លោក Mian Raza Rabbani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប៉ាគីស្ថាន និងអរគុណសម្ដេច ដែលបានគាំទ្រ និងជួយជម្រុញប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានព្រឹទ្ឋសភាប៉ាគីស្ថាន ក៏បានពិភាក្សាគ្នាលើបញ្ហា និងសភាពការណ៍ក្នុងតំបន់ ជាពិសេសការប្រយុទ្ធប្រឆាំងភេរវកម្មនៅលើពិភពលោក។
សូមរំលឹកថា នៅក្នុងទំនាក់ទំនងទ្វេភាគីកន្លងមកនេះ គឺប៉ាគីស្ថានបានជួយបណ្ដុះបណ្ដាល កសាងធនធានសមត្ថភាព មន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ លើផ្នែកការទូត ហើយប៉ាគីស្ថានសង្ឃឹមថា នឹងបន្តការងារនេះតទៅទៀត។
លោកប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា សាកលវិទ្យាល័យប៉ាគីស្ថាន គឺបើកទ្វារចំហរសវគមន៍និស្សិតកម្ពុជា ដែលមានបំណងចង់ទៅសិក្សានៅទីនោះ។
មុននឹងបញ្ចប់ការពិភាក្សា លោកប្រធានព្រឹទ្ធសភា បានគោរពអញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ទៅបំពេញទស្សនៈកិច្ចនៅប៉ាគីស្ថាន ក្នុងពេលវេលាសមស្របណាមួយ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណប្រទេសប៉ាគីស្ថាន ដែលបានគាំទ្រកម្ពុជាទាំងមុនបានឯករាជ្យ ពីបារាំងកាលពីឆ្នាំ១៩៥៣ ហើយបានបន្តគាំទ្រ និងជួយបណ្តុះបណ្តាលធនធានមនុស្ស របស់កម្ពុជាទៀតផង៕