FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Pornpetch Wichitcholchai ប្រធានសភាថៃ។
យោងតាម Facebook របស់សម្តេចតេជោ ក្នុងជំនួបនោះ លោក Pornpetch Wichitcholchai បានលើកឡើងថា ប្រវត្តិសាស្ត្ររបស់កម្ពុជា និងថៃ មានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះ គឺជាទំនាក់ទំនងដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែរឹងមាំថែមទៀត។
លោកបន្តថា នៅពេលនេះប្រទេសទាំងពីរកំពុងតែពង្រឹង និងពង្រីនូវការតភ្ជាប់គ្នាទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនងការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ដោយឡែកសភាទាំងពីរ របស់កម្ពុជា និងថៃ គឺមានទំនាក់ទំនងផ្សារភ្ជាប់ស្អិតគ្នារមួត ហើយធ្វើការទៅមករកគ្នា ជាប្រចាំរាល់កិច្ចប្រជុំទាំងឡាយ លើឆាកអន្តរជាតិសភានៃប្រទេសទាំងពីរ តែងតែធ្វើការពិភាក្សាគ្នា ដែលនេះគឺបានឆ្លុះបញ្ចាំងទាំងទំនាក់ទំនង ទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោក Pornpetch Wichitcholchai អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។
សម្តេចតេជោ មានមោទនភាព និងមានជំនឿជឿជាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហប្រតិបត្តិការ នឹងមានការរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត។ តាមរយៈដំណើរទស្សនកិច្ចរបស់ លោក ប្រាយុទ្ធ ចាន់អូចា កន្លងមកនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវទំនាក់ទំនង សហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ ហើយក៏បានឆ្លុះបញ្ចាំងពីជោគជ័យនៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរដែលកាលពីឆ្នាំ២០១៥ គឺទំហំពាណិជ្ជកម្មមានត្រឹមតែ៤,៣០០លានដុល្លារតែប៉ុណ្ណោះ តែឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្មបានកើនឡើងជាង៥,០០០លានដុល្លារ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ដោយឡែកទេសចរណ៍កម្ពុជាទៅកាន់ប្រទេសថៃ ក៏មានការកើនឡើងផងដែរ ហើយការរីកចម្រើនក៏បានឆ្លុះបញ្ចាំងឲ្យឃើញ នូវការរៀបចំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រចំពោះ ការទំនាក់ទំនងគ្នាទៅវិញទៅមក រវាងសភានៃប្រទេសទាំងពីរ ហើយរដ្ឋាភិបាលក៏ដូច្នេះដែរ គឺមានការប្រាស្រ័យទាក់ទងគ្នា និងដោះស្រាយរាល់បញ្ហានានាបានល្អ។
សម្តេចតេជោ ក៏បានស្នើសុំឲ្យបន្តនូវអ្វីដែលបានធ្វើកន្លងមកនេះ ដែលជាផែនទីចង្អុលផ្លូវដូចមានចែង ក្នុងផែនការណ៍រួមនៃកិច្ច ប្រជុំគណៈរដ្ឋមន្ត្រីរួមកាលពីពេលថ្មីៗ កន្លងមកនេះផងដែរ៕